​ធ្លាយ​តួលេខ​ឈ្មួញ​បង់លុយ​ឱ្យ​មន្ត្រី​តាម​ដងផ្លូវ​សម្រាប់​ដឹក​គល់រាំង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​

1087
ចែករម្លែក

ដោយៈ​ចាន់ ថន​/ព្រៃវែង​៖​ជា​រៀងរាល់​លើក​គេ​តែងតែ​ឃើញ​ឈ្មួញ​ដឹក​គល់រាំង​ពី​ខេត្តកណ្ដាល​ឬ​ខេត្តព្រៃវែង​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម ជា​ហូរហែ​តាមផ្លូវ​ជាតិ​លេខ​៨​ដោយ​ចេញ​តាម​ច្រកទ្វារ​ផ្សេងៗ​នៃ​ក្រវ៉ាត់​ព្រំដែន​កម្ពុជា​វៀតណាម​។​

​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០១៨​នេះ​មាន​ពលរដ្ឋ​រាយការណ៍​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់​គល់រាំង​មួយ​គល់​នៅ​វត្ត​”​ស្វាយ​បូ​ព្រឹក​”​ហៅ​វត្ត​(​ចិន​យ៉ង​)​ស្ថិតក្នុង​ភូមិ​ឆ្កែ​កូន​ឃុំ​ជា​ខ្លាង​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង​ដែល​ឈ្មួញ​យកមក​លាក់​បំ​រ៉ុង​ដឹក​បន្តទៅ​លក់​នៅ​ប្រទេស​វៀតណាម​។​ស្រាប់តែ​បែកធ្លាយ​ទូរលេខ នៃ​ការ​បង់លុយ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន តាម​ដងផ្លូវ និង​សមត្ថកិច្ច​ច្រកទ្វារព្រំដែន ច្រើន​លើសលប់ ដល់​ទៅ​៣​លាន​រៀល​ក្នុង​១​រ៉ឺម៉ក​។​

​ប្រភព​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​ឃាត់​រ៉ឺម៉ក​នោះ​គឺមាន​ពលរដ្ឋ​ប្ដឹង​រាយការណ៍​មក​សមត្ថកិច្ច​មេព្រៃ​ថា​មាន​ឈ្មួញ​យក​គល់រាំង​មក​លាក់​នៅ​ចំណុច​វត្ត​”​ចិន​យ៉ង​”​ខាងលើ​ភ្លាមនោះ​មេព្រៃ​ក៏បាន​ចុះមក​ពិនិត្យ​។​លុះដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​មេព្រៃ​បាន​ហៅ​មន្ត្រីជលផល​ឲ្យ​មក​ទទួល គល់រាំង​១​គល់​ធំ​នោះ​ដែលមាន​ទំហំ​ជិត​១​ម៉ែត្រ​បណ្ដោយ​ប្រហែល​៣​ម៉ែត្រ​រួម​និង​រ៉ឺម៉ក​ម៉ូតូ​មួយគ្រឿង​ដែល​ឈ្មួញ​ដឹក​ចេញពី​ស្រុក​ស៊ីធរ​កណ្ដាល បំណង​យកទៅលក់​នៅ​ប្រទេស​វៀតណាម​។ ប៉ុន្តែ​ចៃដន្យ​រ៉ឺម៉ក​បែក​កង់​ទើប​បើក​ចូលមក​លាក់​ក្នុង​វត្ត​។​

​ប្រភព​បន្តថា ក្រោយពេល​សមត្ថកិច្ច​ទៅដល់​ស្រាប់តែ​អ្នកបើកបរ​រត់គេច​បា​ត់ ដោយ​បន្សល់ទុក​លិខិតឆ្លងដែន​មួយច្បាប់ ជា​របស់​អ្នកបើក​រ៉ឺម៉ក ឈ្មោះ សំ ណារិន ភេទ​ប្រុស​អាយុ​៣២​ឆ្នាំមាន​ទីលំនៅ​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​។​​និង​ឯកសារ​ទូរលេខ នៃ​ការ​បង់លុយ​ជា​ហូរហែ​រហូតដល់​៣​លាន​រៀល​ក្នុង​មួយ​រ៉ឺម៉ក​សម្រាប់​ដឹក​ទៅ​លក់​ដល់​ប្រទេស​វៀតណាម​។​

​យោងតាម​ក្រដាស​កត់​ចំនួន​បង់លុយ​បាន​ឲ្យ​ដឹងថា​បង​អឿ​,៩០​ម៉ឺន​រៀល​,​ស្វាយ​អ​ន្ទ​រ ១​លាន​១០​ម៉ឺន​រៀល​, កំចាយមារ រមាសហែក ១​លាន​រៀល​, ព្រំដែន​៨០​ម៉ឺន​រៀល​, ប៉ុស្តិ៍​ដូង​១០​ម៉ឺន​រៀល​, ជលផល​១០​ម៉ឺន​រៀល​, ថ្លៃ​រ៉ឺម៉ក​៦០​ម៉ឺន​រៀល​, កម្មករ​៧៨​ម៉ឺន​រៀល​, សរុប​ការចំណាយ​មួយ​ជើង​អស់​៣.០០០.០០០​រៀល​។​ទាក់ទិន​នឹង​ចំនួន​ទូរលេខ​នៃ​ការ​បង់លុយ​នេះដែរ​លោក​អ៊ុង​ផាន​អធិការ​ស្រុក​ស្វាយ​អ​ន្ទ​រ​មិនអាច​សុំ​ការបំភ្លឺ​បានទេ​ព្រោះ​ទូរ​សព្ទ័​ចូល​ហើយ​លោក មិន​ទទួល​៕S/​MN

​ធ្លាយ​ទូរលេខ​ឈ្មួញ​បង់លុយ​ឱ្យ​មន្ត្រី​តាម​ដងផ្លូវ​សម្រាប់​ដឹក​គល់រាំង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​

#