​នគរបាល​ចាប់ខ្លួន​ជនដៃដល់​បាន​ហើយ​ករណី​ចាប់ជំរិត​ក្មេងស្រី​សិស្សសាលា​អាយុ​៨​ឆ្នាំ​

1516
ចែករម្លែក

(​កំពង់ស្ពឺ​)៖​ករណី​ក្មេងស្រី​សិស្សសាលា​បឋមសិក្សា​អង្គ​លំ​ទង ស្ថិតនៅ​ភូមិ​ព្រែ​តា​មួ​ច ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្ដ​កំពង់ស្ពឺ ដែល​ត្រូវបាន​ស្ដ្រី​ម្នាក់ ចាប់ខ្លួន​ទៅ​បាត់​ហើយ ជំរិត​ទារប្រាក់​ពី​ឪពុកម្ដាយ កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧​នោះ នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧​នេះ​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហា​ផ្ទ​សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ​និង​ខេត្តកំពង់ឆ្នាំង​បើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ហើយ​ឈានទៅដល់​ការចាប់ខ្លួន​បាន​ហើយ នៅ​ទី​រួម​ខេត្តកំពង់ឆ្នាំង​។​

​មន្ដ្រីនគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​ខណៈ​ទៅ​បើក​លុយ​ដែល​ជំរិត​ពី​ឪពុកម្ដាយ​ក្មេងស្រី​រងគ្រោះ​ចំនួន​៤.០០០​ដុល្លារ​នៅ​ទីភ្នាក់ងារ​វី​ង​មួយកន្លែង​ស្ថិតនៅ​ម្ដុំ​ផ្សារលើ​ទី​រួម​ខេត្តកំពង់ឆ្នាំង​។​មន្ត្រី​ដដែល​បាន​បន្តថា​ជនសង្ស័យ​ឈ្មោះ ហេង សុខលី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ស្ដ្រី​រូបនេះ បាន​ចាប់​ក្មេងស្រី​រងគ្រោះ ឈ្មោះ ម៉ុក ចាន់​រស្មី អាយុ​៨​ឆ្នាំ ហើយ​ជំរិត​ទារប្រាក់​ពី​ឪពុកម្ដាយ​ក្មេងស្រី ចំនួន​៤.០០០​ដុល្លារ​។​នៅពេលនេះ​ស្ដ្រី​សង្ស័យ​ត្រូវបាន​នាំខ្លួន យកទៅ​សួរ​នាំនៅ​នាយកដ្ឋាន ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ ដោយឡែក​ក្មេងស្រី​រងគ្រោះ​ក៏​ត្រូវបាន​សមត្ថកិច្ច ទាក់ទង​ទៅ​ក្រុមគ្រួសារ​មក​ទទួលយក​ផងដែរ​។​

​គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​បន្ទាប់ពី​ក្មេងស្រី​អាយុ​៨​ឆ្នាំ​ម្នាក់ បាន​បាត់​ខ្លួន​ចេញពី សាលាបឋមសិក្សា​អង្គ​លំ​ទង ស្ថិតនៅ​ភូមិ​ព្រែ​តា​មួ​ច ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្ដ​កំពង់ស្ពឺ​។ ក្មេងស្រី​ម្នាក់​ឈ្មោះ ម៉ុក ចាន់​រស្មី អាយុ​៨​ឆ្នាំ រៀន​ថ្នាក់​ទី​២ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ឪពុក​ឈ្មោះ ម៉េង អោក និង​ម្ដាយ​ឈ្មោះ ភី សោភា​។​

​ក្រោយ​កើតហេតុ​ភ្លាមៗ​កម្លាំង​នគរបាល​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ផ្ទៃក្នុង បាន​ចុះទៅ​សួរនាំ និង​ធ្វើការ​ស៊ើបអង្កេត ហើយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ពាក់ព័ន្ធ​ក៏​ឈានទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​នៅថ្ងៃនេះ​តែម្តង​។​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយថា ដំបូង​គេ​ឃើញ​មាន​ស្ដ្រី​ម្នាក់ បាន​ទៅ​ពរ​ក្មេងរងគ្រោះ​ចេញពី​សាលារៀន ឡើង​រថយន្ដ​មួយគ្រឿង មិន​ស្គាល់​ម៉ាក មាន​រូបភាព​ជាប់​រថ​យន្ដ​ដូចជា​កសិករ​ស្ទូងស្រូវ នៅ​ផ្នែក​ខាងក្រោយ ដោយ​ឮ​ប្រាប់​ក្មេងស្រី​ថា​”​ម៉ែ​ឯង​ឲ្យ​មក​ហៅ​”​។ លុះដល់​ម៉ោង​១២៖៣០​នាទី ដោយសារ​ហួស​ម៉ោង​ចេញពី​រៀន តែ​មិនឃើញ​កូន​មក​ផ្ទះ ទើប​ឪពុកម្ដាយ​ចាប់ផ្ដើម​ឆោឡោ​នាំគ្នា​មករក​ដល់​សាលារៀន សួរ​គេឯង​ទើប​ដឹងថា​បាត់​កូន​។​

​សូមជម្រាបថា នាពេល​ថ្មីៗ​នេះ នាយកដ្ឋាន​កណ្ដាល​សន្ដិ​សុខ នៃ​ក្រសួងមហាផ្ទៃ បានប្រកាស​លេខ​ទូរស័ព្ទ​ចំនួន​២​ខ្សែ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​ដឹង​រឿង ឬក៏​ជនរងគ្រោះ​ជា​មាតាបិតា អាណាព្យាបាល​ផ្ទាល់ ក្នុងករណី​បាត់​ក្មេង សូម​រាយការណ៍​ជាបន្ទាន់​ទៅ​លេខ​ទូរស័ព្ទ​របស់​នាយកដ្ឋាន រួមមាន​៖ 031 201 2345 , 031 601 23 45 ដើម្បី​ជួយសង្គ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា និង​ស្វែងរក​ក្រុម​ជនអនាមិក​នោះមក​ផ្តន្ទាទោស​តាមច្បាប់​៕S/​សហការី​

​នគរបាល​ចាប់ខ្លួន​ជនដៃដល់​បាន​ហើយ​ករណី​ចាប់ជំរិត​ក្មេងស្រី​សិស្សសាលា​អាយុ​៨​ឆ្នាំ​(រូប៖វ៉េបសាយ)