​នគរបាល​ខេត្តក្រចេះ​ប្រគល់​រថយន្ត​ស៊ី​រ៉ែ​ន​ចំនួន​៦​គ្រឿង​ដល់​នគរបាល​ក្រុង​,​ស្រុក​

887
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​ស្នងការ​នគរបាល​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨ បានប្រគល់​រថយន្ត ស៊ី​រ៉ែ​ន ចំនួន​៦​គ្រឿង​ដល់​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​,​ក្រុង​ទាំង​៦​។​​ពី​ធី​នេះ​ក្រោម​អធិបតីភាព លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ​។​

​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ បាន លើកឡើងថា ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ កន្លងមក​បានផ្ដល់​ជូន​នូវ​សម្ភារៈ​សម្រាប់​ការពារ​ដល់​កងកម្លាំង​អន្តរាគមន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។

ពិសេស​នៅថ្ងៃនេះ ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ទទួលបាន​រថយន្ត​ស៊ី​រ៉ែ​ន ចំនួន​៦ គ្រឿង​សម្រាប់​ដល់​កិច្ចប្រតិបត្តិការ​ការពា​រ សន្តិសុខ​សុ​វត្តិភាព និង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ក្នុងការ​បង្ក្រាប​រាល់​ប​ទ​ល្មើស​ផ្សេងៗ​និង កិច្ចប្រតិបត្តិការ​ជួយ​សង្គ្រោះ នៅ​ឧបទ្ទវ​ហេតុដែល​កើតឡើង​ជាយថាហេតុ ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​ដែល​ទទួលខុសត្រូវ​។​

​លោក ស្នងការ​ខេត្ត បាន​បន្តថា នៅសល់តែ​រយៈពេល​៣​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និតិ​កាល​ទី ៦ នឹង​ឈានចូល​មកដល់ ។​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ត្រៀមកម្លាំង​អន្តរាគមន៍​ចំនួន ២០០​នាក់ និង​កម្លាំង​សម្រាប់​ការពារ ការិយាល័យ​បោះឆ្នោត ទាំង ៥៥៥ ការិយាល័យ​មាន​ចំនួន​១.២៨៤​នាក់​។

ដោយឡែក​សម្រាប់​កម្លាំង​ប្រជា​ការពារ ដែល​ត្រៀម អន្តរាគមន៍​នៅតាម​បណ្ដា​ស្រុក​ក្រុង និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​មាន​ចំនួន ៧៤៤​នាក់ នឹង​បាន​សិក្សា​អំពី ច្បាប់ក្រម​សីលធម៌ និង​នីតិវិធី​នៃ​ការបោះឆ្នោត​ផងដែរ​។​

​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​បាន ណែនាំ​ដល់​កងកម្លាំង​ទាំងអស់ ត្រូវ​លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ក្នុងការ​ត្រៀម​អន្តរាគមន៍​ទប់ស្កាត់​បង្ក្រាបបាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​។

ចំពោះ​សកម្មភាព​ក្រុមប្រឆាំង​ខុសច្បាប់ និង​ពួក​អមិត្ត​ដែល​ប៉ុនប៉ង ឬ​បង្ក​ភាពចលាចល​តាម​គ្រប់រូប​ភាព​។ ពិសេស​ការកៀងគរ​ប្រមូល​កម្លាំង​ធ្វើបាតុកម្ម​ខុសច្បាប់ អំពើហិង្សា​ក្នុង​ឧបាយកល​បំផ្លិចបំផ្លាញ​ការបោះឆ្នោត ។

​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ​បាន​បន្តថា កងកម្លាំង​ទាំងអស់​ត្រូវ​វត្តមាន​ប្រចាំការ​នៅក្នុង​អង្គភាព ២៤​ម៉ោង​លើ​២៤​ម៉ោង ដោយ​ផ្លាស់ប្ដូរ​គ្នា​ទៅ​បោះឆ្នោត និង​ត្រូវ​គ្រប់គ្រង​ថែរក្សា ត្រួតពិនិត្យ​មធ្យោបាយ​យានយន្ត អាវុធ គ្រាប់រំសេវ គ្រឿង​សម្ភារៈ​បរិក្ខារ គ្រឿង​បំពាក់​ធានាបាន​គុណភាព​ក្នុង​កិច្ចប្រតិបត្តិការ ។

ក្រោយ​ចប់​ការបោះឆ្នោត កម្លាំង​ដែល​ការពារ​ការិយាល័យ​បោះឆ្នោត​ត្រូវ​ប្រញាប់ប្រញាល់​វិលត្រឡប់​មកកាន់​អង្គភាព​វិញ ដើម្បី​ត្រៀម​អន្តរាគមន៍​ទ្រោល​សភាពការណ៍​រហូតដល់​ការប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​បាន​ចប់សព្វគ្រប់​៕S/​

​នគរបាល​ខេត្តក្រចេះ​ប្រគល់​រថយន្ត​ស៊ី​រ៉ែ​ន​ចំនួន​៦​គ្រឿង​ដល់​នគរបាល​ក្រុង​,​ស្រុក​