​នៅ​ស្រុក​ស្នួល​អ្នកកាសែត​ម្នាក់​ត្រូវ​ជន​១​ក្រុម​ស្ទាក់​វាយ​ឱ្យស្លាប់​ភ្លាមៗ​

738
ចែករម្លែក

​ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​យុវជន​ម្នាក់​កាន់​កាត​កាសែត​ត្រូវបាន​ក្រុម​ជនដៃដល់​ស្ទាក់​វាយ​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​ត្រង់ចំណុច​ផ្លូវកែង​៨៨​ភូមិ​ជើង​ឃ្លេ​ឃុំ​២​ធ្នូ​ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។

​មន្ត្រីនគរបាល​ស្រុក​ស្នួល​បានឱ្យដឹងថា​ជនរងគ្រោះ​ឈ្មោះ​សន​ឬ​ទ្ធី​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ស្នាក់នៅ​ឃុំ​ស្នួល​ស្រុក​ស្នួល​ខេត្តក្រចេះ​កាន់​កាត​(​បាត់ដំបង​ប៉ុស្តិ៍​)​។​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​មាន​គ្នា​បីនាក់​នាំគ្នា​ជិៈ​ម៉ូតូ​ទៅ​រាំលេង​ធុងបាស់​នៅ​ចំណុច​គីឡូ​៩០​ភូមិ​ជើង​ឃ្លេ​ឃុំ​២​ធ្នូ​ស្រុក​ស្នួល​។​លុះដល់​ម៉ោង​កើតហេតុ ពួកគេ​បាន​ឡើង​ជិៈ​ម៉ូតូ បំណង​វិល​ត្រឡប់មកផ្ទះ​វិញ​ដោយ​ឈ្មោះ នី ធី​រ៉ា ជា​អ្នក​ឌុប និង​ឈ្មោះ ប៉ែ នៅ​កណ្ដាល ។​

​ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​សន​ឬ​ទ្ធី​ជិៈ​ពីក្រោយ​លុះ​មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​លេចមុខ​ក្រុម​ជនដៃដល់​ស្ទាក់​ចាំ​វ៉ៃ​និង​យក​ដុំថ្ម​មក​គុប​លើ​ពួកគេ​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ដែល​អង្គុយ​ខាងក្រោយ​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​នាំគ្នា​ព្រួត​វ៉ៃ​រហូតដល់​ស្លាប់​នៅ​កន្លែង​តែម្ដង​។

​មន្ត្រីនគរបាល​រូប​នោះបាន​បញ្ជាក់ថា​ក្រោយ​កើតហេតុ​ក្រុម​ជនដៃដល់​បាន​រត់គេច​បាត់​។​ចំណែក​ជនរងគ្រោះ​ស្លាប់​នៅ​ចិញ្ចើមផ្លូវ​ជាប់​ព្រៃ​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​តាម​ចាប់​ក្រុម​ជនសង្ស័យ​យកមក​ផ្ដន្ទាទោស​តាមច្បាប់​៕S/