​ធ្លាប់​ជាប់គុក​រឿង​គ្រឿងញៀន​ចេញមក​វិញ​នៅតែ​ជួញដូរ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ទៀត​

1498
ចែករម្លែក

​ដោយៈ​សុផាន់​/​កណ្តាលៈ​ជនសង្ស័យ​ម្នាក់ ធ្លាប់​ជាប់ពន្ធនាគារ​ម្តង​រួចមកហើយ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។ លុះ​ពេលចេញ​មកវិញ​មិនបាន​ប៉ុន្មាន​ផង ក៏​ចាប់ផ្តើម​មុខរបរ​ជួញដូរ​គ្រឿងញៀន​បន្ត ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ម្តងទៀត ។ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោងជាង​១​រសៀល ថ្ងៃទី ៤ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ព្រែ​ករុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។

​ជនសង្ស័យ​មានឈ្មោះ អុល គៀន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់​ថ្នាំញៀន ទីលំនៅ​ភូមិ ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ។​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ដ​ក​ហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​១៧​កញ្ចប់ ក្នុងនោះ ធំ ០៣​កញ្ចប់ , តូច ១៤​កញ្ចប់ និង​កញ្ចប់​បារី​ចំនួន​០១​កញ្ចប់ ។​

​លោក​វរៈសេនីយ៍ឯក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង​បានឱ្យដឹងថា មុននឹង​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុចកើតហេតុ​ខាងលើ ។ ភ្លាមនោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​គយ បាន​ចុះ​ដល់​ចំណុចកើតហេតុ។

ធ្វើការ​ត្រួតពិនិត្យ​ជនសង្ស័យ​ឈ្មោះ អុល គៀន បាន​រកឃើញ​ម្សៅ​ក្រាម​ព​ណ៍ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ១៧​កញ្ចប់ (​ធំ ០៣​កញ្ចប់ , តូច ១៤​កញ្ចប់​) នៅ​នឹង​ខ្លួន រួច​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​សាកសួរ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ អុល គៀន បាន​សារភាពថា​ខ្លួន​បាន​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​) ពី ឈ្មោះ តុលា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ នៅ​ចំណុច​ភូមិ កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ចំនួន ០១​កញ្ចប់​ធំ តម្លៃ​១០០$(​មួយរយ​ដុល្លារ​) ដើម្បី​យកមក​លក់​បន្ត​។

លោក​អធិការ​បាន​បញ្ជាក់ថា ចំពោះ​ជនសង្ស័យ​ឈ្មោះ អុល គៀន គឺ​ធ្លាប់​ជាប់ពន្ធនាគារ​ខេត្តកណ្ដាល​រយៈពេល ០៨​ខែ ពីបទ លួច កាលពី​ឆ្នាំ​២០១៦ និង​ជាប់ពន្ធនាគារ​ព្រៃ​ស ពីបទ​លួច​រយៈពេល​០៩​ខែ នៅក្នុង​ឆ្នាំ​២០១៧ ។ បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី ៕S/

​ធ្លាប់​ជាប់គុក​រឿង​គ្រឿងញៀន​ចេញមក​វិញ​នៅតែ​ជួញដូរ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ទៀត​