​និស្សិត​មកពី​ឃ្វី​នស៍​លែ​ន ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ

522
ចែករម្លែក

ដោយ​: លីម អិ​ភីង បុគ្គលិក​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ភ្នំពេញ​:
នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៥ ខែកក្កដា ឆ្នាំ​២០១៩ និស្សិត​អន្តរជាតិ​ចំនួន​២៣​នាក់ មកពី​សាកលវិទ្យាល័យ​ឃ្វី​នស៍​លែ​ន នៃ​ប្រទេស​អូស្ត្រាលី បាន​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែលមាន​បំណង​សិក្សា​ស្វែងយល់​បន្ថែម​អំពី​ប្រ​វ​ត្ដិ​សាស្ដ្រ​នៃ​ប្រទេស​កម្ពុជា​។​

និស្សិត​មកពី​សាកលវិទ្យាល័យ​ឃ្វី​នស៍​លែ​ន ទស្សនា​ពិព័រណ៍​នៅ​សាល​សិល្បៈ​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត​

​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ក្រុមការងារ​វិចិត្រសិល្បៈ​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ស្វាគមន៍ និង​មាន​ភាពសប្បាយ​រីករាយ​ក្នុង​ការណែនាំ​និស្សិត​ទាំងអស់ ឲ្យ​ស្វែងយល់​បន្ថែម​អំពី​រឿងរ៉ាវ​ដែល​បានកើត​ឡើង​នៅក្នុង​របប​ខ្មែរក្រហម​តាមរយៈ​ការដាក់​តាំងពិព័រណ៍​សិល្បៈ​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ ក្រោម​ចំណងជើង «​ឆ្មាំ​ព្រៃ​» និង​ការពិភាក្សា​ស្ដីពី​ប្រវត្តិសាស្ត្រ​សហគមន៍​អន្លង់វែង ជាមួយ​បណ្ឌិត លី សុខ​ឃាង នាយក​មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​

​ពិព័រណ៍​សិល្បៈ​របស់​វិចិត្រសាល​ស្លឹករឹត រួមមាន «​មិន​ផុតរលត់​» «​សំណល់​សង្គ្រាម​» និង «​ភក់​» ដែល​ពិពណ៌នា​ពី​រឿងរ៉ាវ​ដែល​បានកើត​ឡើង​ក្នុងអំឡុង​របប​ខ្មែរក្រហម ក៏ប៉ុន្តែ​បង្ហាញ​អំពី​សុទិដ្ឋិនិយម​ចំពោះ​អនាគត​នៃ​ប្រទេស ដែល​បាន​ឆ្លងកាត់​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​។ ពិព័រណ៍​ទាំងនេះ ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​ការ​ស្វែងយល់ និង​ការចងចាំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ បន្ទាប់ពី​ស្តាប់​ការ ធ្វើ​បទ​បង្ហាញ​ពី​ពិព័រណ៍​សិល្បៈ និស្សិត​ទាំងអស់​បាន​ទស្សនា​ខ្សែភាពយន្ត​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» រយៈពេល​មួយ​ម៉ោង​ដែល​បានលើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ព្រះ​តេជគុណ ប៊ុន សា​លួត និង​ការជំរុញ​ចិត្ត​ដល់​ការចូលរួម​ក្នុងការ​ការពារ​ព្រៃឈើ​របស់​កម្ពុជា​។

និស្សិត​មកពី​សាកលវិទ្យាល័យ​ឃ្វី​នស៍​លែ​ន កំពុង​ទស្សនា​ខ្សែភាពយន្ត​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» នៅ​សាល​សិល្បៈ​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត​

​បន្ទាប់មក លោក​បណ្ឌិត លី សុខ​ឃាង បាន​បើក​កិច្ចពិភាក្សា​ជាមួយ​ក្រុមនិស្សិត​ចម្រុះ​ជាតិ​សាសន៍ ជុំវិញ​ប្រធានបទ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​តំបន់​តស៊ូ​ចុងក្រោយ​ខ្មែរក្រហម​អន្លង់វែង​។ និស្សិត​សា​លក​វិទ្យាល័យ​ឃ្វី​នស៍​លែ​ន បាន​ចោទសួរ​សំណួរ​មួយចំនួន ដូចខាងក្រោម ៖

​សំណួរ​ទី​១ ៖​
​ខ្ញុំ​បានឃើញ​រូបភាព​ស្ដីពី​គម្រោង​អេកូ​ទេសចរណ៍​ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ អាចមក​លេង​នៅ​ទីនោះ​។ តើ​គម្រោង​នេះ​កំពុង​កើតឡើង​នៅពេលនេះ ឬ​នាពេល​អនាគត​?
​សំណួរ​ទី​២ ៖ ​
​តើ​មាន​តំបន់​អភិរក្ស​ផ្សេងទៀត​ទេ នៅក្នុង​ខ្សែភាពយន្ត​ឯកសារ​នេះ​?
​សំណួរ​ទី​៣ ៖​ ​
​តើ​ការ​គម្រាមកំហែង​ពី​គ្រាប់មីន​នៅក្នុង​ដី ដែលជា​សំណេះ​ណ​ល់​សង្គ្រាមស៊ីវិល​អតីតកាល នៅតែ​ជា​បញ្ហា​ប្រឈម​នៅក្នុង​ប្រទេស​កម្ពុជា​?
​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​របស់​សាកលវិទ្យាល័យ​ឃ្វី​នស៍​លែ​ន នៅ​ម​ជ​ម្ឈ​មណ្ឌល​ឯកសារ​កម្ពុជា បានបញ្ចប់​ដោយ​និស្សិត​ទាំងអស់​ទទួលបាន​ចំណេះដឹង​បន្ថែម​ពី​ប្រវត្តិសាស្ត្រ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ក្រុមការងារ​៕ ល​