​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រុមហ៊ុនវីសា ធ្វើការ​រួមគ្នា ដើម្បី​លើកកម្ពស់ អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ​

1502
ចែករម្លែក

ភ្នំពេញៈ​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រុមហ៊ុនវីសា( Visa) ដែលជា​ក្រុមហ៊ុន​បច្ចេក វិជ្ជា​ទូទាត់​អន្តរជាតិ នឹងចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ ដើម្បី គាំទ្រ​គំនិត​ផ្តួចផ្តើម​អក្ខរ​ភាព ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​កិច្ចសហការ រយៈពេល ៣ ឆ្នាំនេះ ក្រុមហ៊ុន Visa នឹងធ្វើ​ការគាំទ្រ​ដល់ ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ការផលិត​សៀវភៅ​អក្ខរកម្ម​ហិរញ្ញវត្ថុ ​តោះ​! និយាយ ពី​លុយ​ ចំនួន​៣០.០០០​ក្បាល ដែល​នឹងត្រូវ​ចែកចាយ នៅតាម​សាលារៀន​នានា​។ សកម្ម​ភាពជា​បន្តបន្ទាប់ នឹង​បង្ហាញ​ឲ្យ​ឃើញថា ក្រុមហ៊ុន Visa នឹង​ជួយ​អភិវឌ្ឍន៍​ផែនការអក្ខរកម្ម​ហិរញ្ញវត្ថុ រយៈពេល ៥​ឆ្នាំ សម្រាប់​ប្រទេស​កម្ពុជា កម្មវិធីសិក្សា អំពី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ និងការបណ្តុះបណ្តាល​គ្រូបង្រៀន នៅតាម​សាលារៀន ដើម្បីឱ្យ​ពួកគាត់​អាច​ចែករំលែក ជំនាញ​អក្ខរកម្ម​ហិរញ្ញវត្ថុ ជាមួយ​សិស្ស​របស់ខ្លួន​។​

ធនាគារជាតិ​នៃ​កម្ពុជា​និង ក្រុមហ៊ុន Visa ធ្វើការ​រួមគ្នា​ដើម្បី​លើកកម្ពស់​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ​

​លោក Sean Preston នាយក​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​វៀតណាម, កម្ពុជា និង​ឡាវ​បាន​មានប្រសាសន៍ថា​​យើងខ្ញុំ​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង ក្នុងការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដែល​ស្តីអំពី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​។ យើងខ្ញុំ​ជឿជាក់ថា ឧបករណ៍​ហិរញ្ញវត្ថុ​ដ៏សំខាន់បំផុត សម្រាប់​អភិវឌ្ឍន៍​បុគ្គល និង​សេដ្ឋកិច្ច​នោះ គឺ​ចំណេះដឹង​។ ដូច្នេះហើយ យើងខ្ញុំ​រីករាយ​នឹង​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​កម្មវិធី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ ដែល​យើងខ្ញុំ​ជឿជាក់ថា កម្មវិធី​នេះ នឹង​ជះឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា នៅ​ទូទាំងប្រទេស​​។

​លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស នៃ​ធនាគារជាតិ នៃ​កម្ពុជា មានប្រសាសន៍ថា ធនាគារជាតិ​នៃ​កម្ពុជា តែងតែ​យកចិត្តទុកដាក់ ចំពោះ​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​កសាង​ប្រព័ន្ធ​ធនាគារ​មួយ ប្រកបដោយ​ចីរភាព​។ អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ គឺជា​ប្រព័ន្ធ​ការពារ​ដំបូង សម្រាប់​អតិថិជន​ហិរញ្ញវត្ថុ ពីព្រោះ​នៅពេលដែល​អតិថិជន អាចធ្វើ​សេចក្តីសម្រេច​ចិត្តបាន​ល្អិតល្អន់​ជាង​មុន​ពួកគាត់​អាច​ការពារ​ខ្លួន​គាត់ ឲ្យ​ជៀស​ផុតពី​ការកេងបន្លំ និង​អាច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​ឲ្យ​ប្រសើរ​ជាង​មុន តាមរយៈ​ការជ្រើសរើស និង​ប្រើប្រាស់​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​។
​លោកស្រី បានឱ្យដឹង​ទៀតថា ការបណ្តុះ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ចំពោះ​កុមារ​ចាប់ពី​អាយុ​តិច គឺជា​វិធីសាស្ត្រ​មួយ​ដែលមាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ឲ្យ​ពួកគេ​មានចំណេះដឹង​ជាមុន និង​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ទទួលបាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ក្នុងពេល​អនាគត​។ ធនាគារជាតិ​នៃ​កម្ពុជា បាន​សហការ​ជាមួយ​ស្ថាប័ន​សាធារណៈ និង​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន ក្នុងការ​អនុវត្ត​គម្រោង​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​។ ការជួយ​គាំទ្រ​របស់​ក្រុមហ៊ុន Visa ចំពោះ​យុទ្ធនាការ ​តោះ​! និយាយ​ពី​លុយ​ និង​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត គឺជា​គន្លឹះ​មួយយ៉ាងសំខាន់ ក្នុងការ​ឆ្ពោះទៅកាន់​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​៕ដោយៈសុផល