​ធនាគារពិភពលោក​!​ឆ្នាំ​២០១៩​កំណើនសេដ្ឋកិច្ច​កម្ពុជា​រក្សាបាន​៧​ភាគរយ​

160
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារពិភពលោក​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៩​បាន​ទស្សន៍ទាយ​ថា​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៩​នឹង​រក្សា​ភាពរឹងមាំ​គឺ​៧​ភាគរយ​។​របាយការណ៍​នេះ​បានឱ្យដឹង​ទៀតថា​វិស័យ​នាំចេញ​នៅ​រឹងមាំ​ប៉ុន្តែ​ស្រុតចុះ​បន្តិច​។​ទន្ទឹមគ្នានេះ​ផ្នែក​សំណង់​នៅតែមាន​សកម្មភាព​មមា​ញឹក​ដដែល​។​

​ចំពោះមុខ​មាន​ហានិភ័យ​មួយចំនួន​រួមទាំង​ភាពមិនប្រាកដប្រជា​ជុំវិញ​លទ្ធភាព​របស់​ក​ម្ពុ​ជា​ក្នុង​ការនាំ​ទំនិញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​«​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែង​គ្រឿង​សព្វាវុធ​»(EBA)​ចូល​ទីផ្សារ​សហភាព​អឺរ៉ុប​ដែល​ស្រូបយក​៤០​ភាគរយ​នៃ​ផលិតផល​នាំចេញ​ពី​កម្ពុជា​។​ការស្រុតចុះ​ដោយ​គំហុក​ណាមួយ​នូវ​សេដ្ឋកិច្ច​របស់​ចិន​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​នឹង​ធ្វើឱ្យ​លទ្ធភាព​កំណើនសេដ្ឋកិច្ច​កម្ពុជា​ទ្រោម​ចុះ​វិញ​នៅពេលដែល​សេដ្ឋកិច្ច​នេះ​ពឹងផ្អែក​ខ្លាំង​លើ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​(FDI)​និង​ភ្ញៀវទេសចរ​ពី​ប្រទេស​ចិន​។​

​ចំណែក​ការនាំចេញ​ទំនិញប្រើប្រាស់​នៅតែ​រក្សា​ភាពរឹងមាំ​ដោយ​បន្ត​ជំរុញឱ្យមាន​កំណើន​លើស​៧​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៨​។​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់​និង​ស្បែកជើង​ដែលមាន​ទំហំ​ជិត​៧០​ភាគរយ​នៃ​បរិមាណ​ទំនិញប្រើប្រាស់​នាំចេញ​ទាំងអស់​កើន​បាន​១៧,៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៨​។​ប៉ុន្តែ​ស្រុតចុះ​បន្តិច​វិញ​មក​នៅត្រឹម​១៥,៣​ភាគរយ​ត្រឹម​ខែមិថុនា​ឆ្នាំ​២០១៩​។​ផ្នែក​សំណង់​នៅតែមាន​សកម្មភាព​មមា​ញឹក​ដែល​បង្ហាញថា​វិស័យនេះ​នៅតែ​ជា​គោលដៅ​សំខាន់​មួយ ទាក់ទាញ​ការវិនិយោគ​។

​តាមរយៈ​នេះ បរិមាណ​នៃ​ការ​នាំចូល​ដែកថែប បាន​កើនឡើង​យ៉ាងខ្លាំង ដល់​ទៅ​៦៣,៥​ភាគរយ (​ឆ្នាំ​/​ឆ្នាំ​)​ពី​២៧,៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៨​។​តម្លៃ​របស់​គម្រោង​វិនិយោគ​ថ្មី​ដែល​ត្រូវបាន​អនុម័ត​រួច​(​តាមរយៈ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​និង​មូលនិធិ​ក្នុងស្រុក​)​មាន​សម្ទុះ​កើន​ក្នុងអំឡុងពេល​ប្រាំ​មួយខែ​ដំបូង​នៃ​ឆ្នាំ​២០១៩​។ ជិត​៤០​ភាគរយ​នៃ​វិនិយោគ​ផ្ទា​ល់ពី​បរទេស ហូរ ចូល​ពី​ប្រទេស​ចិន ។

​វិស័យ​ទេសចរណ៍​នៅ​រក្សា​ភាព​រឹងប៉ឹង​នៅឡើយ​ដោយ​ក្នុងនោះ​ការមកដល់​របស់​ភ្ញៀវ​អន្តរជាតិ​កើន​ដល់​១១,២​ភាគរយ​ត្រឹម​ខែមិថុនា​ឆ្នាំ​២០១៩​ប្រៀបធៀប​ទៅនឹង​១០,៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៨​។​ក្នុងនោះ​ទៀត​ជិត​៤០​ភាគរយ​នៃ​ភ្ញៀវ​អន្តរជាតិ​គឺ​មកពី​ប្រទេស​ចិន​។​ការ​នាំចូល​កើនឡើង​ដោយសារ​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​មាន​ខ្ពស់​។​ការ​នាំចូល​ប្រេងឥន្ធនៈ​និង​យានយន្ត​កើន​៩១​ភាគរយ​និង​១៨,៥​ភាគរយ រៀងៗ​ខ្លួន​។

ការដែល​ស្បៀងអាហារ​និង​ប្រេងឥន្ធនៈ​ងើប​ថ្លៃ​មិន​រួច​បាន​សង្កត់​អតិផរណា​ឱ្យ​កាន់តែ​ធ្លាក់​ដល់​១,៤​ភាគរយ​(​ឆ្នាំ​/​ឆ្នាំ​)​គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៩​ពី​១,៦​ភាគរយ​ក្នុង​ឆ្នាំ​២០១៨​។​ទោះជា​ត្រូវបាន​កំណត់​ថ្លៃ​៤០០០​រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក​ក្តី​ប្រាក់រៀល​បាន​ធ្លាក់​ថ្លៃ​បន្តិច​គឺ​៤.០៨៩​រៀល​ក្នុង​មួយ​ដុល្លារ​ក្នុង​ខែសីហា​ឆ្នាំ​២០១៩​ថោក​ជាង​៤.០១៨​រៀល​ក្នុង​មួយ​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨​ប្រហែលជា​ដោយសារ​មកពី​ការហូរចូល​យឺត​របស់​មូលធន​។​

​របាយការណ៍​របស់​ធ​នាគារ​ពិភពលោក​បាន​លើកឡើងថា​វិស័យ​ហិរញ្ញវត្ថុ​កំពុង​ដើរតួនាទី​កាន់តែ​សំខាន់ នៅក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ ឥណទាន​របស់​ធនាគា​រ​កើន​ខ្ពស់​ដល់​ទៅ​២៨,៣​ភាគរយ (​ឆ្នាំ​/​ឆ្នាំ​)​ក្នុង​ខែមិថុនា​ឆ្នាំ​២០១៩​ពី​២៤,២​ភាគរយ​ក្នុង​ខែធ្នូ​ឆ្នាំ​២០១៨​។​ដោយ​ឆ្លុះ​ឱ្យឃើញ​នូវ​ការស្រុតចុះ​នៃ​រំហូរ​មូលធន ប្រាក់​បញ្ញើ​រូបិយវត្ថុ​បរទេស​ធ្លាក់​មក​នៅត្រឹម ២១,៧​ភាគរយ (​ឆ្នាំ​/​ឆ្នាំ​)​ក្នុង​ខែមិថុនា ឆ្នាំ​២០១៩ ពី​២៥,៨​ភាគរយ ក្នុង​ខែធ្នូ ឆ្នាំ​២០១៨​។​

​យ៉ាងណាក្តី ទុនបម្រុង​អន្តរជាតិ បន្ត​កើន​ដល់​ទៅ ១១,៣​ប៊ី​លាន​ដុល្លារ​អាមេរិក​(​សមមូល​ទៅនឹង​ជាង ៥​ខែ​នៃ​ការនាំចេញ​)​ឬ​ត្រូវជា​២៤,៧​ភាគរយ​(​ឆ្នាំ​/​ឆ្នាំ​)​គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៩​ពី​១០,១​ប៊ី​លាន​ដុល្លារ​អាមេរិក​ឬ​ត្រូវជា​១៥,៨​ភាគរយ​(​ឆ្នាំ​/​ឆ្នាំ​)​នៅ​ចុងឆ្នាំ​២០១៨​។​ផ្នែក​សារពើរ​ពន្ធ​បន្ត​បង្ហាញ​ភាពរឹងមាំ​នៃ​ការប្រមូល​ពន្ធ​ដែលជា​លទ្ធផល​នៃ​ការគ្រប់គ្រង​របស់​គយ​និង​ពន្ធដារ​បាន​កាន់តែ​ប្រសើរ​អមដោយ​សកម្មភាព​ស្វាហាប់​របស់​សេដ្ឋកិច្ច​ផង​។​ចំណូល​សរុប​(​រាប់ទាំង​ជំនួយ​ផង​)​កើន​ដល់​ជាង​២២,៣​ភាគរយ​នៃ​ផ​.​ស​.​ស​ក្នុង​ឆ្នាំ​២០១៨​នឹងត្រូវ​បាន​ប៉ាន់​ទុក​ថា​នឹង​កើន​ដល់​២៣,៥​ភាគរយ​នៃ​ផ​.​ស​.​ស​ក្នុង​ឆ្នាំ​២០១៩​។

ទោះបី​ត្រូវ​រង​សម្ពាធ​ជាង​មុន​ក្តី​ដោយសារ​បញ្ជី​ប្រាក់បៀវត្សរ៍​សាធារណៈ​រីក​កាន់តែ​ធំ​ចំណាយ​របស់​រដ្ឋាភិបាល​ត្រូវបាន​រំពឹងទុក​ថា នឹង​បន្ត​រក្សា​ក្នុង​កម្រិត ២៤,២​ភាគរយ នៃ​ផ​.​ស​.​ស ក្នុង​ឆ្នាំ​២០១៩​។ ដូច្នេះ​បញ្ជី​ទូទាត់​សរុប​ដែល​រីក​ដល់​១,៩​ភាគរយ​នៃ​ផ​.​ស​.​ស​ក្នុង​ឆ្នាំ​២០១៨​ត្រូវបាន​រំពឹងទុក​ថា​នឹង​រួម​មកវិញ មក​នៅត្រឹម​០,៦​ភាគរយ នៃ​ផ​.​ស​.​ស ក្នុង​ឆ្នាំ​២០១៩ ដោយសារតែ​កំណើន​របស់​ចំណូល​។​

​ការនាំចេញ​នឹង​ស្រុតចុះ​បន្តិច​ទន្ទឹមគ្នា​នឹង​ការធ្លាក់ចុះ​នៃ​តម្រូវការ​លើ​សកលលោក​ហើយ​ការវិនិយោគ​ក៏​ថយ​ល្បឿន​ដែរ​ស្រប​ពេលដែល​មិនសូវមាន​មូលធន​ហូរ​ចូល​ដោយសារ​កំណើនសេដ្ឋកិច្ច​របស់​ចិន​នឹង​ថយចុះ​ផង​នោះ​សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​រំពឹងទុក​ថា​នឹង​ថយ​ល្បឿន​បន្តិច​ម្តងៗ​ទៅតាម​ហ្នុ​ង​ដែរ​ក្នុង​រយៈពេល​ខ្លី​និង​មធ្យម​។​

​ដូច្នេះ​កំណើន​ត្រូវបាន​ប៉ាន់ប្រមាណ​ទុក​ថា​នឹង​ថយ​នៅត្រឹម​៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៩​ពី​៧,៥​ភាគរយ​ក្នុង​ឆ្នាំ​២០១៨​។​ការថយចុះ​របស់​ការ​នាំចេញ​នៅពេលដែល​ការនាំ​ចូល​បន្ត​កើន​នឹងធ្វើ​ឱ្យ​ឱនភាព​គណនី​ចរន្ត​ក្នុងប្រទេស​រីក​ទំហំ​ដល់​៩,៨​ភាគរយ​នៃ​ផ​.​ស​.​ស​ក្នុង​ឆ្នាំ​២០១៩​ពី​៩,៤​ភាគរយ​ក្នុង​ឆ្នាំ​២០១៨​ប៉ុន្តែ​ឱនភាព​នេះ​នឹង​ត្រូវបាន​បំពេញ​មកវិញ​ដោយ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស បន្តទៀត​។​

​នៅក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៩​សហភាព​អឺរ៉ុប​ចាប់ផ្តើម​អនុវត្ត​ដំណើរការ​មួយ​ដែល​អាច​នាំទៅដល់​ការដកចេញ​បណ្តោះអាសន្ន ក្នុង​ឆ្នាំ​២០២០ នូវ​លទ្ធភាព​សម្រាប់​ក​ម្ពុ​ជា ក្នុង​ការនាំ​ទំនិញ​ចូល​សហភាព​អឺរ៉ុប ក្រោម​ប្រព័ន្ធ​EBA​។​ចំពោះមុខ​សភាពការណ៍​នេះ​មានការ​រំពឹងទុក​ថា​នឹងមាន​វិធានការ​អន្តរាគមន៍​ផ្នែក​ហិរញ្ញវត្ថុ​មួយ​ដែលមាន​ទំហំ​ធំ​គួរសម​(​ជាង​៣​ភាគរយ​នៃ​ផ​.​ស​.​ស​)​នឹងត្រូវ​បានដាក់​ចេញ​ក្នុង​ឆ្នាំ​២០២០​ដើម្បី​ជួយ​សម្រាល​ផលប៉ះពាល់​អវិជ្ជមាន​ពី​ការដក​ប្រព័ន្ធ​អនុគ្រោះ​EBA​ក្នុងករណី​ដែល​វា​កើតឡើង​តាម​ការគ្រោងទុក​មែន​។​

​វិធានការ​នេះ​នឹង​ជួយ​ឱ្យ​កំណើនសេដ្ឋកិច្ច​នៅមាន​ភាពស្វាហាប់​ក្នុង​រយៈពេល​មធ្យម​។​ក្នុង​រយៈពេល​មធ្យម​សេដ្ឋកិច្ច​ត្រូវបាន​ប៉ាន់ប្រមាណ​ទុក​ថា​នឹង​ថយ​កំណើន​បន្តិច​ម្តងៗ​ដែល​ចាំបាច់​ឱ្យមាន​ការខិតខំ​ថែមទៀត​ដើម្បី​ជម្រះ​ឧបសគ្គ​ជា​រចនាសម្ព័ន្ធ​នានា​ដោយ​សម្រួល​ឱ្យ​ការធ្វើ​ពាណិជ្ជកម្ម​និង​ធុរកិច្ច​ប្រព្រឹត្តទៅបាន​រលូន​តាមរយៈ​ការកាត់បន្ថយ​ចំណាយ​លើ​ការដឹកជញ្ជូន​និង​លើ​ថាមពល​និង​បង្កើន​ជំនាញ​ផងដែរ​។​ភាពក្រីក្រ​ត្រូវបាន​រំពឹងទុក​ថា​នឹង​បន្ត​ធ្លាក់ចុះ​ថែមទៀត​។​

​កំណើនសេដ្ឋកិច្ច​ពិសេស​ការ​កើន​ចំណូល​របស់​ពលករ​តាមរយៈ​ការដំឡើងប្រាក់បៀវត្សរ៍​នៅតែ​ជា​កត្តា​ធំ​នាំ​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​។​ភាគច្រើន​នៃ​ជនក្រីក្រ​បាន​ចំណូល​បៀវត្សរ៍​ពី​ការងារ​ដែល​ផ្តល់ប្រាក់​កម្រៃ​ទាប​ដែល​ឆ្លុះបញ្ចាំង​អំពី​បញ្ហា​ប្រឈម​មកពី​ខ្វះ​ជំនាញ​និង​ផលិតភាព​ទាប​។​វិសមភាព​កំពុង​បន្ត​រីក​ទំហំ​នៅតាម​តំបន់​ទីប្រជុំជន​និង​ទីជនបទ​-​ជាពិសេស​ទីជនបទ​មាន​វិសមភាព​កើន​ខ្លាំងជាងគេ​។​

ភាពមិនប្រាកដប្រជា​ដែល​ចេះតែ​កើនឡើង​ឥតឈប់ឈរ​ជាដើម​ហេតុ​នាំឱ្យមាន​ហានិភ័យ​កាន់តែច្រើន​សម្រាប់​ចក្ខុវិស័យ​នៃ​សេដ្ឋកិច្ច​នាពេលខាងមុខ​។​ការដកចេញ​នូវ​ប្រព័ន្ធ​EBA​ប្រសិនបើ​កើតឡើង​មែន​និង​ការធ្លាក់ចុះ​គំហុក​របស់​សេដ្ឋកិច្ច​ចិន​(​ដែល​មកពី​ការអូសបន្លាយ​នៃ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​)​។​អាចធ្វើឱ្យ​លទ្ធភាព​កំណើនសេដ្ឋកិច្ច​កម្ពុជា​ទ្រោម​ចុះ​ខ្លាំង​នៅពេលដែល​សេដ្ឋកិច្ច​នេះ​កំពុង​ពឹងផ្អែក​កាន់តែខ្លាំង​ទៅលើ​ការនាំចេញ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប និង​ទៅលើ​ការហូរចូល របស់​ទុនវិនិយោគ​ផ្ទាល់ និង​ភ្ញៀវទេសចរ ពី​ប្រទេស​ចិន​។​

​ការបន្ត​រីកដុះដាល​នៃ​វិស័យ​សំណង់​និង​អចលនទ្រព្យ​ខណៈពេលដែល​ការផ្តល់​ឥណទាន​ដល់​វិស័យ​ទាំងពីរ​នេះ​ចេះតែ​បន្ត​កើន​អម​ជាមួយ​ការកើនឡើង​របស់​បំណុល​ផង​។​ក្នុងនោះ​កម្ចី​សរុប​ដែល​ផ្តល់​ដោយ​ធនាគារ​និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ពេលនេះ​មាន​ទំហំ​ជាង​១០០​ភាគរយ​នៃ​ផ​.​ស​.​ស​-​ក៏​ជា​ហានិភ័យ​មួយទៀត​ដែរ​សម្រាប់​ប្រទេស​កម្ពុជា​។​

​ដូច្នេះ​ចាំបាច់​ខ្លាំងណាស់​ដែល​ត្រូវ​បង្កើន​សមត្ថភាព​របស់​កម្ពុជា​ក្នុងការ​ប្រកួតប្រជែង​នៅក្រៅ​ប្រទេស​តាមរយៈ​ការលើកកម្ពស់​ផលិតភាព​បន្ទាប់ពី​ប្រាក់បៀវត្សរ៍​អប្បរ​មា​ត្រូវបាន​ដំឡើង​។​ថ្មីៗ​នេះ​អាជ្ញាធរ​ជាតិ​បាន​ដាក់ចេញ​វិធានការ​មួយចំនួន​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​បន្ទាប​ថ្លៃ​ចំណាយ​លើ​ការដឹកជញ្ជូន​និង​គាំពារ​ធុរកិច្ច ដោយ​កាត់បន្ថយ ចំនួន​ថ្ងៃ​ឈប់សម្រាក​ផ្លូវការ​។

ការអនុវត្ត​វិធានការ​ទាំងនេះ​បាន​ជោគជ័យ​អម​ជាមួយ​កិច្ចខិតខំ​ថែមទៀត​ក្នុងការ​ដោះស្រាយ​បញ្ហា​អគ្គិសនី​មាន​ថ្លៃ​ខ្ពស់​និង​បញ្ហា​ខ្វះខាត​ជំនាញ​នឹង​ជួយ​ជំរុញ​ការវិនិយោគ​ថែមទៀត​នៅក្នុង​ផ្នែក​ផលិតកម្ម​មានតម្លៃ​បន្ថែម​កាន់តែ​ខ្ពស់​ជាពិសេស​ក្នុង​ផ្នែក​ផលិត​គ្រឿង​ប្រើប្រាស់​ដើរ​ដោយ​អគ្គិសនី​និង​គ្រឿង​ផ្គុំ​ឧបករណ៍​អគ្គិសនី​ដែលជា​ឧស្សាហកម្ម​មួយ​កំពុង​លេចមុខ​ឡើង​និង​ក្នុង​ផ្នែក​ផលិត​គ្រឿងបន្លាស់​រថយន្ត​ដែល​គួរតែមាន​ការកែលម្អ​ឱ្យបាន​ប្រសើរ​ថែមទៀត​ដែរ​។​

​ជំហាន​ដំបូង​សំខាន់បំផុត​គឺ​ត្រូវ​ពង្រឹងសមត្ថភាព​តាមដាន​ត្រួតពិនិត្យ​និង​ត្រៀមលក្ខណៈ​សម្រាប់​ពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​។​ការហូរចូល​របស់​ជ​ន​បរទេស​ដ៏​ច្រើនសន្ធឹក​សន្ធាប់​មកកាន់​ប្រទេស​កម្ពុជា​នាពេល​ប៉ុន្មាន​ឆ្នាំកន្លងមក​នេះ​អាច​នឹងមិន​ឋិតថេរ​ទេ​ជាពិសេស​នៅពេលដែល​សកលលោក​មា​ន​ភាពមិនប្រាកដប្រជា​មិនចេះចប់​និង​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​កំពុងតែ​ថយ​ល្បឿន​៕S/

​ចំណងជើង​រូបថត​៖​ធនាគារពិភពលោក​ទស្សន៍​ទាយ​ថា​ឆ្នាំ ២០១៩ កំណើនសេដ្ឋកិច្ច​កម្ពុជា រក្សាបាន​៧​ភាគរយ​(​រូប សុផល​)