​ធ្ងន់​ក​ហើយ ! អតីត​អធិការនគរបាល​ក្រុង​តាខ្មៅនិងកូនចៅ​៣​នាក់ ដោះលែង​ស្ត្រី​សង្ស័យ​ពីរ​នាក់​ជា​ថ្នូរ​លាភសក្ការៈ ប្រឈមមុខ​ផ្លូវច្បាប់

1066
ចែករម្លែក

(កណ្ដាល) : ​សំណុំរឿង​លោក ស៊ឹម ប៊ុត​បណ្ឌិត អតីត​អធិការនគរបាល​ក្រុង​តាខ្មៅ បច្ចុប្បន្ន​ជា​នាយការិយាល័យ​គ្រប់គ្រង​សន្តិសុខ​ឯកជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល និង កូនចៅ​៣​នាក់ ពាក់ព័ន្ធ​ការដោះលែង​ស្ត្រី​សង្ស័យ​ពីរ​នាក់​ជា​ថ្នូរ​នឹង​ប្រាក់​ចំនួន​៧០០​ដុល្លារ​អាមេរិក បាន​បញ្ជូន​មកដល់​អ​យ្យ​ការ​អម​សាលាដំបូង​ខេត្តកណ្ដាល ។

​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយ បង្ហើប​ឲ្យ​ដឹងថា សំណុំ​រឿងនេះ​បាន​បញ្ជូន​ដល់​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល កាលពី​រសៀល​ថ្ងៃទី​៩ ខែសីហា ហើយ​បច្ចុប្បន្ន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល កំពុង​ចាត់ការ​រឿងនេះ ។​

​ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​៧ ខែសីហា លោក រឿន ណា​រ៉ា ស្នងការរង​នគរបាល​ខេត្តកណ្ដាល ថ្លែងថា កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​៨​និង​១៥​នាទី លោក ស៊ឹម ប៊ុត​បណ្ឌិត អធិការនគរបាល​ក្រុង​តាខ្មៅ បានទទួល​ព័ត៌មាន​ថា ជនសង្ស័យ​ទម្លាក់យោង​ពីរ​នាក់ ធ្វើ​សកម្មភាព​ល្បួង​ស្ត្រី​ម្នាក់ មាន​ពាក់​គ្រឿងអលង្ការ ចេញពី​ខាងមុខផ្ទះ​សម្អាងការ​ផ្សារ​តាខ្មៅ​ចាស់ ហើយ​ត្រូវបាន​សន្តិសុខ​ផ្សារ តាម​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​បញ្ជូនទៅ​ស្នាក់ការ​ផ្សារ​។​

​លោក​ស្នងការរង បន្តថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​លោក ស៊ឹម ប៊ុត​បណ្ឌិត អធិការនគរបាល​ក្រុង​តាខ្មៅ និង​លោក ឡាង លន់ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ចាត់​ឲ្យ​លោក ហ៊ិ​ន គឿន នាយផ្នែក​នគរបាល​យុត្តិធម៌​ក្រុង​តាខ្មៅ ដឹកនាំ​លោក យុន សូ​យ៉ាន នាយរង​ផ្នែក និង​លោក អ៊ុន សំអាត នាយរង​ផ្នែក ចុះទៅ​កាន់​ស្នាក់ការ​សន្តិសុខ​ផ្សារ​។

​ពេលនោះ​លោក ហ៊ិ​ន គឿន មិនបាន​ទៅនោះ​ទេ គឺ​លោក យុន សូ​យ៉ាន នាយរង​ផ្នែក និង​លោក​ទោ អ៊ុន សំអាត ជា​អ្នក​ចុះទៅ​។

​ពេលទៅដល់​លោក យុន សូ​យ៉ាន បាន​ទូរស័ព្ទ​ទៅ​លោក ហ៊ិ​ន គឿន ដើម្បី​សុំ​គោលការណ៍​អនុវត្ត​បន្ត​បន្ទាប់មក​លោកនាយ​ផ្នែក ហ៊ិ​ន គឿន បាន​ប្រាប់ថា មេ​(​លោក​អធិការ​) ឲ្យ​ដោះស្រាយ​នៅ​កន្លែង​ហ្នឹង​ទៅ និង​បាន​សួរ​ទៅ​លោក យុន សូ​យ៉ាន ទៀតថា នៅ​ទីនោះ​ស្ងាត់​ឬ​អត់​? ក្នុង​អត្ថន័យ​ថា​មាន​អ្នកកាសែត ឬ​អត់​? អាចធ្វើ​ការ​បាន ឬទេ​?

​លោក​ស្នងការរង បាន​បន្តទៀតថា គ្រានោះ​លោក យុន សូ​យ៉ាន បាន​ឆ្លើយថា អាចធ្វើ​បាន ជនសង្ស័យ​មាន​លុយ​៥០០​ដុល្លារ តែ​មិនទាន់មាន​នៅក្នុង​ដៃ​ទេ​។

​ពេល​កំពុងធ្វើការ​នោះ​លោក យុន សូ​យ៉ាន ដល់​ម៉ោង​ទៅយក​កូន​ចេញពី​រៀន ក៏បាន​ប្រគល់​ការងារ​នេះ​ទៅ​ឲ្យ​លោក អ៊ុន សំអាត ជា​អ្នកធ្វើ​បន្ត ។

​រហូតដល់​ម៉ោង​១១​ថ្ងៃត្រង់ លោក អ៊ុន សំអាត បាន​រាយការណ៍​ទៅ​លោក ហ៊ិ​ន គឿន ម្តង​ទៀតថា មាន​បុរស​ម្នាក់​យកលុយ​ចំនួន​៤០០​ដុល្លារ និង​លុយ​ខ្មែរ​១,២០០,០០០​រៀល ( ១​លាន ២​សែន​រៀល ) មក​ឲ្យ​ហើយ​ជនសង្ស័យ​ទាំងពីរ​នាក់​នោះ ត្រូវបាន​លោក យុន សូ​យ៉ាន ដោះលែង​ឲ្យ​ទៅវិញ​ទៅ ។​

​ក្រោយមក​លោក ហ៊ិ​ន គឿន បាន​ប្រាប់​ទៅ​លោក យុន សូ​យ៉ាន ឲ្យ​យកលុយ​ទុក​ជូន​មេ​(​លោក​អធិការ​)​។ ចុងក្រោយ​លុយ​ខាងលើនេះ ត្រូវបាន​លោក ស៊ឹម ប៊ុត​បណ្ឌិត បដិសេធ​មិន​ទទួលយក​ដោយសារតែ​អ្នក​កាន់​លុយ​យកទៅ​ឲ្យ​មិនមែនជា​គ្នា​លោក​។​

​លុះដល់​ម៉ោង​៣​រសៀល លោក អ៊ុន សំអាត បាន​ទៅ​ជួប​លោក ឡាង លន់ និង​លោក ហ៊ិ​ន គឿន ក៏បាន​ប្រគល់​ប្រាក់​ចំនួន​៤០០​ដុល្លារ និង​លុយ​ខ្មែរ​ចំនួន​១២០០,០០០​រៀល ( ១​លាន ២ សឺ​ន​រៀល ) ដោយ​លោក ហ៊ិ​ន គឿន ជា​អ្នក​ទុក​។

​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ លោក ហ៊ិ​ន គឿន បាន​ហៅ​លោក អ៊ុន សំអាត ឲ្យ​ធ្វើ​កំណត់ហេតុ​ប្រគល់​ទទួល​ប្រាក់​នោះមក​ឲ្យ​ខ្លួន​តាម​បញ្ជា​របស់លោក​អធិការ​។

​ក្រោយមក លោក ស៊ឹម ប៊ុត​បណ្ឌិត បាន​យក​ឯកសារ​ជូន​លោកស្នងការ​ខេត្តកណ្តាល ដើម្បី​ស្នើសុំ​ឲ្យ​ចាត់វិធានការ​តាម​វិន័យ​កងកម្លាំង​នគរបាលជាតិ និង​អនុវត្ត​វិធានការ​ច្បាប់​ចំពោះ​ករណី​ខាងលើ​។​

​លោក យ៉ុ​ន សូ​យ៉ាន នាយរង​ផ្នែក​នគរបាល​យុត្តិធម៌​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មានរឿង​ហេតុ​បាន​ប្រហែល​មួយ​សប្តាហ៍ លោក​វរសេនីយ៍ឯក ស៊ឹម ប៊ុត​បណ្ឌិត បាន​និយាយ​ជាមួយ​លោក​ថា « ម៉េច​ឲ្យ​អា អាត យកលុយ​មក​ឲ្យ​ចឹ​ង បើ​ឯង​យកលុយ​នោះមក បាន​ចែកគ្នា​ចាយ​ទាំងអស់គ្នា​ហើយ​”​។​

​លោក​ស្នងការរង​បញ្ជាក់ថា យោងតាម​ការស៊ើបអង្កេត​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​ជុំវិញ​ករណី​ខាងលើ​អាច​សន្និដ្ឋានបានថា លោក អ៊ុន សំអាត នាយរង​ផ្នែក​នគរបាល​យុត្តិធម៌ ក្រុង​តាខ្មៅ ពិតជា​បានទទួល​បញ្ជា​ពី​លោក ហ៊ិ​ន គឿន នាយផ្នែក​នគរបាល​យុត្តិធម៌ លោក​អធិការ ស៊ឹម ប៊ុត​បណ្ឌិត និង​លោក​អធិការរង ឡាង លន់ ទៅ​មើលមុខ​សញ្ញា​២​នាក់ ដែល​ត្រូវបាន​សន្តិសុខ​ផ្សារ​តាខ្មៅ​ចាស់​ឃាត់ខ្លួន និង​ជាប់​ពាក់ព័ន្ធ​ក្នុង​គោលបំណង​សម្របសម្រួល​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​ជាមួយ​ជនសង្ស័យ​ជា​ថ្នូរ​នឹង​ប្រាក់​មួយចំនួន​ពី​ជនសង្ស័យ​។

​ករណី​ខាងលើនេះ ត្រូវ​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​តាមច្បាប់​៕L ដោយ​៖ ឆាយា​នាថ​