​ទ្រព្យសម្បត្តិ​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​៩​ជាន់​រង​ការដុត​បំផ្លាញ​ដោយសារ​ជម្លោះ​គ្រួសារ​

254

​ដោយៈ​បូកគោ​/​កំ​ពតៈ​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ​ដ៏​សន្ធឹកសន្ធាប់​ស្ថិតក្នុង​បរិវេណ​រមណីយដ្ឋាន​ទឹកធ្លាក់​ប្រាំបួន​ជាន់​នា​ភូមិ​តេ​ជោ​អន្លង់​ក្មេង​លេង​ឃុំ​តេ​ជោ​អភិវឌ្ឍន៍​ស្រុក​ឈូក​រង​ការដុត​បំផ្លាញ​កាលពី​យប់​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៨​។​សមត្ថកិច្ច​ដាក់​ការសង្ស័យ​លើ​ករណី​ជម្លោះ​គ្រួសារ​ព្រោះតែ​រឿង​ប្តី​មាន​ស្រី​ខាងក្រៅ​ដែល​បានអូសបន្លាយ​ជា​យូរ​មកហើយ​។​

​លោក​អនុសេនីយ៍ឯក​ម៉ៅ​ម៉ា​រ៉ា​ឌី​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​តេ​ជោ​អភិវឌ្ឍន៍​បាន​ប្រាប់​ឱ្យដឹងថា​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៨​ក្នុង​បរិវេណ​រមណីយដ្ឋាន​ទឹកធ្លាក់​ប្រាំបួន​ជាន់​មាន​ករណី​ដុតបំផ្លាញ​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​សន្ធឹកសន្ធាប់​។ មហន្តរាយ​នេះ​បាន​ខូចខាត​វិឡា​ភ្លោះ​មួយ ខ្យូ​ស​ទទួលភ្ញៀវ​២៥​ខ្នង បឹង​ហ្កា​ឡូ​ប្រាំបី​ខ្នង ផ្ទះបាយ​ពីរ និង​គ្រឿង​សិ​ង្ហា​រឹម​មួយចំនួនទៀត​។

​លោកនាយ​ប៉ុស្តិ៍​បាន​បន្តថា​ពេល​កើតហេតុ​នោះ​មិនអាច​អ្នកណា​ចូល​បានទេ​ដោយ​ទ្វាររបង​ត្រូវបាន​បិទ​ចាក់សោ​ជិត​ហើយ​មាន​ការបាញ់​ដោយ​កាំភ្លើង​កា​៥៩​ចំនួន​បួន​គ្រាប់​ទៀតផង​។​ក្រោយ​កើតហេតុ​ស្ត្រី​ជា​ម្ចាស់​រមណីយដ្ឋាន​បានដាក់​ពាក្យបណ្តឹង​ទៅ​កងរាជអាវុធហត្ថ​ទើប​មាន​ការចុះ​ត្រួត​ព​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​នា​ថ្ងៃទី​៦​ខែធ្នូ​នេះ​។​សមត្ថកិច្ច​បានដាក់​ការសង្ស័យថា​ករណីនេះ​កើតឡើង​ដោយសារ​ម្ចាស់​ជា​អ្នក​ដុត​ព្រោះតែ​រឿងរ៉ាវ​ជម្លោះ​ក្នុង​គ្រួសារ​ដែល​អូសបន្លាយ​ជា​យូរ​មកហើយ​។​

​សូមបញ្ជាក់ថា​រមណីយ​ដ្ឋា​ន​ទឹកធ្លាក់​ប្រាំបួន​ជាន់​ជា​របស់លោក​វរ​សេនី​ឯក​អាំ​ផល្លី​ន​បម្រើការ​ខាង​រដ្ឋបាល​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ​និង​អ្នកស្រី​ហ៊ាង​គ​ន្ធី​ដែល​បាន​ដំណើរការ​ជា​លក្ខណៈ​អេកូ​ទេសចរណ៍​ជា​យូរ​មកហើយ​ថែមទាំង​មានការ​ទាក់ទាញ​ភ្ញៀវ​ទៀតផង​។​ក្រៅពី​មាន​វិវាទ​ក្នុង​គ្រួសារ​លោក​អាំ​ផល្លី​ន​និង​ភរិយា​ក៏បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្លបខ្លាច​លើ​បញ្ហាដីធ្លី​ផងដែរ​៕S/​

​ទ្រព្យសម្បត្តិ​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​៩​ជាន់​រង​ការដុត​បំផ្លាញ​ដោយសារ​ជម្លោះ​គ្រួសារ​