​ធុរកិច្ច​ថ្មី​បង្កើត​ក្នុងប្រទេស​កម្ពុជា​ទទួល​បាន​ជ័យលាភី​ថ្មី​មួយទៀត​នៅលើ​ឆាក​ប្រកួត នៃ​ប្រទេស​ថៃ​

126
ចែករម្លែក
​ធុរកិច្ច​ថ្មី​បង្កើត​ក្នុងប្រទេស​កម្ពុជា​ទទួល​បាន​ជ័យលាភី​ថ្មី​មួយទៀត​នៅលើ​ឆាក​ប្រកួត នៃ​ប្រទេស​ថៃ​

ដោយៈ​ពៅ និមល​/ ​ភ្នំពេញៈ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ធុរកិច្ច​បង្កើត​ថ្មី​ផ្នែក​បច្ចេកវិទ្យា BookMeBus នៃ​ប្រទេស​កម្ពុជា​បាន​ចូលរួម​ប្រកួតប្រជែង​ធ្វើ​បទ​បង្ហាញ​ពី​គំរូ​អាជីវកម្ម​និង​យុទ្ធសាស្ត្រ​ជំនួញ​របស់ខ្លួន​ថា​តើ​វា​ផ្តល់​ដំណោះស្រាយ​អ្វីខ្លះ​ហើយ​ទៅលើ​ផ្នែក​ណាមួយ​នៅក្នុង​សង្គម​បច្ចុប្បន្ន​និង​លទ្ធភាព​ក្នុងការ​ពង្រីក​នាពេល​អនាគត​។ ការប្រកួត​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កម្មវិធី Digital Thailand Big Bang 2019 នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។


​គណៈកម្មការ​ជ្រើសរើស​សុទ្ធតែ​បុគ្គល​ជោគជ័យ​ទៅលើ​ជំនួយ​ធំៗ និង​មានបទពិសោធន៍​ខ្ពស់​ក្នុងការ​វាយតម្លៃ យុទ្ធសាស្ត្រ​ជំនួញ​របស់​ធុរកិច្ច​នានា​នៅក្នុង​ប្រទេស​ថៃ ដែល​ពួកគេ​ជា​តំណាង​អ្នកវិនិយោគ​ដូចជា ៖ Depa, RISE (Hong Kong), Srichand, Techsauce media, Institute of Digital Enterprise Promotion, Dtac accelerate​។ ពួកគាត់​ជា​អ្នកសម្រេចចិត្ត​ឲ្យ BookMeBus ជា​ក្រុម​ទទួល​ជ័យលាភី​ក្នុងចំណោម​ជាង ២០ ក្រុម ដែល​ចូលរួម​ប្រកួត​នៅលើ​វេទិកា​។


BookMeBus ផ្តល់​ភាពងាយស្រួល​និង​ទំនុកចិត្ត​ខ្ពស់ ក្នុងការ​កក់​សំបុត្រ​ឡានក្រុង តាក់ស៊ី និង ទូក នៅក្នុង​ប្រទេស​កម្ពុជា ថៃ និង​វៀតណាម​។ ជាមួយ​ក្រុមហ៊ុន​ដៃគូ​ដឹក​អ្នកដំណើរ​ប្រមាណ​ជាង ៦០ និង​មាន​ប្រតិបត្តិការ​លើផ្លូវ​ជាង ៣០០​ខ្សែ ពួកយើង​បាន​ក្លាយជា​ក្រុមហ៊ុន​បច្ចេកវិទ្យា គមនាគមន៍ ឈានមុខ​គេ​នៅក្នុង​ប្រទេស​។ BookMeBus មាន​ចក្ខុវិស័យ​ត​ភ្ជាប់​ស្ថាប័ន និង​សហគមន៍​នានា​ជុំវិញ មធ្យោបាយ​ធ្វើដំណើរ នៅក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់​អាស៊ាន​។


​គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី​ប្រកួត​លើ​ការធ្វើ​បទ​បង្ហាញ​ពី​ធុរកិច្ច​បង្កើត​ថ្មី​នេះ គឺ​ការប្រកួត​ដើម្បី​យក​ឱកាស ទៅ​ចូលរួម​កម្មវិធី​លំដាប់​ពិភពលោក​ឈ្មោះថា Web Summit ដែល​ត្រូវបាន​ចាត់ ទុក​ថា ជា​ព្រឹត្តិការណ៍ ធំជាងគេ​ផ្នែក​ឌី​ចី​ថ​ល និងបច្ចេកវិទ្យា​ជុំវិញ​ពិភពលោក​៕សរន