​នៅពេល​ភ្លើង​ត្រជាក់ ទឹក​បែរជា​ក្តៅ​

730

​ភ្នំពេញៈ​ការអនុវត្ត​តម្លៃ​ទឹក​ថ្មី​ដោយ​ពុំបាន​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​ដោយ រដ្ឋាករ​ទឹ​ស្វយ័ត​ក្រុងភ្នំពេញ បាននិងកំពុង​ធ្វើ​ឲ្យ​អតិថិជន​ប្រមាណ​ជា​៣០​ម៉ឺន​នាក់​ស្មើនឹង​ប្រជាជន​ប្រមាណ​ជា​បី​លាន​នាក់ នៅ​ទីក្រុង​ភ្នំពេញ​មានការ​រំ​ជីប​រំជួល បន្ទាប់ពី​បានឃើញ​ថ្លៃ​ប្រើប្រាស់​ទឹក​ប្រចាំខែ​កើន​ខ្ពស់ជាង​មុន​យ៉ាងច្រើន ក្នុង​រយៈពេល​ពីរ​បី​ខែ​ចុង​ក្រោយនេះ​រួចមក ។ ទឹក​ពេលនេះ​ដូចជា​បាន​ក្លាយជា​ភ្លើង​នៅពេល​តម្លៃ​ភ្លើង​ទូទាំងប្រទេស​បាន​ចុះ​ត្រជាក់​ដូចជា​ទឹក​វិញ​នោះ​។

រដ្ឋាករទឹកភ្នំពេញ

​ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​មកនេះ រស្មី​កម្ពុជា​ទទួលបាន​វិក្ក​យ​ប​ត្រ័​ថ្លៃ​ប្រើប្រាស់​ទឹកជា​បន្តបន្ទាប់​ទាំង​វិក្កយបត្រ​ថ្លៃ​ទឹក​ចាស់​គិតពីរ​ខែម្តង និង​វិក្កយបត្រ​ថ្លៃ​ទឹក​ថ្មី​គិត​មួយខែ​ម្តង សម្រាប់​ឲ្យ​ធ្វើការ​ប្រៀបធៀប​ដើម្បី​ឲ្យ​ដឹងថា តម្លៃ​ទឹក​បច្ចុប្បន្ន​ចុះថោក​ឬមួយ​ឡើងថ្លៃ​?​។​
​ ​នៅលើ​វិក្ក​យ​ប​ត្រ័​ថ្លៃ​ទឹក​របស់​អតិថិជន​ម្នាក់​ដែល​បាន​ប្រើប្រាស់​ទឹក​ពីរ​ខែ​គឺ​ពី​ដើមខែ​មីនា​ដល់​ដើមខែ​ឧសភា​(​ពីរ​ខែ​) ប្រើប្រាស់​ទឹក​អស់​ប្រមាណ​៣០​ម៉ែត្រ​គីប ត្រូវ​បង់ប្រាក់​អស់​ប្រមាណ​២៥.០០០​រៀល​ក្នុង​រយៈពេល​ពីរ​ខែ ។ ចំណែកឯ​វិក្កយបត្រ​ថ្លៃ​ទឹក​ថ្មី​របស់​អតិថិជន​ដដែល ដែល​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បានគិត​ពី​ដើមខែ​ឧសភា​ដល់​ដើមខែ​មិថុនា​(​មួយខែ​) ប្រើប្រាស់​ទឹក​អស់​៣២​ម៉ែត្រ​គីប ត្រូវ​បង់ថ្លៃ​ទឹក​អស់​រហូតដល់​ទៅ​៣៧.០០០​រៀល ។​
​ ​បើ​ធ្វើការ​ប្រៀបធៀប​លើ​វិក្កយបត្រ​ទាំង​២​របស់​អតិថិជន​ខាងលើ​ដែល​បាន​ប្រើប្រាស់​ទឹក​អស់​រយៈពេល​៣​ខែ​បាន​ឃើញថា​បរិមាណ​ទឹក​ប្រចាំខែ​ស្ថិតនៅក្នុង​រង្វង់​ដដែល តែ​តម្លៃ​បាន​កើនឡើង​យ៉ាងច្រើន​បើ​ធៀប​ទៅនឹង​តម្លៃ​ទឹក​ដែល​បានគិត​រយៈពេល​ពីរ​ខែម្តង​កាលពី​ពេលមុន​នោះ​។​តម្លៃ​ទឹក​គិត​ជា​ដំណាក់ៗ​ដែល​រដ្ឋាករ​ទឹកបាន​អនុវត្ត​ជាច្រើន​ឆ្នាំ​មកហើយ​នោះ គ្មាន​អតិថិជន​ណាត​វ៉ា​ទេ តែ​តម្លៃ​ថ្មី​ដែល​គេ​បាន​អនុវត្ត​ពីរ​បី​ខែ​ចុងក្រោយ​នេះ ធ្វើ​ឲ្យ​មានការ​រំជើបរំជួល​ទូទាំង​ក្រុងភ្នំពេញ​ហើយ​។​
​ ​នៅលើ​វិក្កយបត្រ​របស់​អតិថិជន​មួយ​ផ្សេងទៀត បានបង្ហាញ​ឲ្យ​ឃើញថា​រយៈពេល​ពី​ខែ​ប្រើប្រាស់​ទឹក​អស់​ប្រមាណ​២០០​ម៉ែត្រ​គីប ត្រូវ​បង់ប្រាក់​អស់​តែ​២៧០.០០០​រៀល​ដោយសារ​រដ្ឋាករ​ទឹកបាន​គិត​តម្លៃ​ទឹក​ទៅតាម​នាឡិកា​ស្ទង់​មាន​បួន​ប្រភេទ​ដែលមាន តម្លៃ​៥៥០​រៀល​, ៧៧០​រៀល , ១.០១០​រៀល និង តម្លៃ​១.២៧០​រៀល​សម្រាប់​មួយ​ម៉ែត្រ​គីប ដោយ​បូក​ទាំង​តម្លៃ​ថែទាំ​នាឡិកា​ស្ទង់ និង​ថ្លៃ​វិភាគទាន​លូទឹកស្អុយ​១០​ភាគរយ​នៃ​តម្លៃ​ទឹក​សរុប​ផង​។
​ ​វិក្កយបត្រ​របស់​អតិថិជន​ដដែល ដែល​រដ្ឋាករ​ទឹកបាន​គិត​ត្រឹម​រយៈពេល​ពី​ចុងខែ​ឧសភា​ដល់​ចុងខែ​មិថុនា​(​មួយខែ​) ដែល​ប្រើ​ទឹក​អស់​១៣០​ម៉ែត្រ​គីប​ត្រូវ​បង់ប្រាក់​ដល់​ទៅ​១៨៣.១៥០​រៀល​ដោយសារ​រដ្ឋាករទឹក​គិត​តម្លៃ​តាម​នាឡិកា​ស្ទង់​តែមួយ​ប្រភេទ​គត់​គឺ​មួយ​គីប​ថ្លៃ​១.២៧០​រៀល​។​បានន​យ័​ថា​ការប្រើប្រាស់​ទឹក​មួយខែ​នៅពេលនេះ​មានតម្លៃ​ច្រើនជាង​ពាក់កណ្តាល​នៃ​ការប្រើប្រាស់​ទឹក​រយៈពេល​ពីរ​ខែ​កាលពី​ពេលមុន​។ នេះ​ស​បញ្ជាក់ថា ទឹក​របស់​រដ្ឋាក​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ពិតជា​បាន​ឡើងថ្លៃ​។​
​ ​ការអនុវត្ត​តម្លៃ​ទឹក​ថ្មី​និង​វិធី​យកលុយ​ថ្លៃ​ទឹក​ថ្មី ដោយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នេះ ត្រូវបាន​គេ​និយាយថា​អតិថិជន​របស់​រដ្ឋាក​រ​ទឹក​នៅ​ទីក្រុង​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​ដែលមាន​ចំនួន​រហូតដល់​ទៅជិត​៣០​ម៉ឺន​នាក់​មិនបាន​ដឹង​ទេ ។ អតិថិជន​ទើបតែ​បានដឹង​នៅពេល​ថ្លៃ​ទឹក​ត្រូវ​បង់​មួយខែ​ម្តង​មាន​ចំនួន​ជិត​ស្មើនឹង​ថ្លៃ​ទឹក​ត្រូវ​បង់​ពីរ​ខែម្តង​រួចមក​។​
​ ​មន្ត្រី​មួយរូប​ដែល​មិន​គាំទ្រ​ដល់​ការអនុវត្ត​ផែនការ​ថ្មី​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១៤​ខែសីហា​ថា មូល​ហេតុដែល​រដ្ឋាករ​ទឹក​ប្តូរ​វិធី​ពី​ការយក​លុយ​ថ្លៃ​ទឹក​ពីរ​ខែម្តង​មក​មួយខែ​ម្តងវិញ​នេះ​គឺ​ដើម្បី​បន្លំ​ភ្នែក​អតិថិជន​មិន​ឲ្យ​មើល​ដឹង​ពី​ការ​ឡើងថ្លៃ​ទឹក ។ ការយកថ្លៃ​ទឹក​មួយខែ​ម្តង បើ​អ្នក​មិន​ចាប់អារម្មណ៍​មិន​គិតថា​ទឹក​ឡើងថ្លៃ​ទេ តែបើ​គេ​យក​ថ្លៃ​ទឹក​ពីរ​ខែម្តង​ដូច​មុន​នោះ​ប្រាក់​ដែល​បង់​ឃើញ​មាន​ចំនួន​ច្រើន​ជិត​ទ្វេដង​នៃ​ប្រាក់​ធ្លាប់​បង់​ពីមុន​នោះ ធ្វើ​ឲ្យ​អតិថិជន​មើល​ដឹង​ភ្លាម​ពី​ការ​ឡើងថ្លៃ​ទឹក​។​
​ ​នៅលើ​វិក្កយបត្រ​ថ្លៃ​ទឹក​ពីរ​ខែម្តង​ក្រៅពី​គិត​តម្លៃ​ទឹក តម្លៃ​វិភាគទាន​លូទឹកស្អុយ នៅមាន​គិត​តម្លៃ​ថែទាំ​នាឡិកា ដោយ​សម្រាប់​មួយខែ​ថ្លៃ​៧៥០​រៀល​(​ពីរ​ខែ​យក​ម្តង​ដូច​ថ្លៃ​ទឹក​គឺ​ស្មើ​១.៥០០​រៀល​) ។​ឯ​នៅលើ​វិក្កយបត្រ​ថ្មី មួយខែ​រដ្ឋាករទឹក​យកលុយ​ថ្លៃ​ទឹក​ម្តងវិញ គឺ​នៅតែ​យកលុយ​ថ្លៃ​ថែទាំ​នាឡិកា​ពីរ​ខែ ដូច​ការ​យកលុយ​ថ្លៃ​ទឹក​ពីរ​ខែម្តង​នោះ​ដដែល​។ បានន​យ័​ថា​រដ្ឋាករ​ទឹកបាន​បន្លំ​យកលុយ​ថ្លៃ​ថែទាំ​នាឡិកា​ពី​អតិថិជន​ម្នាក់​៧៥០​រៀល​ក្នុង​មួយខែ​។​សាកល្បង​យក​៧៥០​រៀល​គុណ​នឹង​អតិថិជន​ជិត​៣០​ម៉ឺ​នាក់​នោះ​មើល​តើ​សរុប​បាន​ប៉ុន្មាន​ហើយ​លុយ​នេះ​គេ​យកទៅ​ណា​?​។​
​ពាក់​ព​ន្ធ័​ទៅនឹង​បញ្ហា​តម្លៃ​ទឹក​និង​តម្លៃ​ថែទាំ​នាឡិកា ដែល​កំពុងមាន​ការរំជើបរំជួល​ពី​អ្នកប្រើប្រាស់​នេះ​កាលពី​ថ្ងៃទី​១៤​ខែសីហា​អ្នកយកព័ត៌មាន​កាសែត​រស្មី​កម្ពុជា​បានធ្វើការ​ទំនាក់ទំនង​ទៅ​លោក ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ដើម្បី​សុំ​ធ្វើការ​បកស្រាយ​។​នៅពេល​សួរថា​ហេតុអ្វី​តម្លៃ​ទឹក​គិត​មួយខែ​អស់​លុយ​ច្រើនជាង​តម្លៃ​ទឹក​គិត​រយៈពេល​ពីរ​ខែម្តង ? គិតលុយ​មួយខែ​ម្តង​ហេតុ​អី​ក៏​នៅតែ​យកលុយ​ថ្លៃ​ថែទាំ​នាឡិកា​ដល់​ទៅ​ពីរ​ខែ​? លោក​អគ្គនាយក​បាន​ឆ្លើយ​ដោយ​គ្មាន​ការ​ពន្យល់ថា បើ​អ្នកណា​,​អតិថិជន​ណា​មាន​បញ្ហា​តម្លៃ​ទឹក​ត្រូវ​អញ្ជើញ​មក​រដ្ឋាករទឹក ដើម្បី​អ្នកជំនាញ​ធ្វើការ​ពន្យល់​។​
​ការដំឡើងថ្លៃ​ទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក្រោមរូបភាព​អនុវត្ត​តម្លៃ​ថ្មី​តម្លៃ​តែមួយ​ប្រភេទ ដោយមាន​ការអនុញ្ញាត​ពី​ក្រសួង​ជា​អាណាព្យាបាល​នេះ​គេ​មិន​បានឃើញ​មានការ​ជូនដំណឹង​ទូលំទូលាយ​នោះទេ​គឺមាន​តែ​ការ​ឲ្យ​ដំណឹង​តាមរយៈ​ក្រដាស​ប៉ុន​បី​ធ្នាប់​ដៃ​កឹ​ប​ជាប់​ជាមួយនឹង​វិក្ក​យ​ប​ត្រ័​ទឹក គិតថ្លៃ​រយៈពេល​ពីរ​ខែម្តង​ជា​លើកចុងក្រោយ​ប៉ុណ្ណោះ​។​
​ក្រដាស​ឲ្យ​ដំណឹង​ដែល​រដ្ឋាករទឹក​ស្វ​យ​យ​ត្ន័​ក្រុងភ្នំពេញ បាន​ជូនទៅ​អតិថិជន​របស់ខ្លួន​នោះ​មាន​ខ្លឹមសារ​ថា រដ្ឋាករទឹក​ស្វ​យ​ត្ន័​ក្រុងភ្នំពេញ​មាន​កិត្តិយស​សូម​ជំរាបជូន​ដំណឹង ចំពោះ​សម្តេច ទ្រង់ ឯកឧត្តម លោក លោកជំទាវ លោក លោកស្រី ដែល​កំពុង​ប្រើប្រាស់​ទឹកស្អាត​ក្នុង​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​ជ្រាបថា ការប្រើប្រាស់​ទឹក​ចាប់ពី​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០១៧ ការទូទាត់​ថ្លៃ​ទឹក​ត្រូវ​អនុវត្តតាម​កម្មវិធី​ថ្មី ។ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នឹង​ប្តូរ​កម្មវិធី​ចេញ​វិក្ក​យ​ប​ត្រ័​ពីរ​ខែម្តង​មក​មួយខែ​ម្តងវិញ​។​រដ្ឋាករទឹក​ស្វ​យ​យ​ត្ន័​ក្រុងភ្នំពេញ​នឹង​ឈប់​ជូនដំណឹង​ស្តីពី​ការយឺតយ៉ាវ​ក្នុងការ​ទូទាត់​(​បង់ថ្លៃ​ទឹក​)​វិក្ក​យ​ប​ត្រ័​ថ្លៃ​ទឹក​ទៀតហើយ​។​
​ ​មន្ត្រី​ចូលនិវត្តន៍​មួយរូប​បាន​និយាយ​ឲ្យ​ដឹងថា បញ្ហា​ថ្លៃ​ទឹក​និង​ថ្លៃ​ភ្លើង​នៅក្នុង​ទីក្រុង​ភ្នំពេញ​ជា​បញ្ហា​មួយ​រសើប​បំផុត​តាំងពីដើម​មក​។ ដោយហេតុ​នេះហើយ​បានជា​មុននឹង​មានការ​សម្រេច​ថ្លៃ​ថ្មី​លើ​ចំណុច​ណាមួយ​លើ​ទំនិញ​ទាំងពីរ​ប្រភេទ​នេះ​មានការ​ស្ទាបស្ទង់​និង​ប្រជុំពិភាក្សា​យ៉ាង​ល្អិតល្អន់​បំផុត​និង​ត្រូវ​ឆ្លងកាត់​ការពិនិត្យ​សម្រេច​ជា​ចុង​ក្រោយពី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​រួច ទើប​យកទៅអនុវត្ត​ក្នុង​ជំហាន​សាកល្បង មិនមែន​ធ្វើ​ដូច​រដ្ឋាករទឹក​នៅពេល​នេះ​ទេ​។​
​ ​ការឡើង​ចុះ​តម្លៃ​ទឹក​ភ្លើង វា​ពាក់​ព​ន្ធ័​ទៅនឹង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ទីក្រុង ដោយសារតែ​បែបនេះហើយ​បានជា​ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩​មករ​ដ្ឋ​(​រដ្ឋាភិបាល​)​ជាពិសេស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចំណាយ​ទុន​អស់យ៉ាង​ច្រើន​ជា​បន្តបន្ទាប់​ទៅលើ​អាជីវកម្ម​ទឹក​និង​ភ្លើង ដើម្បី​កុំ​ឲ្យ​មានការ​ឡើងថ្លៃ​នាំទៅដល់​មានការ​ប៉ះពាល់​ជីវភាព​របស់​ប្រជាពលរដ្ឋនៅក្នុង​ទីក្រុង​។​
​ ​ថ្មីៗ​កន្លងទៅនេះ​និង​នៅពេលនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ខិតខំ​រក​គ្រប់​វិធីសាស្ត្រ​បញ្ចុះ​ថ្លៃ​ទឹក​និង​ថ្លៃ​ភ្លើង​នៅតាម​បណ្តា​ផ្ទះជួល ដើម្បី​បន្ថយ​ការចំណាយ​របស់​អ្នកស្នាក់នៅ​។ ចុះ​ហេតុ​អី​បានជា​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បែរជា​ដំឡើងថ្លៃ​ទឹក​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ នៅ​ទូទាំង​ក្រុង​ដែលមាន​ចំនួន​ប្រមាណ​បី​លាន​នាក់​ទៅវិញ​?​។ តើ​រដ្ឋាករទឹក​ធ្វើបែបនេះ​ដើម្បី​អ្វី ?
​ ​ការធ្វើ​អាជីវកម្ម​ទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយនេះ​ត្រូវបាន​គេ​ដឹងថា គ្មាន​ការខាតបង់​ទេ គឺមាន​តែ​ចំណេញ​រហូត​បង្កើតបាន​ជា​ផ្សារភាគហ៊ុន​ទៀតផង ។ ចុះ​ហេតុ​អី​ចាំបាច់​ធ្វើការ​កែប្រែ​តម្លៃ​ដែល​ធ្លាប់​អនុវត្ត​ដោយមាន​ភាពរលូន​ច្រើន​ឆ្នាំ​មកហើយ នាំ​ឲ្យ​មាន​បញ្ហា​កើតឡើង​ធ្វើ​អី​?​។​
​ ​មន្ត្រី​រដ្ឋាករទឹក​មួយ​រូប​បាន​ពន្យល់ថា តម្លៃ​ទឹកស្អាត​មិនបាន​ឡើងថ្លៃ​ទេ តែ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានធ្វើ​ការកែប្រែ​រូបមន្ត​យក​ថ្លៃ​ទឹក​នៅលើ​វិក្ក​យ​ប័ត្រ​ថ្មី​ដោយ​អនុវត្ត​យក​ថ្លៃ​ទឹក​តែមួយ​ប្រភេទ លើ​បរិមាណ​ប្រើប្រាស់​ចុងក្រោយ ទើប​ធ្វើ​ឲ្យ​តម្លៃ​ទឹក​សរុប​កើនឡើង​ជិត​ទ្វេ​រដង​បើ​ប្រៀបធៀប​ទៅនឹង​តម្លៃ​ពីមុន​។
​ ​ប្រភព​ខាងលើ​បាន​ពន្យល់​ទៀតថា​តម្លៃ​ទឹក​អនុវត្ត​ពីមុន​មាន​បួន​ប្រភេទ គឺ​អ្នកប្រើប្រាស់​ទឹក​ក្នុង​មួយខែ​អស់​៥,៦​ម៉ែត្រ​គីប​ក្នុង​មួយ​គីប​គិតថ្លៃ ៥៥០​រៀល​។ បើ​ប្រើ​អស់ពី​៦,៤​ម៉េ​ត្រ​គីប​ឡើង មួយ​ម៉ែត្រ​គីប​គិតថ្លៃ ៧៧០​រៀល​។ បើ​ប្រើ​អស់ពី​២៨​ម៉ែត្រ​គីប​ឡើង​មួយ​ម៉ែត្រ​គីប​គិតថ្លៃ​១.០១០​រៀល​និង​បើ​ប្រើ​អស់ពី​១៧១​ម៉ែត្រ​គីម​ឡើង​ក្នុង​មួយខែ​មួយ​ម៉ែត្រ​គីប​គិតថ្លៃ​១.២៧០​រៀល​។​តម្លៃ​សរុប​ត្រូវ​បូក​បន្ត​តាម ប្រភេទ​តម្លៃ​នីមួយៗ មិនមែន​គិត​តម្លៃ​តែមួយ​ប្រភេទ​ដូច​រដ្ឋាករទឹក​កំពុង​អនុវត្ត​នេះ​ទេ​។​
​ ​ការអនុវត្ត​តម្លៃ​ទឹក​ថ្មី​ដោយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នេះ ត្រូវបាន​គេ​និយាយថា​មិន​តម្លាភាព​លើ​វិក្កយបត្រ​ផ្ទុយទៅនឹង​អ្វីដែល​រដ្ឋាភិបាល​បានសម្រេច​កាលពី​ពេលមុន​មក​។ ជារួម​តម្លៃ​ទឹក​មិនបាន​កែប្រែ​ទេ គឺ​គេ​កែ​តែ​រូបមន្ត​យក​ថ្លៃ​ទឹក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទូទាំង​ក្រុងភ្នំពេញ ។ នៅ​ក្រុងភ្នំពេញ​កម្រ​មានគ្រួសារ​ប្រើប្រាស់​ទឹក​អស់​តិចជាង​បី​ម៉ែត្រ​គីប​ណាស់ ក្នុង​មួយខែ ព្រោះ​អ្នក​នៅ​ទីក្រុង​ភ្នំពេញ​មិនបាន​ប្រើប្រាស់​ទឹកភ្លៀង ឬ ទឹកស្រះ​ដូច​ប្រជាពលរដ្ឋ​នៅតាម​ខេត្ត​ឬ​តាម​ទីប្រជុំជន​នោះឡើយ​។
​រំលឹក​ឲ្យ​ដឹងថា​បញ្ហា​ទឹក​និង​ភ្លើង​សម្រាប់​ផ្គត់ផ្គង់​ដល់ទី​ក្រុង​សំខាន់ៗ​របស់​ប្រទេស​នីមួយៗ​កម្រ​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​កាន់កាប់​ដោយ​ឯកជន​ណាស់ ព្រោះ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ប្រទេសជាតិ​នៅពេល​ណាមួយ ដោយហេតុ​នេះហើយ​បានជា​កន្លងទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មានការ​វិនិយោគ​ផ្តាច់មុខ​ដោយ​ឯកជន​នៅលើ​វិ​ស​យ័​នេះហើយ​សុខចិត្ត​បន្ថែម​ទុន នៅពេល​មានការ​ខាតបង់​ដើម្បី​កុំ​ឲ្យ​មានការ​ឡើងថ្លៃ និង បា​នរក​គ្រប់​វិធី​បញ្ចុះតម្លៃ នៅពេល​ជំនួញ​ទាំងពីរ​នេះរ​កមាន​ផលចំណេញ​។​
​ការអនុវត្ត​តម្លៃ​ទឹក​ថ្មី​ដោយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នេះ គេ​ដឹងថា​តើ​មានការ​អនុញ្ញាត​ពី​ក្រសួង​សិប្បកម្ម​និង​ឧស្សាហកម្ម​ឲ្យ​កែប្រែ​ទេ​?​។​ជា​សកម្មភាព​របស់​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​ដូច​មិនបាន​ឲ្យ​ធ្វើ​ដូច​នេះដែរ​។ គឺមាន​តែ​ឲ្យ​បញ្ចុះតម្លៃ​ទឹក​នៅតាម​ផ្ទះជួល​។​
​រដ្ឋាករទឹក​សព្វថ្ងៃ​ជា​អង្គភាព​រដ្ឋ​ស្វយ័ត​មួយ ធ្វើ​អាជីវកម្ម​បានទទួល​ផល​ចំណេញ​ជា​បន្តបន្ទាប់​ខុសពី​ភ្លើង និង មាន​ទំនុកចិត្ត​យ៉ាង​កក់ក្តៅ ពី​ប្រជាពលរដ្ឋ​ដោយសារ​សេវាកម្ម​ល្អ​ជាងភ្លើង​រាប់ទាំង​កន្លែង​បង់ប្រាក់​ផង ។ តែ​ចុង​ក្រោយនេះ​ដូចជា​បានធ្វើ​ឲ្យ​អតិថិជន​ស្រឡាំងកាំង ដោយសារ​តម្លៃប្រើប្រាស់​ទឹក​កើនឡើង ក្នុងពេល​តម្លៃ​ភ្លើង​នៅ​ទូទាំងប្រទេស ដែល​ធ្លាប់តែ​មានតម្លៃ​ខ្ពស់​ហើយ​ផ្គត់ផ្គង់​មិនបាន​ដិតដល់​បាន​ចុះថោក ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ស្ទើរ​នៅ​ទូទាំង​នគរ​បាន​ត្រជាក់ចិត្ត​៕MN

ដោយៈប.ខុន
​ ​