​និស្សិត​មកពី​ស្រុក​អន្លង់វែង​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ស្ថានទូត​អាម៉េរិក​

3052
ចែករម្លែក
  • 292
    Shares

ដោយ​: ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញ​: តំបន់​អន្លង់វែង​គឺជា​តំបន់​មួយ ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​។ ស្រុក​អន្លង់វែង​គឺជា​តំបន់​តស៊ូ​ចុងក្រោយ​របស់​ខ្មែរក្រហម និង​ជា​តំបន់​ដាច់ស្រយាល គ្មាន​ការទំនាក់ទំនង​ជាមួយ​អ្នក​ខាងក្រៅ​។ ក្រោយ​សមា​រណកម្ម​ឆ្នាំ​១៩៩៨ ប្រជាជន​នៅ​អន្លង់វែង​បានចាប់ផ្ដើម​មាន​ទំនាក់ទំនង​ជាមួយ​ពិភព​ខាងក្រៅ ចំណែក​ប្រជាជន​ចំណូល​ថ្មី​ក៏បាន​ចាប់ផ្តើម​ចូលទៅ​រស់នៅក្នុង​តំបន់​នេះ​។ មកដល់​សព្វថ្ងៃនេះ អន្លង់វែង​ត្រូវបាន​ប្រែក្លាយជា​តំបន់​ដែលមាន​សក្ដានុពល​ខាង​វិស័យ​ទេសចរណ៍ រួមមាន​ទីតាំង​ប្រវត្តិសាស្ត្រ​ទាំង​១៤​កន្លែង ទេសភាព​ធម្មជាតិ ប្រាសាទ សិលាចារឹក ដែល​នៅ​សេសសល់​ក្នុងព្រៃ ដែល​ត្រូវបាន​អ្នក​បុរាណវិទ្យា​នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ រកឃើញ​នាពេល​ថ្មីៗ​នេះ​។ ប្រជាជន​ដែល​រស់នៅ​ស្រុក​អន្លង់វែង មាន​មោទកភាព​នឹង​អ្វីដែល​ខ្លួន​មាន និង​បាន​ចូលរួមចំណែក​ក្នុងការ​ថែរក្សា​ប្រវត្តិសាស្ត្រ​របស់ខ្លួន និង​បាន​ជំរុញ​ឲ្យ​កូនចៅ​របស់ខ្លួន​ទទួលបាន​ការអប់រំ​ថែម​ទៀតផង​។

និស្សិត​មកពី​ស្រុក​អន្លង់វែង​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ស្ថានទូត​អាមេរិក​(​រូបថត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​មជ្ឈមណ្ឌល​ឯ​សារ​កម្ពុជា បាន​បង្កើត​គម្រោង​ដែលមាន​ឈ្មោះថា មជ្ឈមណ្ឌល​សន្តិភាព​អន្ល់ង​វែង បានធ្វើការ​ជាមួយ​សហគមន៍​នៅ​អន្លង់វែង​ជា​យូរ​មកហើយ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការផ្សះផ្សា និង​សន្តិភាព​។ ក្រៅពី​កិច្ចការ​ទាំងនេះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានរួម​ចំណែក​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​នៅ​ស្រុក​អន្លង់វែង ដោយ​បង្រៀន​សិស្ស អំពី​របៀប​ធ្វើ​ទំនាក់​ទង​ជាមួយ​ប្រជាជន​ក្នុង​សហគមន៍ របៀប​សម្ភាសន៍​អ្នកភូមិ​ពីបទ​ពិសោធន៍​ក្នុង​របប​ខ្មែរក្រហម ព្រមទាំង​បានផ្តល់​ការគាំទ្រ​ដល់​សិស្ស​ដែល​ទើប​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ ឲ្យ​មានឱកាស​មក​បន្ត​ការសិក្សា​នៅ​ទីក្រុង​ភ្នំពេញ ជួយ​បង្រៀន​ភាសា​អង់គ្លេស ជួយ​សម្រួល​ក្នុងការ​រស់នៅ​ទីក្រុង​ភ្នំពេញ ការធ្វើ​ទស្សនកិច្ច​សិក្សា និង​ជួយ​ជំរុញ​ឲ្យ​និស្សិត​ទាំងនេះ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដើម្បី​ត្រឡប់​ទៅ​អភិវឌ្ឍន៍​សហគមន៍រ​បស់​ខ្លួន​វិញ​។​
​កាលពី​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៨ វេលា​ម៉ោង​២​រសៀល លោក ផាត បូរ៉ា បុគ្គលិក​គម្រោង​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ដឹកនាំ​និស្សិត មកពី​ស្រុក​អន្លង់វែង​ចំនួន​១៤​នាក់ ទៅធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ស្ថានទូត​អាមេរិក​ជា​លើកដំបូង​ដែលមាន​ទីតាំងនៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​និស្សិត​ទាំងនេះ រួមមាន ៖ ១. ចាន់ ឡេ​ត មុខវិជ្ជា​សិក្សា គីមី​ចំណីអាហារ​, ២. តេង វួ​ច​ជី មុខវិជ្ជា​សិក្សា រូបវិទ្យា ,៣. ហាក់ សុគន្ធា​រី មុខវិជ្ជា​សិក្សា ឱសថ​, ៤. វុ​ឌ្ឍី ហុង​ឡាយ មុខវិជ្ជា​សិក្សា គណិតវិទ្យា ,៥. អ៊ី ឆៃ​យ៉ែ មុខវិជ្ជា​សិក្សា ឱសថ​, ៦. ក្រិន សុ​ខួ​ន មុខវិជ្ជា​សិក្សា គណិតវិទ្យា ,៧. ឃិន សិលា មុខវិជ្ជា​សិក្សា ប្រវត្តិវិទ្យា​, ៨. ថែ ផ​ន្នី មុខវិជ្ជា​សិក្សា អគ្គីសនី ,៩. អ៊ី ឆៃ​យ័ន មុខវិជ្ជា​សិក្សា ជំនួញ​, ១០. លាង យូ​អ៊ី មុខវិជ្ជា​សិក្សា អភិវឌ្ឍន៍ជនបទ ,១១. ឆេន សំអឿន មុខវិជ្ជា​សិក្សា សំណង់​ស៊ីវិល​, ១២. ផន កញ្ជ​នា មុខវិជ្ជា​សិក្សា គណិតវិទ្យា​, ១៣. តែង ពេ​ជ្យ​វិច្ឆិកា មុខវិជ្ជា​សិក្សា ធនាគារ និង ១៤.​សួត វិចិត្រ កំពុង​ដាក់​ពាក្យសុំ​ចូលរៀន​ផ្នែក​ច្បាប់​។

​និស្សិត​ទាំង​១៤​នាក់​នេះ ក៏បាន​ជួប​សំណេះសំណាល​ជាមួយនឹង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា វី​លលៀម ហៃ​ត​(William A. Heidt)​។ លោក ទូត​បាន​សម្ដែង​នូ​ង​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​និស្សិត​មកពី​ស្រុក​អន្លង់វែង​។ លោក​បាន​សម្តែង​នូវ​ការចាប់អារម្មណ៍ និង​ចង់​ឲ្យ​យុវជន​យល់ដឹង​អំពី​សារសំខាន់​នៃ​ការផ្សះផ្សា​ជាតិ និង​បាន​ផ្តល់ឱកាស​ឲ្យ​មានការ​ផ្លាស់ប្ដូរ​បទពិសោធ​ន៍​រវាង​និស្សិត​កម្ពុជា និង​អាមេរិក​ទៀតផង​។ និស្សិត​មកពី​ស្រុក​អន្លង់វែង ក៏បាន​រៀបរាប់​អំពី​ប្រវត្តិសាស្ត្រ​តំបន់​អន្លង់វែង ព្រមទាំង​សក្តានុពល​របស់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទៅកាន់​និស្សិត​អាមេរិក​ចំនួន​១៥​នាក់​។ ក្រោយពី​ចែករំលែក​បទ​ពិ​សោ​ធ៍​ជាមួយគ្នា​រួចមក និស្សិត​មកពី​ស្រុក​អន្លង់វែង បានធ្វើ​ទស្សនកិច្ច​ក្នុង​បរិវេណ​ស្ថានទូត​អាម៉េរិក​។ មន្ត្រី​ទទួលបន្ទុក​ផ្នែក​វប្បធម៌​របស់​ស្ថានទូត​អាមេរិក​ក៏បាន​ធ្វើ​បទ​បង្ហាញ​ដល់​និស្សិត​មកពី​ស្រុក​អន្លង់វែង​អំពី​ប្រវត្តិសាស្ត្រ និង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋ​អាម៉េរិក និង​បាន​នាំ​និស្សិត​ទាំងនេះ​ទៅ​ទស្សនាការ​តាំងពិព័រណ៍​រូបថត​ជាច្រើន​ទៀត​របស់​លោកជំទាវ​ទី​១​របស់​អាម៉េរិក គឺ Jacqueline Kennedy Onassis ដែល​បានមក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​១៩៦៧ ក្នុងសម័យ​សង្គមរាស្ត្រនិយម ដែលមាន​សម្ដេចព្រះ នរោត្តម សីហនុ ជា​ព្រះប្រមុខរដ្ឋ​ក្នុង​គោលបំណង​ស្ដា​នូវ​ទំនាក់​ទង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​ឡើងវិញ​។ ក្រោយពី​បាន​ទស្សនាការ​តាំងពិព័រណ៍​រូបថត​រួចមក លោក William A. Heidt ក៏បានផ្តល់​ឱកាស​ឲ្យ​និស្សិត​មកពី​ស្រុក​អន្លង់វែង​ចូល​សិក្សា​ស្រាវជ្រាវ នៅក្នុង​បណ្ណាល័យ​របស់​ស្ថានទូត ចូល​ប្រើប្រាស់​អី​ន​ធឺ​ណិ​ត​( Internet) និង​ផ្ដល់​កាត​ពិសេស​ដល់​និស្សិត​ទាំងនេះ​ឲ្យ​ចូល​បណ្ណាល័យ និង​បានបង្ហាញ​ពី​របៀប​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ទៀតផង​៕ ល​