​នគរបាល​ក្រុង​តាខ្មៅ​បញ្ជូន​ម្ចាស់​ទីតាំង​កន្លែង​បញ្ចាំ​ខុសច្បាប់​ទៅ​តុលាការ​

367

(​កណ្ដាល​)៖​កន្លែង​ទទួល​បញ្ចាំ​ខុសច្បាប់​ជា​សម្បុក​នៃ​បទល្មើស​ជាពិសេស គឺ បទល្មើស​ទទួលផល​ចោរកម្ម តែម្តង ។ នគរបាល​ក្រុង​តាខ្មៅ សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង បង្ក្រាប​កន្លែង​ទទួល​បញ្ចាំ​ខុសច្បាប់​នេះ​បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំងត្រៀម​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាលដើម្បី​ចាត់ការ​តាម​តាមច្បាប់ ។

សមត្ថកិច្ច សន្និដ្ឋានថា នេះ​ជាទី​តាំង​ទទួលផល​ចោរកម្ម និង ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់​អនុញ្ញាត ។​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែវិច្ឆិកា បង្ក្រាប​ទីតាំង​ទទួល​បញ្ចាំ​ខុសច្បាប់​មួយកន្លែង​នៅ​ចំណុច ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ។​

លោក ស កែវ​ពិសិដ្ឋ អធិការនគរបាល​ក្រុង​តាខ្មៅ បញ្ជាក់​ឱ្យដឹង​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា នេះ ថា ម្ចាស់​ទីតាំង​រូបនេះ​ឈ្មោះ ស៊ុយ កុសល ហៅ​ចិន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​។​ពេលនេះ​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី ដើម្បី​រៀបចំ​សំណុំរឿង​និង​បញ្ជូន​ជនសង្ស័យ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​តាម​តាមច្បាប់ ។​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ សមត្ថកិច្ច រកឃើញ​វត្ថុតាង​ម៉ូតូ​ទាំងអស់​២៥​គ្រឿង ហើយ​ម្ចាស់​ទីតាំង​ទទួល​បញ្ចាំ​ខុសច្បាប់​រូបនេះ សារភាពថា ម៉ូតូ​ខ្លះ​ពិតជា​គ្មាន​ឯកសារ​ត្រឹមត្រូវ​នោះទេ ៕S/​ដោយ​៖​ឆាយា​នាថ​