ដោយបូកគោ/កំពតៈម្ចាស់គណនីមួយបានបញ្ចេញពាក្យបណ្តឹដោយអះអាងថាជារបស់ប្រជាពលរដ្ឋដែលប្តឹងចោទប្រកាន់នាយកនិងនាយករងនៃវិទ្យាល័យហ៊ុនសែនត្រសេកកោងមានទីតាំងស្ថិតក្នុងឃុំថ្មីស្រុកទឹកឈូថាប្រើសិទ្ធិដេញចាប់សិស្សបញ្ជូនទៅប៉ុស្តិ៍ទាំងគ្មានដីកាពីតុលាការ។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ(និយាយការពិត) កាលពីវេលាម៉ោង៤ និង១០នាទីរសៀលថ្ងៃទី៤ ខែកក្កដាឆ្នាំ២០១៩បានបង្ហោះសារជាពាក្យបណ្តឹងមួយមានខ្លឹមសារថាប្រជាពលរដ្ឋនិងអាណាព្យាបាលរបស់សិស្សានុសិស្សរស់នៅភូមិត្រសេកកោងឃុំថ្មីស្រុកទឹកឈូ។
ពួកគាត់កើតទុក្ខមិនសុខចិត្តចំពោះលោកស៊ីវប៉ូនិងលោករឿនសារិននាយកនាយករងវិទ្យាល័យហ៊ុនសែនត្រសេកកោងបានប្រើប្រាស់សិទ្ធិអំណាចដេញចាប់សិស្សប្រាំពីរនាក់ដូចជនប្រព្រឹត្តបទល្មើសខុសច្បាប់យកទៅដាក់ប៉ុស្តិ៍កាលពីម៉ោង៩ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ទាំងគ្មានដីកាពីតុលាការ។
ក្នុងបណ្តឹងដដែលបានបន្តថាលោកនាយកនាយករងបានគំរាមកំហែងធ្វើបាបប្រើពាក្យសម្តីគ្មានសុជីវធម៌ប្រើប្រាស់ម៉ៃក្រូហ្វូនជេរប្រមាថសិស្សអ្នកលក់ដូរក្នុងសាលានិងប្រជាពលរដ្ឋរស់នៅជុំវិញខាងក្រៅរបងទៀតផង។ទង្វើទាំងនេះមិនស័ក្តិសមជានាយកសាលាដឹកនាំលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សបន្តទេ។ដូច្នេះសូមក្រសួងនិងមន្ទីរអប់រំជួយរកយុត្តិធម៌ពិសេសនាំបុគ្គលទាំងពីរនាក់ទៅអប់រំនិងដាក់ពិន័យទៅតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។
ទាក់ទិននឹងករណីខាងលើលោកស៊ីវប៉ូនាយកវិទ្យាល័យហ៊ុនសែនត្រសេកកោងបានបំភ្លឺថារហូតមកដល់បច្ចុប្បន្នសាលាមិនដែលហាមឃាត់សិស្សក្នុងការទៅទិញឬបរិភោគចំណីអាហារនៅខាងក្រៅរបងវិទ្យាល័យទេ។ប៉ុន្តែតម្រូវឱ្យប្រញាប់ប្រញាល់ចូលមកក្នុងវិញទោះបីមិនទាន់ដល់ម៉ោងរៀនក៏ដោយដើម្បីបានអង្គុយអានសៀវភៅ ឬវាយកុំព្យូទ័រ។
សូម្បីកន្លងទៅលោកស្នងការរងខេត្តបានចុះមកក្រើនរំលឹកដល់អ្នកលក់ដូរឱ្យសហការក្នុងការជួយណែនាំសិស្សកុំឱ្យសម្ងំអង្គុយលេងគឺរូតរះចូលថ្នាក់រៀនវិញ។ប៉ុន្តែអ្នកលក់តបថាបើឃើញសិស្សនៅអង្គុយលេងសូមសាលាហៅសមត្ថកិច្ចមកនាំចូលទៅក្នុងវិញចុះ។
លោកនាយកបានបន្តថាកាលពីថ្ងៃទី២ខែកក្កដានោះលោកបានសុំកិច្ចសហការពីនគរបាលប៉ុស្តិ៍ពីរនាក់ដើម្បីចូលទៅហៅសិស្សចូលរៀនព្រោះបើទៅតែគ្រូខ្លាចក្រែងគេចោទប្រកាន់ថាចូលអុកឡុកកន្លែងលក់ដូរ។ពេលនោះសិស្សខ្លះបានរត់គេចខ្លួនតែអ្នកខ្លះក៏ចូលរៀនវិញ។និយាយរួមមិនមានការចាប់សិស្សបញ្ជូនទៅប៉ុស្តិ៍នោះទេ។
ចំពោះពាក្យចោទប្រកាន់ថាមានការប្រើម៉ៃក្រូហ្វូនដៀលជេរគំរាមកំហែងសិស្ស អ្នកលក់ដូរ និងពលរដ្ឋរស់នៅជិតខាង លោកស៊ីវ ប៉ូបានបញ្ជាក់ថានេះជារឿងមូលបង្កាច់ទាំងស្រុង។ ជាធម្មតាពេលគោរពទង់ជាតិឬម៉ោងចេញលេងលោកតែងដាស់តឿនសិស្សតាមឧឃោសនសព្ទនិយាយរំលឹកណែនាំឱ្យចេះថែរក្សាបរិស្ថានជាដើម។
ជាមួយគ្នានេះលោកមាសអាននាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មីបានបញ្ជាក់ថាថ្ងៃនោះខាងលោកពិតជាបានចូលរួមក្នុងការហៅសិស្សឱ្យចូលសាលាមែន។តែមិនបានសម្លុតគំរាមកំហែងឬចាប់បញ្ជូននាំមកប៉ុស្តិ៍នោះទេ។ករណីបែបនេះតើមានសិទ្ធិអ្វីត្រូវចាប់គេនោះ។ការចោទប្រកាន់នោះមិនត្រឹមត្រូវទាល់តែសោះ។ លោកហ៊ានស្បថស្លាប់ចោលកូនបើនិយាយមិនពិត។លោកនាយប៉ុស្តិ៍បានបន្តថាកន្លែងលក់កាហ្វេក្បែរសាលានោះដូចជាមិនសមរម្យទាល់ទេព្រោះធ្វើបន្ទប់បិទបាំងដាច់ៗពីគ្នាមានអង្រឹងហើយសិស្សខ្លះមកកៀកកើយគេចសាលាមិនចូលរៀនទៀតផង។ដូច្នេះការកៀងសិស្សឱ្យចូលសាលរបស់លោកនាយកដូចជាមិនខុសឆ្គងទេមានតែឪពុកម្តាយសិស្សអរគុណទៅវិញ។
លោកសុខ ហេងប្រធានការិយាល័យអប់រំស្រុកទឹកឈូបានបញ្ជាក់ថារហូតមកដល់រសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ខាងលោកមិនទាន់បានទទួលបណ្តឹងស្តីពីការចោទប្រកាន់ខាងលើនោះទេ ។តែតាមរយៈព័ត៌មានដែលបានលេចឮមកនៅព្រឹកថ្ងៃទី៥ខែកក្កដាលោកបានចុះទៅស្រាវជ្រាវដោយស៊ើបសួរអ្នកជិតខាងនិងសមត្ថកិច្ច។
ព្រមទាំងអ្នកពាក់ព័ន្ធទើបដឹងថានោះជាករណីយល់ច្រឡំរបស់ប្រជាពលរដ្ឋដែលឃើញមានសមត្ថកិច្ចទៅកន្លែងលក់ដូរថាចាការចាប់សិស្សបញ្ធូនទៅប៉ុស្តិ៍។និយាយរួមកិច្ចការនេះខាងការិយាល័យស្រុកបានចុះធ្វើរួចរាល់ហើយគឺជារឿងយល់ច្រឡំហើយការបង្ហោះនោះកើតឡើងពីជនអនាមិកប៉ុណ្ណោះ៕S/