​នៅ​ខេត្តព្រះវិហារ​បន្ត​ដាំ​កូនឈើ​ព្រៃ​ចំនួន​១៥.០០០​ដើម​បន្ថែមទៀត​

389
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៩​នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ជី​ឱក​បឹង​ប្រិ​យ៍​នៃ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុករ​វៀង​ខេត្តព្រះវិហារ​ក្រសួងបរិស្ថាន​បាន​បន្ត​ដាំ​កូនឈើ​ព្រៃ​ចំនួន​១៥.០០០​ដើម​បន្ថែមទៀត ។

​ពិធី​ដាំ​ស្តារ​កូនឈើ​ព្រៃ​នេះ​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​អគ្គនាយកដ្ឋាន​តំបន់​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​ដោយមាន​ការគាំទ្រ​និង​សហការ​ពី​គម្រោង​មូលនិធិ​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។​ក្នុង​គោលបំណង​រក្សា​គម្រប​ព្រៃឈើ​និង​បង្កើន​ជីវៈចម្រុះ​ក៏ដូចជា​ការទប់ស្កាត់​សកម្មភាព​កាប់​ទន្ទ្រាន​យក​ដីព្រៃ​ខុសច្បាប់​។​

​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្តព្រះវិហារ​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងបរិស្ថាន​ដែល​ខិតខំ​ប្រឹងប្រែង​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​សម្រាប់​មនុស្ស​គ្រប់​ជំនាន់​។​ជាពិសេស​យុ​ទ្ឋ​នា​ការដាំ​កូនឈើ​ព្រៃ​នៅតាម​តំបន់ការពារធម្មជាតិ​នាពេលនេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​បង្កើន​គម្រប​ព្រៃ​និង​ចូ​លួ​ម​នៅក្នុង​ការឆ្លើយតប​ការ​បម្រែបម្រួល​អាកាសធាតុ​និង​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​នៅក្នុង​ខេត្តព្រះវិហារ​។​

​លោក​សៅ​សុភាព​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានលើកឡើង​ថា​សហគម​ន៍​តំបន់ការពារធម្មជាតិ​មាន​តួនាទី​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​និង​ជីវ​:​ចម្រុះ​។​ក្រសួងបរិស្ថាន​នឹង​បន្ត​ផ្តល់​ការគាំទ្រ​ដល់​សហគមន៍​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ​តាមរយ​:​ជម្រើស​មុខរបរ​ថ្មីៗ​សកម្មភាព​ទេសចរណ៍ធម្មជាតិ​និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​នានា​។

​ក៏ដូចជា​ការពង្រឹង​សមត្ថភាព​សហគមន៍​ក្នុងការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​ដើម្បី​ធានាឱ្យមាន​ការប្រើប្រាស់​ធ​ន​ធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​និង​រក្សាបាន​នូវ​តម្លៃ​និង​មុខងារ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​តំបន់ការពារធម្មជាតិ​។

​លោក​រដ្ឋលេខាធិការ​បា​ន​ចាត់ទុកថា​ការចូលរួម​ដាំ​ស្តារ​ឈើ​ព្រៃ​នេះ​គឺជា​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដើម្បី​ជា​ប្រយោជន៍​ដល់​សហគមន៍​មូលដ្ឋាន​ដោយផ្ទាល់​និង​សង្គមជាតិ​យើង​ទាំងមូល​។​ជាមួយគ្នានេះដែរ​លោករ​ដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន​បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ដាំ​កូនឈើ​ព្រៃ​នៅថ្ងៃនេះ​បន្ត​ថែរក្សា​ការពារ​កូនឈើ​ឱ្យបាន​លូតលាស់​ល្អ​និង​ចូលរួម​កាត់បន្ថយ​ការដាក់​សម្ពាធ​ទៅលើ​ធនធានធម្មជាតិ​និង​ផ្លាស់ប្តូរ​គំនិត​ចូលរួម​ថែរក្សា​ធនធាន​នេះ​ឱ្យបាន​គង់វង្ស​។​

​សូមបញ្ជាក់ថា​ព្រឹត្តិការណ៍​ដាំ​កូនឈើ​ព្រៃ​នៅថ្ងៃនេះ​រៀបចំឡើង​បន្ទាប់ពី​ការដាំ​ស្តារ​ព្រៃ​ធម្មជាតិ​ចំនួន​២៥.០០០​ដើម​នៅ​ខេត្តសៀមរាប​ក្រោម​អធិបតីភាព​លោក​សៅ​សុភាព​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្តព្រះវិហារ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ក្រសួងបរិស្ថាន អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ឧ​ទ្យា​នុ​រក្ស ព្រះសង្ឃ និង​ប្រជា​សហគមន៍​ជាច្រើន​។​

​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៣​ដល់​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៩​កន្លងមកនេះ​ក្រសួងបរិស្ថាន​បាន​ដាំ​កូនឈើ​ព្រៃ​ចំនួន​៤០.០០០​ដើម​ដើម្បី​ស្តារ​ព្រៃឈើ​ឡើងវិញ​នៅក្នុង​តំបន់ការពារធម្មជាតិ​ចំនួន​ពីរ​គឺ​នៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​ភ្នំ​គូលែន​ខេត្តសៀមរាប​និង​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​ខេត្តព្រះវិហារ​លើ​ផ្ទៃដី​ចំនួន​១៦​ហិកតា​ដែល​បាន​ដកហូត​ពី​ការកាប់​ទន្ទ្រាន​ដីព្រៃ​ដោយ​ជនល្មើស​នៅតាម​តំបន់ការពារធម្មជាតិ​ទាំងនោះ​៕S/

#