​ធ្លាប់​ភ្លក់​ដែរ​អត់​?​មុខម្ហូប​ពលរដ្ឋ​ឡាវ​ខេត្តស្ទឹងត្រែង​ហៅថា​ត្រី​ប្រៃ​ឬ​ប៉ា​ខិម​

544
ចែករម្លែក

​ដោយៈ​សុខុម​ស្ទឹងត្រែងៈ​មុខម្ហូប​មួយ​ប្រភេទ​ដែល​ពលរដ្ឋ​ឡាវ​រស់នៅ​តាម​ដង​ទន្លេ​ខេត្តស្ទឹងត្រែង​ចាត់ទុកជា​ម្ហូប​ដ៏​ពិ​សេសមួយ​និយម​ចូលចិត្ត​។​ថ្ងៃនេះ​កាសែត​រស្មី​កម្ពុជា​សូម​លើកយក​មុខម្ហូប​ដ៏​អាថ៌កំបាំង​មួយ​ប្រភេទ​នេះ​ជូន​មិត្ត​អ្នកអាន​ដូចតទៅ​។​

​មុខម្ហូប​ដែល​អ្នក​ខេត្តស្ទឹងត្រែង​បាន​ស្គាល់​និង​ចូលចិត្ត​ទទួលទាន​ជា​លក្ខណៈ​គ្រួសារ​ស្រុកស្រែ​តាំងពី​ដូនតា​មកដល់​សព្វថ្ងៃនេះ​មាន​ដាក់លក់​លើ​ទីផ្សារ​ក្នុង​ខេត្ត​ព្រោងព្រាត​រហូត​អ្នកទីក្រុង​ខ្លះ​ក៏បាន​ស្គាល់​ផងដែរ​។​តែ​អ្នក​ខេត្ត​ផ្សេងៗ​ឬក៏​អ្នក​ភ្នំពេញ​ភាគច្រើន​ពុំដែល​បាន​ស្គាល់​ម្ហូប​ត្រី​មួយ​នេះ​ទេ​។​ត្រី​តូច​ល្អិន​បើ​ដឹង​ពី​វិធី​ធ្វើ​ពិតជា​សាមញ្ញ​ហើយ​ត្រូវ​បងប្អូន​អ្នក​ខេត្តស្ទឹងត្រែង​និយម​ចូលចិត្ត​ព្រមទាំង​ចាត់ទុកថា​គឺជា​ម្ហូប​ដ៏​ពិសេស​មួយ​។​

លោក​លីវ​គឹម​ស្រេង​វ័យ​៥៣​ឆ្នាំ​គឺជា​កូន​ខ្មែរ​កាត់​ឡាវ​រស់នៅ​តាម​ដង​ទន្លេសេកុង​ភូមិ​ហាង​ខូ​បាន​សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង​រៀបរាប់ថា​ទោះបីជា​សព្វថ្ងៃ​គាត់​ពុំ​សូវ​បានធ្វើ​មុខម្ហូប​មួយ​នេះ​។​ប៉ុន្តែ​ដឹង​ច្បាស់​ពី​របៀប​ធ្វើ មិនអាច​បំភ្លេចបាន​នឹង​ថែមទាំង អាច​បង្រៀន​ដល់​កូនចៅ​ជំនាន់​ក្រោយ​បាន​ទៀតផង​។​

លោក​ស្រេង​បាន​និយាយ​បន្តថា​ម្ហូប​ត្រី​ប៉ា​ខិម​គឺជា​ឈ្មោះ​ខ្មែរ​និង​ឡាវ​ហើយ​បងប្អូន​នៅទីនេះ​ខ្លះ​ហៅថា​ត្រី​ប៉ា​ខិម​ឯ​អ្នកខ្លះ​ហៅថា​ត្រី​ប្រៃ​។​តាមពិតទៅ​ភាសា​ឡាវ​”​ប៉ា​”​ប្រែ​មកជា​ខ្មែរ​មានន័យថា​ត្រី​។​ត្រី​គេ​លាយ​ច្របល់​ប​ញ្ជូ​ល​គ្នា​ជាមួយ​អំបិល​ហៅថា​ត្រី​ប្រៃ​។

​យោងតាម​សៀវភៅ​កំណត់ត្រា របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តស្ទឹងត្រែង ក៏ដូចជា​បងប្អូន​នៅ​ខេត្តស្ទឹងត្រែង​មួយ​នេះ បាន​រៀបរាប់​ដូចគ្នា​ថា គ្រឿងផ្សំ​ម្ហូប​ត្រី​ប៉ា​ខិម​មានដូចជា ត្រី​រាល​ស្រស់ អំបិល​ស្រូវ​លីង​ធ្វើ​លាច​។​

​ចំពោះ​របៀប​ធ្វើ​ពីដំបូង​គេ​យក​អំបិល​មក​បុក​ឱ្យ​ហ្មត់​រួចហើយ​យក​ត្រី​មក​វាល់​ដាក់​លាយ​និង​អំបិល​ក្នុង​មួយ​ចាន​កូ​ម​ត្រី ត្រូវ​វាល់​អំបិល ដាក់​មួយ​គូថ​ចាន​ឬ​ក្នុង​១០​ចាន​ត្រី​យើង​វាល់​អំបិល​ដាក់​ក្នុង​១០​ចាន​ដែរ រួច​ច្របល់​ត្រី​ឱ្យ​សព្វ​ចូលគ្នា​។​

បន្ទាប់មក​យក​ដាក់​ក្នុង​ពាង​ហើយ​ដំ​រំដេង​ដាក់​ជាមួយគ្នា​មួយ​មើម​ឬ​ពីរ​មើម​ដើម្បីឱ្យ​កាត់​ចំអាប​។​រួចហើយ​ទុកឱ្យ​បាន​រយៈពេល​១៥​ថ្ងៃ​ទើប​យើង​យក​ស្រូវ​មក​លីង​ធ្វើ​លាច​យក​ត្រី​ក្នុង​ពាង​ចាក់ចេញ​លាយ​និង​ស្រូវ​លាច​ច្របល់​ឱ្យ​សព្វ​រួច​ដាក់ចូល​ក្នុង​ពាង​វិញ​ទុក​ឱ្យបាន​មួយខែ​ឬមួយ​ខែ​កន្លះ​ទើប​លូក​មក​ហូប​បាន​។​

​សូមបញ្ជាក់ថា​ត្រី​ប៉ា​ខិម​នេះ​គេ​និយម​ធ្វើ​ក្នុង​ខែមិថុនា​ឬ​កក្កដា​នៅពេល​រដូវវស្សា​ខែ​ត្រី​ពង​ពេញ​ពោះ​ហើយ​មួយ​ឆ្នាំមាន​តែម្តង​ទេ​។​ម្ចាស់​អាហា​រដ្ឋា​ន​ទន្លេ​ខៀវ​ខេត្តស្ទឹងត្រែង​អ្នកស្រី​ណ​យ​ណ​យ​បាន​រៀបរាប់ថា​ត្រី​ប៉ា​ខិម​គាត់​លក់​ចេញ​ក្នុងតម្លៃ​២៥.០០០​រៀល​ទៅ​៤០.០០០​រៀល​មួយ​គីឡូក្រាម​។​ម្ហូប​នេះ​គឺជា​របស់​អ្នក​ខេត្តស្ទឹងត្រែង​។​

សម្រាប់​ការលក់ដូរ​សព្វថ្ងៃ​មាន​ភ្ញៀវទេសចរ​មកពី​ឆ្ងាយ​ខ្លះ​ដឹង​ពី​ម្ហូប​នេះ​ក៏បាន​កុ​ម៉​ង់​មាន​ថ្ងៃ​ខ្លះ​ដល់​ទៅ​៥០​គីឡូក្រាម​ក្នុង​មួយថ្ងៃ​ដែល​ធ្វើឱ្យ​គាត់​លក់​មិនទាន់​ក៏មានដែរ​។​ក្រៅពី​ម្ចាស់​អាហារ​ដ្ឋា​ន​មួយ​នេះ​នៅ​ផ្សារ​ស្ទឹងត្រែង​មាន​ដាក់លក់​ត្រី​ប៉ា​ខិម​ព្រោងព្រាត​អ្នក​មិន​ធ្លាប់​ភ្លក់​អា​ចរក​ទិញ​បាន​។​

លោក​ទុំ​នី​រ៉ូ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​យល់ឃើញថា​អ្នកនេសាទ​ត្រី​ដូចជា​ប្រភេទ​ត្រី​រាល​កំពុងមាន​ពង​ក្នុង​ពោះ​មក​ធ្វើ​ម្ហូប​ដូចជា​ត្រី​ប៉ា​ខិម​ជា​លក្ខណៈ​គ្រួសារ​ដោយ​ប្រើ​ឧបករណ៍​មង​លប​ប្រពៃណី​មិន​ខុស​ទៅនឹង​ច្បាប់​ជលផល ត្រូវ​មានទោស​ឡើយ​។​ប៉ុន្តែ​បើសិនជា​ការនេសាទ មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ក្នុង​រដូវ​ត្រី​ពង អាច​នាំឱ្យ​ផល​ត្រី​មានការ​ថយចុះ​។​

សម្រាប់​ខេត្តស្ទឹងត្រែង​ការនេសាទ​ត្រី​រាល​យកមក​ធ្វើជា​ត្រី​ប៉ា​ខិម​ក្នុង​រដូវ​ត្រី​ពង​មន្ត្រី​ជំនាញ​មិនបាន​ហាមឃាត់​ឡើយ​ព្រោះ​ជា​ប្រពៃណី​លក្ខណៈ​គ្រួសារ​សម្រាប់​បងប្អូន​នៅ​ស្ទឹងត្រែង​តាំងពី​ដូនតា​តរៀងមក​៕S/


#