​នៅ​ស្រុក​កែវ​សីមា​អគារ​ការិយាល័យ​ច្រកចេញចូល​តែ​១​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​បាន​សម្ពោធ​

362
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​អគារ​ការិយាល័យ​ច្រកចេញចូល​តែមួយ​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ កសាងឡើង​ក្នុងស្រុក​កែវ​សីមា​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​។​បន្ទាប់ពី​បាន​ប្រើ​រយៈពេល​កសាង​ជិត​១​ឆ្នាំ​ដើម្បី​បម្រើ​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ស្វែងរក​សេវាកម្ម​សាធារណៈ​ផ្សេងៗ​ដោយ​ពុំ​ចាំបាច់ ត្រាច់ចរ​ពឹងពាក់​សម​ត្ថ​កិច្ច​ជំនាញ​ច្រើន​កន្លែង​ដូច​មុនៗ​ទៀត​។​

​ការដាក់​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​អគារ​ដ៏​ថ្មី​សន្លាង​និង​ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​ស្រុក​កែវ​សីមា​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃទី​២៣​កក្កដា​២០១៩​ស្ថិតក្នុង​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី ក្រោម​វត្តមាន​អភិបាលខេត្ត​មណ្ឌលគិរី​លោក​ស្វាយ សំ​អ៊ាង ។​

​លោក​ស្វាយ​សំ​អ៊ាង​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ការបង្កើត​អគារ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ស្រុក​កែវ​សីមា​គឺជា​យន្តការ​ប្រមូលផ្តុំ​សេវាសាធារណៈ​ដែលមាន​គុណភាព​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាព​រដ្ឋ​។​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​បាន​ទាន់ពេលវេលា មាន​តម្លាភាព និង​តាម​និតិ​វិធី​សាមញ្ញ ជាពិសេស​គឺជា​កន្លែង​ប្រមូលផ្តុំ​សេវាកម្ម​និង​និតិ​វិធី​រដ្ឋបាល​នៅ​កន្លែង​តែមួយ​។​

​លោក​អភិបាលខេត្ត​បានលើកឡើង​បន្ថែមថា​កន្លងមក​ប្រជាពលរដ្ឋ​ស្នើសុំ​សេវាកម្ម​អ្វីមួយ​ដែលមាន​ការពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​ច្រើន​គឺ​ពួកគាត់​ត្រូវ​ទៅ​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​សមត្ថកិច្ច​ច្រើន​កន្លែង​ប៉ុន្តែ​ពេលនេះ​ពួកគាត់ គ្រាន់តែ​ស្នើសុំ​សេវាកម្ម​ទាំងនេះ​នៅ​ច្រកចេញចូល​តែមួយ​ជាការ​ស្រេច​។

​ម្យ៉ាងទៀត​ការបំពេញ​ទម្រង់​បែបបទ​និង​លិខិត​ផ្សេងៗ​សម្រាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ត្រូវ​រៀបចំ​ឲ្យ​មាន​លក្ខណៈសាមញ្ញ​ខ្លី​ច្បាស់លាស់​ងាយ​យល់​ហើយ​មន្ត្រី​ផ្នែក​ជួរមុខ​នៃ​ការិយាល័យ​ច្រកចេញចូល​តែមួយ ត្រូវ​ជួយ​បំពេញបែបបទ​ដល់​ប្រជាពលរដ្ឋ​ដែល​មិនចេះ​អក្សរ​ដោយ​សេចក្តី​ពេញចិត្ត​។

​ទន្ទឹមនឹង​នោះដែរ​អភិបាលខេត្ត​មណ្ឌលគិរី​បាន​ណែនាំ​ដល់​មន្ទីរ​អង្គភាព​ទាំងអស់​ត្រូវ​ប​ញ្ចូ​ន​មន្ត្រី​របស់ខ្លួន​ដែលមាន​ជំនាញ​ច្បាស់លាស់​ជាពិសេស​ត្រូវ​បណ្តុះបណ្តាល​ដល់​ពួកគាត់​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការផ្តល់​សេវាសាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព តម្លាភាព​គណនេយ្យភាព ច្បាស់លាស់ និង​អាច​ឲ្យ​ប្រជាពលរដ្ឋ​ជឿទុកចិត្ត​បាន​។​

​សូមបញ្ជាក់ថា​អគារ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ស្រុក​កែវ​សីមា​ដែល​បានដាក់​សម្ភោ​ធ​ឱ្យប្រើ​ប្រាស់​នាពេលនេះ​មាន​ទំហំ​១០​ម៉ែត្រ​គុណ​២០​ម៉ែត្រ​សាងសង់​ចាប់ពី​ខែធ្នូ​ឆ្នាំ​២០១៨​រហូតមកដល់​ខែកក្កដា​ឆ្នាំ​២០១៩​ទើប​រួចរាល់​ជា​ស្ថាពរ​ដោយ​ចំណាយ​ថវិកា​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​៕S/​

#