​នៅ​ខេត្តស្ទឹងត្រែង​ដុត​កម្ទេចចោល​គ្រឿងញៀន​តម្លៃ​ជិត​៥​លាន​ដុល្លារ​

823
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែង​:​ទិវារ​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្តស្ទឹងត្រែង​វត្ថុតាង​គ្រឿងញៀន​ទម្ងន់​១៩៣.៩៤​គីឡូក្រាម​ត្រូវបាន​ដុតបំផ្លាញ​ចោល​នៅ​ទីធ្លា​ព្រលានយន្តហោះ​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៩​។​ពិធី​នោះ​មានការ​ចូលរួម​ដោយ​លោក​អង្គ​វង្សវឌ្ឍានា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​។​

តាម​ការប៉ាន់ប្រមាណ​ថ្នាំញៀន​សរុប​ជិត​២០០​គីឡូក្រាម​មានតម្លៃ​ប្រហែល​ជិត​៥​លាន​ដុល្លារ​។​ថ្នាំញៀន​នេះ​សមត្ថកិច្ច​បង្ក្រាបបាន​ក្នុង​ខេត្ត​ចំនួន​៥​គឺ​ខេត្តស្ទឹងត្រែង​,​រតនគិរី​,​មណ្ឌលគិរី​,​ក្រចេះ​,​និង​ព្រះវិហារ​។​តុលាការ​ចំនួន​៥​ខេត្ត​បានសម្រេច​លើ​សំណុំរឿង​ថ្នាំញៀន​សរុប​១៩៣.៩៤​គីឡូក្រាម​បានមកពី​ខេត្ត​ទាំង​ប្រាំ​ដោយឡែក​ខេត្តស្ទឹងត្រែង​មាន​១៨៤​គីឡូក្រាម​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ជម្រុញ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ក៏ដូចជា​មន្ត្រី​មាន​សមត្ថកិច្ច​ទាំងអស់​ក្នុង​មូលដ្ឋាន​ដែល​ពាក់ព័ន្ធ​ឱ្យ​យកចិត្តទុកដាក់​រឹតបន្តឹង​ក្នុងការ​បង្ការ​និង​បង្ក្រាប​ក៏ដូចជា​ទប់ស្កាត់​នូវ​រាល់​បទល្មើស​គ្រឿងញៀន​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​មានប្រសាសន៍ថា​:​គ្រឿងញៀន​មានតម្លៃ​ខ្ទង់លាន​ដុល្លារ​ត្រូវបាន​ដុតបំផ្លាញ​ចោល​ក្រោយពេល​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​និង​រឹបអូស​បាន​នាពេល​កន្លងមក ។

​លោក​បន្តថា​:​ពួកឧក្រិដ្ឋជន​បាន​យក​ប្រទេស​កម្ពុជា ធ្វើជា​កន្លែង​ឆ្លងកាត់​ក្នុងការ​ជួញដូរ​គ្រឿងញៀន ជាពិសេស​ខេត្តស្ទឹងត្រែង​វា​ស្ថិត​នៅជាប់​និង​តំបន់​ផលិត​គ្រឿងញៀន​។​ដូច្នេះហើយ​បានជា​ធ្វើឱ្យ​ប្រទេស​កម្ពុជា​យើង​រង​នូវ​ការគំរាមកំហែង​ក្នុងការ​ចរាចរណ៍​ក៏ដូចជា​ប្រើប្រាស់​គ្រឿងញៀន ។​ម្យ៉ាងទៀត នាពេល​កន្លងមក​ពួក​ឧក្រឹដ្ឋជន​មិន​ត្រឹមតែ​ចរាចរណ៍​គ្រឿងញៀន​ប៉ុណ្ណោះ​ទេ​គឺ​ថែមទាំង​យក​ប្រទេស​កម្ពុជា​យើង​ធ្វើជា​កន្លែង​ផលិត​គ្រឿងញៀន​ទៀតផង​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ក៏​ថ្នាក់ដឹកនាំ​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោរ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាន​ប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ខិតខំ​ប្រឹងប្រែង​ប្តូរផ្តាច់​ក្នុងការ​ប្រយុទ្ធប្រឆាំង​និង​បង្ក្រាប​រាល់​បទល្មើស​ដែល​ពាក់ព័ន្ធ​និង​គ្រឿងញៀន​។​ជាក់ស្តែង​ក្នុង​ថ្ងៃ​២៦​មិថុនា​កន្លងទៅនេះ​រាជរដ្ឋាភិបាល​បានរួម​គ្នា​ប្រារព្ធ​ពិធី​ទិវារ​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោម​ប្រធានបទ (​សុខភាព​ដើម្បី​យុត្តិធម៌ យុត្តិធម៌​ដើម្បី​សុខភាព​) ។​

​សូមបញ្ជាក់​ផងដែរ​ថា​:​វត្ថុតាង​ដែល​ត្រូវបាន​ដុតបំផ្លាញ​ចោល​ចំពោះមុខ​អង្គពិធី​នាពេលនេះ​រួមមាន​៖​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ឬ​ម៉ា​ទឹកកក​ទម្ងន់​១៧៦​គីឡូក្រាម​និង​៥៧៩​ក្រាម​និង​៣៨​កញ្ចប់​តូច​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ឬ​យ៉ាម៉ា​មាន​ចំនួន​១៨.៣២១​គ្រាប់​និង​ទម្ងន់​៩៧៤,៨៦​ក្រាម​ប្រភេទ​កេ​តា​មីន​ចំនួន​១០​គីឡូក្រាម និង​៨១៤​ក្រាម ផងដែរ ៕S/​