ដោយៈគ្រញូង/បាត់ដំបងៈ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក អធិការដ្ឋាននគរបាលស្រុក និងកម្លាំងអន្តរាគមន៍ បានដឹកទឹកចំនួន២ស៊ីទែន(រថយន្តពន្លត់អគ្គិភ័យ) ចំណុះទឹក១២.០០០លីត្រ(ចំនួន២ជើង) ចែកជូនប្រជាពលរដ្ឋនៅចំណុចបួឫស្សី ភូមិបឹងអន្លក់ និងចំណុចទួលក្រសាំងចាស់ ភូមិទួលក្រសាំង នៃឃុំក្តុលតាហែន ស្រុកបវេល នៅព្រឹកថ្ងៃទី៧ខែមីនឆ្នាំ២០១៩នេះ។
លោកវរសេនីយ៍ទោសុខ សារិន អធិការនគរបាលស្រុកបវេល បានបញ្ជាក់ថា ក្នុងការចុះចែកទឹកជូនប្រជាពលរដ្ឋចំនួនពីរភូមិនៃឃុំក្តិលតាហែន នាព្រឹកថ្ងៃទី៧ខែមីនានេះ មានការចូលរួមពីម្ចាស់អំណោយនិងសប្បុរសជនមួយចំនួនផងដែរ។ ក្នុងនោះបានការជួយឧបត្ថម្ភពីលោកស្រីរស់ សុគុណ សមាជិកក្រុមប្រឹក្សាស្រុក ថវិកាចំនួន៥ម៉ឺនរៀល លោកស្រីមន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ថវិកាចំនួន៥ម៉ឺនរៀល លោកសំអ៊ុន វណ្ណៈ មន្ត្រីអង្គភាពលទ្ធកម្មសាលាស្រុក ថវិកាចំនួន៤៥.០០០រៀល និងអធិការដ្ឋាននគរបាលស្រុកបវេល ចូលរួមផ្តល់រថយន្តដឹកទឹកចំនួន១គ្រឿង។
លោកស្រីរស់ សុគុណ សមាជិកក្រុមប្រឹក្សាស្រុកបវេលបានប្រាប់រស្មីកម្ពុជាថា ក្រៅពីឃុំក្តុលតាហែននៅមានចំណុចបឹងបេងភូមិបួសង្គ្រាជ នៃឃុំឃ្លាំងមាស ភូមិក្រពើសែសិប នៃឃុំបឹងប្រាំនិង ភូមិបឹងស្នួល បឹងអារ័ក្ស បឹងពពូល បួរជុំនិងស្ថាពរ២នៃឃុំអំពិលប្រាំដើម ក៍ជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ដែរ។
ចំណែកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុកបវេល បានអំពាវនាវដល់សប្បុរសជននានា ព្រមទាំងអាជ្ញាធរស្រុកខេត្ត សាខាកាកបាទក្រហម ពិសេសប្រធានក្រុមការងារចុះជួយស្រុកបវេល ក្នុងនោះមានលោកសក់សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងលោកខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន មេត្តាជួយអន្តរាគមន៍ចំពោះប្រជាពលរដ្ឋទាំងបួនឃុំនៃស្រុកបវេលដែលកំពុងជួបប្រទះគ្រោះរាំងស្ងួតខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ៕S/Ha
រូបថតៈរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកបវេលដឹកទឹកចែកប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់