​នី សុ​ភី និង វង្ស វិឆ័យ នឹង​ឈ្នះ​

224
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​ប្រកួត​សន្សំ​ពិន្ទុ អ្នក​ប្រយុទ្ធ​កំពូល​ថាមពល Champion លើស​ង្វៀន​អាស៊ីអាគ្នេយ៍ យប់​ថ្ងៃទី​២២ កញ្ញា អ្នក​ប្រដាល់ វង្ស វិឆ័យ ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ រ៉ុង ណា​ផា Rong Napha)​។​

​កាលពី​សប្ដាហ៍​មុន អ្នក​ប្រដាល់​កម្ពុជា ២ រូប បានឈ្នះ​អ្នក​ប្រដាល់​ថៃ ដូចគ្នា​។ សម្រាប់ វិឆ័យ ទោះបី​គេ​ទើបតែ​ចូលប្រឡូក ក្នុង​ពិភព​ប្រដាល់​គុន​ខ្មែរ ក៏ពិតមែន តែ​គេ​ហាក់ដូចជា ឆាប់​ទទួលបាន​នូវ​កេរ្តិ៍ឈ្មោះ ដោយសារតែ​អ្នក​ប្រដាល់​ជើងចាស់ ជាច្រើនរូប ត្រូវគេ​បង្ក្រាបបាន ។ សម្រាប់​ជំនួប​ជាមួយ អ្នក​ប្រដាល់​ថៃ រ៉ុង ណា​ផា គេ​ជឿថា វិឆ័យ មានឱកាស​ច្រើន ក្នុងការ​ប្រជែង យកជ័យ​ជំនះ ។​

វង្ស វិឆ័យ និង រ៉ុង ណា​ផា​

​តាមពិត រ៉ុង ណា​ផា ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង មួយរូប​ដែរ ធ្លាប់​ឆ្លងដែន​មក ប្រកួត​នៅ​ស្រុក​ខ្មែរ ជា​ញឹកញាប់​ដែរ មិនតែប៉ុណ្ណោះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ របស់​កម្ពុជា មិនតិច​នាក់​ទេ ដែល​ត្រូវ​អ្នក​ប្រដាល់​រូបនេះ បង្ក្រាបបាន​។ ពេលនេះ គេ​ជួប​ជាមួយ វិឆ័យ ទំនងជា​មិន​ស្រួល​ឡើយ ព្រោះ វិឆ័យ មាន​កណ្ដាប់ដៃ រឹង​ដូច​ថ្ម ទម្ងន់​ជើង​ធ្ងន់ ដូច​ប្រថពី​។​

​វង្ស វិឆ័យ មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៥​ដង ឈ្នះ​៥០​ដង ចាញ់​៥​ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់ បាន​ចំនួន​៨​ដង​។ ចំពោះ រ៉ុង ណា​ផា វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៧​ដង ឈ្នះ​៥៦​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ​១ ដង ។ នរណា ជា​អ្នកឈ្នះ ក្នុងការ​ប្រកួត​លើ​ទី​១​នេះ ?​។​

នី សុ​ភី និង ផេ​ត អ៊ូ​ប៊ុន

​នី សុ​ភី ក្លិប​សាល​វ័​ន្ដ​កីឡា ដែល​ទើបតែ​ដណ្ដើមបាន ខ្សែក្រវាត់​ថ្មីៗ​នោះ ត្រូវ​ជួប​ជាមួយ អ្នក​ប្រដាល់​ថៃ ឈ្មោះ ផេ​ត អ៊ូ​ប៊ុន (Phat Oubun) ។ សុ​ភី ជា​អ្នក​ប្រដាល់ ដែល​វ៉ៃ​មួយៗ ហើយ​គេ​ពូកែ​ប្រើ​កណ្ដាប់ដៃ និង​ជើង​រារាំង​គូប្រកួត មិន​ឲ្យ​ចូល​កៀក​គេ​ណាស់​។ ជង្គង់​របស់​អ្នក​ប្រដាល់ រូបនេះ និង​កែង​របស់គេ លំបាក​ទប់ទល់​ណាស់​។ ចំពោះ ផេ​ត អ៊ូ​ប៊ុន ក៏​មិនមែនជា​អ្នក​ប្រដាល់ ដែល​ស្រួល​បង្ក្រាប​ដែរ ទោះបី​កែង​របស់គេ មិនសូវ​អស្ចារ្យ​មែន តែ​កណ្ដាប់ដៃ ជង្គង់ និង​ស្នៀត​ទាត់ របស់គេ មិន​ស្រួល​ទប់ទល់​ឡើយ ហើយ​កែង​របស់គេ ចេញ​មួយៗ មាន​ប្រសិទ្ធភាព​ណាស់ ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៩០​ដង ឈ្នះ​៧៥​ដង ចាញ់​១៥​ដង ។ ចំពោះ នី សុ​ភី វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​១៦៧​ដង ឈ្នះ​១២៧​ដង ចាញ់​២៨​ដង និង​ស្មើ​ពិន្ទុ ១២​ដង ។ រវាង នី សុ​ភី និង ផេ​ត អ៊ូ​ប៊ុន ពិតជា​លំបាក​ប៉ាន់ស្មាន ជាមុន​ណាស់ តែ​គេ​ជឿថា សុ​ភី មានឱកាស​ច្រើនជាង​។​

​ចំពោះ​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ គង់ សំបូរ ក្លិប​គុហារ​ព្រហ្ម​ជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ កែវ សំរិទ្ធ ក្លិប​ខេត្ត​រតនគីរី ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម ។ ពុ​យ ក្រូច ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ ម៉ន សា​រ៉ា​យ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម​៕v

អ្នក​ដែល​ត្រូវ​ប្រកួត​គ្នា​ដណ្ដើម​ខ្សែក្រវាត់​