​នាយករដ្ឋមន្ត្រី​រុស្សី​បញ្ជាក់ថា​៖​រុស្សី​នឹង​ប្រើប្រាស់​បំណុល​ដែល​កម្ពុជា​ជំពាក់​ទៅជា​ការវិនិយោគ​នៅ​កម្ពុជា​

1385
ចែករម្លែក

​ភ្នំពេញ​៖​លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី ឌី​មី​ទ្រី មេដវេដេ​វ​(Dmitry Medvedev)​បានបញ្ជាក់​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា​រុស្សី​នឹង​ប្រើប្រាស់​បំណុល​ដែល កម្ពុជា​ជំពាក់​រុស្ស៊ី ទៅជា​ការវិនិយោគ​នៅ​កម្ពុជា​ដែល​នោះ​គឺជា​អាទិភាព​ដ៏​ល្អ​សម្រាប់​កម្ពុជា​ដែល​រុស្សី​ចង់​ជួយ ។ ជាមួយគ្នានេះ​លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី បាន​អះអាងថា​ចាប់ពី​ឆ្នាំ ២០១៩ ទៅ​រុស្សី​នឹង​ផ្តល់ជំនួយ​មួយចំនួន​ដល់​ប្រទេស​កម្ពុជា ហើយ​តាមរយះ​នេះរ​ស្ស៊ី​នឹង​បញ្ជូន​ប្រធាន​ថ្មី​នៃ​គ​ណះ​កម្ម​ការ​អន្តរ រដ្ឋាភិបាល​របស់​ប្រទេស​ទាំងពីរ​ដែល​គ្រោង​និង​បើក​កិច្ចប្រជុំ​នៅក្នុង​ខែមករា ឆ្នាំ​២០១៩ ។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​បេសកជន​ពិសេស ទូរទស្សន៍​ជាតិ​កម្ពុជា ។​

​ប្រភព​បាន​ឲ្យ​ដឹងថា​នៅ​រសៀល​ថ្ងៃទី ១៨ ខែ តុលា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ ទ្វេភាគី​ជាមួយ​លោក ឌី​មី​ទ្រី មេ​ដវេ​​ដេ​វ (Dmitry Medvedev) នាយករដ្ឋមន្ត្រី​រុស្សី​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក ។
​ ​
​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរាបជូន​លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ពី​ការដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​ក្នុង ឆ្នាំ ២០២០ ខាងមុខ​និង​សូម​គោរព​អញ្ជើញលោក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ផងដែរ ។
​ ​ ​
​លោកនាយក​រដ្ឋមន្ត្រី​រុស្សី​មានប្រសាសន៍ថា​រុស្សី​តែងតែ​គាំទ្រ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​ប្រទេស​កម្ពុជា ។ លោក​បាន​បន្តថា​រុស្ស៊ី​បញ្ជូន​អ្នក​សង្កេត ការណ៍​ការបោះឆ្នោត​ទៅកាន់​កម្ពុជា​។

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា​កម្ពុជា​និង​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយនិង​រុស្សី​ពិសេស​សូម​អរគុណ​ចំពោះ​រុស្សី​ដែល​បាន​បញ្ជូន​អ្នក សង្កេតការណ៍​និង​សម្ភា​រះ​មួយចំនួន​ដល់​ដំណើរការ​បោះឆ្នោត​ក្នុងប្រទេស​កម្ពុជា ។

​សម្តេច​តេ​ជោ​ក៏បាន​លើក​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​រុស្សី​លើ​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម តាមរយះ​នេះ​សម្តេច​ស្នើ​ឲ្យ​មានការ​ពង្រឹង​ថែមទៀត លើ​កិច្ចសហប្រតិបត្តិការ​លើ​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម ពិសេស​ការបង្កើន​កិច្ចសហប្រតិបត្តិការ​និង​ការគាំទ្រ​ពី​រុស្សី​លើ​វិស័យ​ព័ត៌មាន​ដែល​ប្រទេស ទាំងពីរ​បានធ្វើ​កិច្ចសហប្រតិបត្តិការ​រ​វាង​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា ជាមួយនិង​ទីភ្នាក់ងារសារព័ត៌មាន​តាស់ របស់​រុស្សី​ដែល​គ្រោង​បើក​នៅ​ប្រទេស កម្ពុជា​នាពេលខាងមុខ ។

​ក្នុងជំនួប​ទ្វេភាគី​នោះដែរ​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​លើកឡើង​ពី​បំណុល​ដែល​កម្ពុជា​ជំពាក់​អតីត​សហភាពសូវៀត​ពោលគឺ​កម្ពុជា​ចង់​បង្វែ បំណុល​នោះ​ទៅជា​ការវិនិយោគ​នៅ​កម្ពុជា ។ សម្តេច​ក៏បាន​អរគុណ​ចំពោះ​រុស្សី​ដែល​បាន​សន្យា​ជួយ​ដល់​ការធ្វើ​ឲ្យ​ទំនើប​នីយកម្ម​នៃ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​រុស្សី ។ សម្តេច​បាន​ចាត់ទុកថា​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​រុស្សី​គឺ​ពិតជា​មានតម្លៃ​បំផុត​សម្រាប់​កម្ពុជា រួមទាំង​វិទ្យា​ស្ថាប​ច្ចេក​វិទ្យា​កម្ពុជា​ផងដែរ​។

​លោកនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្តថា​រុស្សី​និង​បន្ត​សហការ​ជាមួយ​កម្ពុជា​ទៅលើ វិស័យ​ជាច្រើន​រួមទាំង​វិស័យ​សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិ​និយោគ ដើម្បី​ឲ្យ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត ។លោក​បន្តថា​ចាប់ពី​ឆ្នាំ ២០១៩ ទៅ​រុស្សី​នឹង​ផ្តល់ជំនួយ​មួយចំនួន​ដល់ ប្រទេស​កម្ពុជា ហើយ​តាមរយះ​ការបញ្ជូន​ប្រធាន​ថ្មី​រុស្សី​នៃ​គ​ណះ​កម្ម​ការ​អន្តររដ្ឋាភិបាល​របស់​ប្រទេស​ទាំងពីរ ដែល​គ្រោង​និង​បើក​កិច្ចប្រជុំ​នៅក្នុង​ខែមករា ឆ្នាំ​២០១៩ ។ ពាក់ព័ន្ធ​ទៅ​និង​បំណុល​ដែល​កម្ពុជា​ជំពាក់​នោះ​លោកនាយក​រដ្ឋមន្ត្រី​រុស្សី​មានប្រសាសន៍ថា រុស្សី​និង​ប្រើប្រាស់​បំណុល​នោះ​សម្រាប់​ជាការ វិនិយោគ​នៅ​កម្ពុជា​ដែល​នោះ​គឺជា​អាទិភាព​ដ៏​ល្អ​សម្រាប់​កម្ពុជា​ដែល​រុស្សី​ចង់​ជួយ ។

​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ជំរាបជូន​សម្តេច​ពី​ការ​ផ្តល់ជំនួយ​បច្ចេកទេស​មួយចំនួន​ក្រៅពី​ការជួយ​ដល់​ការជួស ជុល​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​រុស្សី ។ រុស្សី​ក៏ មានបំណង​ជួយ​ដល់​ការជួសជុល​ប្រាសាទបុរាណ​មួយចំនួន​របស់​កម្ពុជា​ដោយសារ​តែមាន​អ្នក​ទេសចរណ៍​រុស្សី​ជាច្រើន​បាន​ទៅ​ទស្សនា​និង​ចាប់​អារ​ម្ម ណ៍​យ៉ាងខ្លាំង​ពី​ប្រទេស​កម្ពុជា ៕