​នាយទាហានរង ជំនាញ​រថក្រោះ រថពាសដែក បញ្ចប់​វគ្គ​ហ្វឹកហ្វឺន នៅ​បញ្ជាការដ្ឋាន​រថក្រោះ ទិស​យោធភូមិភាគ​ទី​៥

1737
ចែករម្លែក

​ដោយ:ភ្នំ​ស្វាយ​/
​បន្ទាយមានជ័យ:
នាយទាហានរង ជំនាញ​រថក្រោះ រថពាសដែក បានបញ្ចប់​វគ្គ​ហ្វឹកហ្វឺន នៅ​បញ្ជាការដ្ឋាន​រថក្រោះ ទិស​យោធភូមិភាគ​ទី​៥ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨ ។​

​នាយទាហាន ដែល​ក្នុងនាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កែវ សេង​ឡាយ មេបញ្ជាការរង បញ្ជាការដ្ឋាន​រថក្រោះ ប្រចាំ​ទិស​យោធភូមិភាគ​ទី​៥ ស្រុក​ព្រះនេត្រព្រះ បានឱ្យដឹងថា​: ផែនការ​ហ្វឹកហ្វឺន បំប៉ន​ការងារ​សេនាធិការ ការងារ​បច្ចេកទេស ជំនាញ​រថក្រោះ រថពាសដែក បណ្តុះបណ្តាល​រថក្រោះ រថពាសដែក និង​គរុកោសល្យ​គ្រូ ប្រចាំឆ្នាំ​២០១៧ នេះ ធ្វើឡើង​តាម​សច្ចាប័ន ចុះ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៧ ដោយ​ប្រើប្រាស់​ថវិកាជាតិ ពី​អគ្គនាយកដ្ឋាន ភស្តុភារ និង​ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និង​នាយកដ្ឋាន ផ្នែក​ពាក់ព័ន្ធ​នោះ វគ្គ​នេះ​មាន​រយ​:​ពេល​ហ្វឹកហ្វឺន ៩០ ថ្ងៃ គឺ​ពី​ថ្ងៃទី​២០ ខែមករា ដល់ ៣១ ខែមីនា ឆ្នាំ​២០១៨​នេះ ដោយមាន​សមាសភាព​ចូលរួម ១៦៥ នាក់ ក្នុងនោះ​មាន​គណៈកម្មការ​ដឹកនាំ ការងារ​ហ្វឹកហ្វឺន ១១​នាក់ នាយទាហាន​គ្រប់គ្រង ក្រុម​យោធា​ចា​រ្យ និង​ក្រុម​ធានា ៣១ នាក់ និង​កម្មសិក្សាការី ១២៣ នាក់ ដែល​មកពី​កងអនុសេនាធំ​ទី​១ នៃ​បញ្ជាការដ្ឋាន​រថក្រោះ និង​កងអនុសេនាធំ​លេខ​២ នៃ​បច្ចេកទេស និង​បើកបរ​រថក្រោះ​។​

​លោក​បាន​បន្តថា​: ខ្លឹមសារ​ហ្វឹកហ្វឺន រួមមាន ទី​១- មុខវិជ្ជា​ទូទៅ ដូចជា​សញ្ញា​សម្គាល់​យោធា ឋា​ម​លេខា និង GPS វិស្វកម្ម អប់រំ​ចិត្តសាស្ត្រ លំ​ហាត់​របៀប និង​ទី​២- មុខវិជ្ជា​ជំនាញ​រថក្រោះ​. ដូចជា យុទ្ធវិធី សព្វាវុធ​រថក្រោះ បច្ចេកទេស បើកបរ វិទ្យុទាក់ទង​រថក្រោះ​។ ហើយ​លើ​ការងារ​ធានា បាន​ប្រើប្រាស់ គ្រឿងចក្រ រថក្រោះ​ធុន​T 55 ចំនួន ៩ គ្រឿង រថពាសដែក ៦ គ្រឿង រថយន្ត​ដឹកជញ្ជូន រថយន្ត​ជួសជុល និង​រថយន្ត​ស៊ីទែន ៦​គ្រឿង​។​

ជា​លទ្ធផល វគ្គ​ហ្វឹកហ្វឺន លើ​ការងារ​រៀនសូត្រ លើក​គ្រប់​វិជ្ជា​ខាងលើ គឺ​បាន​ស្នាដៃ​រួម គ្រាន់បើ ភាគច្រើន ពោលគឺ​ក្នុងចំណោម ចំណាត់ថ្នាក់​និទ្ទេស ពូកែ គ្រាន់បើ និង​មធ្យម​នោះ ហើយក៏​ពិនិត្យ លើកកម្ពស់​បន្ត និង​កែលម្អ​ចំណុចខ្លាំង ចំណុចខ្សោយ​មួយចំនួន នៅ​ចំពោះមុខ និង​ពេលខាងមុខ​។​

​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន បំប៉ន​នាយទាហានរង ជំនាញ​រថក្រោះ រថពាសដែក​នោះ លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា​: កងកម្លាំង​រថក្រោះ រថពាសដែក មាន​ប្រវត្តិ​ស្នាដៃ ពលី​កម្ម ប្តូរផ្តាច់ និង​តួនាទី ភារកិច្ច កន្លងមក និង​បន្ត​ដ៏​សំខាន់ ក្នុង​ខឿន​ការពារជាតិ ការពារ​រដ្ឋ រាជរដ្ឋាភិបាល និង​ពលរដ្ឋ ហើយ​ជា​កម្លាំង​ខ្នងបង្អែក ឱ្យកម្លាំង​ផ្សេងៗ​ទៀត ក្នុង​ទិស​ជួរមុខ និង​សមរភូមិ នៅពេលណា មានការ​ប្រយុទ្ធ កើតឡើង​ដែរ​។​

​លោក​បាន​បន្តថា​: កន្លងមក និង​ទៅខាង​មុខ កងរថក្រោះ ក៏​ដូច​កងទ័ព​ដទៃទៀត ត្រូវតែ​បន្ត​កសាង​ខ្លួន ជាមួយ​ចំណេះ​ជំនាញ ដែល​ច្បាស់លាស់ តឹងរ៉ឹង ចំពោះ​វិន័យ និង​បទបញ្ជា ប៉ុន្តែ​ទន់ភ្លន់ ធ្វើ​ល្អ ចំពោះ​ប្រជាពលរដ្ឋ​។ ក្នុងនោះ លោក​ក៏បាន​លើកឡើង នូវ​លទ្ធផល​ល្អ​មួយ ក្នុងចំណោម​លទ្ធផល ជាច្រើន ដែល​អង្គភាព​បញ្ជាការដ្ឋាន​រថក្រោះ ទិស​យោធភូមិ​ទី​៥ ប្រចាំ​នៅ​ស្រុក​ព្រះនេត្រព្រះ​នេះ ធ្វើបាន គឺ​សម្របសម្រួល និង​ដោះស្រាយ ដោយ​សន្តិវិធី ប្រើ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ ដោះស្រាយ​វិវាទ​ដីធ្លី រាប់រយ ហិកតា ជា​បន្ទាយ​ខ្លួន ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន បានសម្រេច​ល្អ រលូន ១០០ ភាគរយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡាញ់ កៅ នាយរង​សេនាធិការ​ចម្រុះ មេបញ្ជាការ បញ្ជាការដ្ឋាន​រថក្រោះ និង​ក្នុងនាម​តំណាង អគ្គមេបញ្ជាការ បាន​សាទរ កោតសរសើរ​ដល់ មេ​បញ្ជ​ការរង បញ្ជាការដ្ឋាន​រថក្រោះ ទិស​យោធភូមិភាគ​ទី​៥ នា​ស្រុក​ព្រះនេត្រព្រះ​និង​នាយ នាយរង​ទាហាន គណៈកម្មការ​ដឹកនាំ នាយទាហាន គ្រប់គ្រង​វគ្គ យោធា​ចា​រ្យ ក្រុម​ធានា និង​កម្មសិក្សាការី ពាក់ព័ន្ធ ដែល​ខិតខំ​នាំមក​នូវ លទ្ធផល​ហ្វឹកហ្វឺន​ដូច្នេះ​។​

​ឧ​ត្ត​ម​សេនីយ៍ ឡាញ់ កៅ បានដាក់​បញ្ជា ក៏ដូចជា​ណែនាំ​បន្ថែម ជាច្រើន ទាំង​លើ​មេរៀន​ទ្រឹស្តី មេរៀន​អនុវត្ត​ជាក់ស្តែង ហើយ​ដែល​អាច ដកស្រង់​បាន នូវ​បទពិសោធន៍ មួយចំនួន ដូចជា : យុទ្ធវិធី​វាយលុក ត្រៀម​ការពារ កាំភ្លើង​លើ​រថក្រោះ ប្រើប្រាស់​បាញ់ ដោយ​ប្រព័ន្ធ​ស្ថេរភាព និង​បាញ់​ប្លោង​របស់​រថក្រោះ ដើម្បី​ឆ្លើយតប តាម​កាល​:​ទេស​: ការរីកចម្រើន ក្នុង​កងទ័ព​ជំនាញ​រថក្រោះ រថពាសដែក​។​

​ហើយ​នៅ​ចំពោះមុខ ការ​ហ្វឺ​ក​ហ្វឺ​ន និង​ការ​បំប៉ន​ទាំង​មេរៀន ដដែលៗ ទាំង​មេរៀន​ស្រាវជ្រាវ ធ្វើ​បច្ចុប្បន្នភាព​ថ្មី ត្រូវតែ​ធ្វើជា​ប្រចាំ ទើប​កងកម្លាំង​យើង អាចមាន​សមត្ថភាព លទ្ធភាព​ទ្រោល សភាពការណ៍ ការពារ​ផ្ទៃក្នុង ទាំង​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ប្រជាជន និង​ផ្ទៃ​ខាងក្រៅ គឺ​ការពារជាតិ មាតុភូមិ បូរណភាព​ទឹកដី បានល្អ​៕V