​នៅ​ខេត្តមណ្ឌលគិរី​២​ថ្ងៃ​មាន​អ្នកស្លាប់​ពីរ​នាក់​ដោយសារ​ផ្ទុះ​គ្រាប់​និង​ខ្សែភ្លើង​ឆក់​

199
ចែករម្លែក

ដោយ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ជនជាតិ​ព្នង​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ក្រោយ​ពេលដែល​ប្រើ​កាំបិត​ទៅ​ដំ​ផាវ​គ្រាប់បែក​ដើម្បី​ច្នៃ​ឧបករណ៍​យកទៅ​បោក​ត្រី​តាម​អូ​និង​ប្រឡាយ​ផ្សេងៗ​ដែល​បណ្ដាលឱ្យ​ផ្ទុះ​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ពូ​ហ្យា​ម​ឃុំ​សែន​មនោ​រម្យ​ស្រុក​អូររាំង​ខេត្តមណ្ឌលគិរី​កាលពី​រសៀល​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ត្រូវគេ​ស្គាល់​ថា​ឈ្មោះ​ព្យើ​ល​ព្លើ​ន​ជនជាតិ​ព្នង​។​ហេតុការណ៍​នោះ បានកើត​ឡើ​ក្នុងពេលដែល​រងគ្រោះ​បាន​យក​ផាវ​គ្រាប់បែក​ចំនួន​៣០​គ្រាប់​ដាក់​ក្នុង​កំប៉ុង​មួយ​និង​យក​ដង​កំបិត​ទៅ​ដំ​ដែលនាំឱ្យ​ផ្ទុះ​។​ពេលនោះ​បាន​រង​នូវ​ការ​ដាច់​ប្រអប់ដៃ​ខាងឆ្វេង​ហើយ​កាំបិត​ដែល​យកទៅ​ដំ​គ្រាប់​នោះបាន​ហោះ​ទៅ​ជុង​ជាប់​នឹង​ភ្នែក​។​ករណីនេះ​នគរបាល​ស្រុក​អូររាំង​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ប៊ូ​ប៊ុន​ឈា​ត​អធិការនគរបាល​ស្រុក​កំពុងតែ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​និង​ស្រាវជ្រាវ​ល្អិត​បន្ថែម​។​

ដោយឡែក​នៅឯ​ស្រុក​កោះ​ញែក​ខេត្ត​មណ្ឌល​គី​រី​ជនសង្ស័យ​ជា​ម្ចាស់​ស្រែ​ដែល​រាយ​ខ្សែ​រលួស​បំពាក់​ឧបករណ៍​កែច្នៃ​ឆក់​សត្វ​តែ​បែ​ជា​ឆក់​មនុស្ស​ស្លាប់​នោះបាន​រង​នូវ​ការចាប់ខ្លួន​ហើយ​នៅ​ថ្ងៃទី​១៩​វិច្ឆិកា​នេះ​។​ជនសង្ស័យ​មានឈ្មោះ​អ៊ួ​ក​ធឿន​អាយុ​៤២​ឆ្នាំ​ត្រូវ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំរ​យ៉​ប​ញ្ជួ​ន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី រួមទាំង​វត្ថុតាង អាគុយ​ក្បាល​ឆក់ និង​ខ្សែ​រលួស ដើម្បី​បន្ត​នីតិវិធី​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថាៈ​នៅ​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​វេលា​ម៉ោង​២២​និង​៣​នាទី​មាន​ករណី​មនុស្ស​ស្លាប់​នៅ​ចំណុច​ស្រែ​ស្ថិត​ក្នុងភូមិ​មេ​មុំ​ឃុំរ​យ៉​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​។​ជនរងគ្រោះ​មានឈ្មោះ​យិន​ឃីម​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​ជនជាតិខ្មែរ​រស់នៅ​ភូមិ​អូរ​យ៉េះ​ឃុំ​ស្រែ​សង្គម​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​។​

​ហេតុការណ៍​បានកើត​ឡើង​ជនរងគ្រោះ​មកពី​ដឹកឈើ​លុះដល់​កន្លែងកើតហេតុ​ក៏​បែក​កង់​គោយន្ត​បន្ទាប់មក​ជនរងគ្រោះ​បាន​ចុះទៅ​ដងទឹក​ផឹក​ក្នុង​ស្រែ​ក៏​បណ្តាលឱ្យ​ប៉ះ​និង​ខ្សែ​រលួស​រាយ​ទុក​ឆក់​សត្វ​ស្លាប់​តែម្តង​។​ដោយ​ពុំ​អស់ចិត្ត​សាច់ញាតិ​បាន​ដឹក​ជនរងគ្រោះ​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​កោះ​ញែក​និង​ពិនិត្យឃើញថា​ជនរងគ្រោះ​បាន​ស្លាប់​ទៅហើយ​។​គេ​នៅ​ពុំទាន់​ដឹង​អំពី​ទោសទណ្ឌ​ជនសង្ស័យ​នៅឡើយ​គ្រា​ដែល​នគរបាល​កំពុង​បន្ត​នីតិវិធី​សួរនាំ​ជនសង្ស័យ​ខាងលើ​៕S/​