​នាយ​ឩ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ក្លាយជា​ប្រមុខ​សហព័ន្ធ​កីឡា វាយ​កូនឃ្លី​លើ​តុ​

239
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្នុងខណៈដែល​លោក​ឩ​ក​ញ៉ា រ័ត្ន សុខន ដកខ្លួន​ចេញពី សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​នោះ សហព័ន្ធ​មួយ​នេះ មិនមាន​ក្បាលម៉ាស៊ីន​ឡើយ​។ ស្ថិតក្នុង​ស្ថានភាព​នេះ នា​ល្ងាច​ថ្ងៃទី​២១ វិច្ឆិកា សហព័ន្ធ​នេះ បានធ្វើ​មហាសន្និបាត​វិសាមញ្ញ ដោយមាន​ការចូលរួម ធ្វើជា​សាក្សី ពី​សំណាក់​លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា និង​លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា​។​

ទិដ្ឋភាព​មហាសន្និបាត​វិសាមញ្ញ​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​បញ្ជាក់ថា នេះ​ជាការ​កែទម្រង់​ថ្មី​មួយ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ ឆ្ពោះទៅ​ឆ្នាំ​២០២៣ ដើម្បី​អភិវឌ្ឍន៍​គុណ​ផល ឲ្យ​បាន​ទាន់​ប្រទេស​ក្នុង​តំបន់ ទ្វីប និង ពិភពលោក ។ ការកែទម្រង់​នេះ នឹងធ្វើ​រហូតដល់​ឆ្នាំ​២០២២ ។​

​តាមរយៈ សន្និបាត​វិសាមញ្ញ​នេះ ក៏បាន​ជ្រើសរើស សមាជិក​ប្រតិបត្តិ​ថ្មី ដែលមាន​លោកនាយ​ឩ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ជា​ប្រធាន លោក​ឩ​ត្ត​ម​សេនីយ៍ ដួង ហេង លោក តែ សុខ​ហុង លោក ពុំ វិ​ត្យា លោក លី សេងហុង អនុប្រធាន លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ លោក ចាន់ ពិសិដ្ឋ អគ្គលេខាធិការរង លោក ព្រុំ ឌុ​ច​ប៉ូ​រ៉ា​នឿន អគ្គ​ហេ​រញ្ញឹក លោក អ៊ឹង ប៊ុន​ឃាង លោក អម សុ​ផា​ណា លោក រស់ ជាតិ លោក ដួង វណ្ណា ។​

​ទិដ្ឋភាព​មហាសន្និបាត​វិសាមញ្ញ​

​អ្វីដែល​គួរ​ឲ្យ​កត់សំគាល់​នោះ លោក ស៊ុន សុទ្ធា​រិ​ទ្ធ ដែលជា​អគ្គលេខាធិការ​ចាស់ ដ៏​មាន​ឥទ្ធិពល បាន​វិល​ចូលមក​កាន់ ជា​អគ្គលេខាធិការ​វិញ បន្ទាប់ពី​លោក បោះបង់ចោល រយៈពេល​ស្ទើរតែ ៥ ឆ្នាំ មកហើយ​នោះ ។​

​ក្រោយពី​ជាប់​ជា អគ្គលេខាធិការ ឡើងវិញ​នោះ លោក ស៊ុន សុទ្ធា​រិ​ទ្ធ បាន​ឲ្យ​ដឹងថា នាបច្ចុប្បន្ន​នេះ កីឡាករ​ជម្រើសជាតិ ៥ នាក់ ស្រី​១​នាក់ កីឡាករ​ថ្នាល មាន​៨​នាក់ ស្រី​៣​នាក់ យុវ​កីឡា​ស្ម័គ្រចិត្ត ចូល​ហ្វឹកហាត់ មាន​៨​នាក់ ស្រី​២​នាក់ គ្រូបង្វឹក​ជម្រើសជាតិ និង​ថ្នាល ៣ នាក់ អាជ្ញាកណ្តាល ថ្នាក់​អន្តរជាតិ ១​នាក់ អាជ្ញាកណ្តាល​ថ្នាក់ជាតិ ៣​នាក់ ក្លិប​នៅ​ទូទាំងប្រទេស ចំនួន​២៥ និង​ខេត្ត​ចំនួន ៩​ក្លិប និង​នៅតាម​បណ្តា​ក្លិប​នីមួយៗ មាន​គ្រូ ១​ទៅ​២​នាក់​។​

​លោក ស សុខា បានទាមទារ​ឲ្យ​ប្រមុខ​ដឹកនាំ​ថ្មី បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត ឲ្យ​បាន​ច្រើន ដើម្បី​បង្កើន​សមត្ថភាព​របស់​កីឡាករ កីឡាការិនី ។ រីឯ​លោក ថោង ខុន ក៏បាន​បញ្ជាក់ដែរថា កីឡា បើ​មានការ​ប្រកួត កាន់តែច្រើន គឺ​កាន់តែ​ល្អ បើ​គ្មាន​ការប្រកួត​ទេនោះ គឺ​លំបាក​ហើយ ។​

​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បានបង្ហាញ​ពី​ទឹកចិត្ត ក្នុងការ​បំពាក់​ឡើងវិញ​នូវ​តុ សម្រាប់​ហ្វឹកហាត់ និង​ប្រកួត​ឲ្យ​បានល្អ​ជាង​នេះ រៀបចំ​នូវ​ទីតាំង​ហ្វឹកហាត់ ឲ្យ​បាន​ប្រសើរ ព្រមទាំង​គិតគូរ ពី​ការបញ្ជូន​កីឡាករ កីឡាការិនី ទៅ​ហាត់​នៅក្រៅ​ប្រទេស ឬក៏​អញ្ជើញ​គ្រូ មក​បង្ហាត់​នៅក្នុង​ប្រទេស​។​

​លោក​ក៏បាន​បញ្ជាក់ដែរថា នាពេល​ដ៏​ខ្លី​ខាងមុខនេះ លោក​នឹង​រៀបចំ​ប្រតិភូ​មួយ ទៅ​ទស្សនកិច្ច នៅ​សាធារណរដ្ឋ​កូរ៉េ ដែល​គេ​អញ្ជើញ​ទៅ ដោយ​គេ​ធានា​ប៉ាវ​ទាំងអស់ ។ ក្រៅពី​កូរ៉េ លោក​ក៏​សម្លឹង​ទៅ​ប្រទេស​ចិន និង​ជប៉ុន ដែលជា​កន្លែង​ហ្វឹកហាត់​ដ៏​ល្អ សម្រាប់​កម្ពុជា ៕v