​បងស្រី​របស់ខ្ញុំ​ឈ្មោះ ផានី និង​បងប្អូន​ផ្សេងទៀត​ដែល​បាត់​ខ្លួន​ក្នុង​របប​ខ្មែរក្រហម​

414
ចែករម្លែក

ដោយ​: ផាត ចាន់​សុ​និ​តា បុគ្គលិក​ស្ម័គ្រចិត្ត​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញ​:
ខ្ញុំ​មិនបាន​ចាំ​ឈ្មោះ​ឪពុក ម្តាយ បងប្អូន និង​ទីកន្លែង​កំណើត​ច្បាស់លាស់​ឡើយ ដោយសារ​ខ្ញុំ​នៅ​វ័យក្មេង​នៅមុន​ពេល​របប​ខ្មែរក្រហម​។ ខ្ញុំ​នៅចាំ​បាន​ថា​ខ្ញុំ​ឈ្មោះ វឿន ហៅ (​កា គី​សេង​) មាន​បងប្អូន​បួន​នាក់ ប្រុស​៣​នាក់ និង​ស្រី​១​នាក់​។ បងស្រី​ទី​១) ឈ្មោះ ផានី​, បងប្រុស​ទី​២) មិន​ចាំ​ឈ្មោះ ទី​៣) ខ្ញុំ (​វឿន​) និង​ទី​៤) ប្អូនប្រុស​ពៅ​ឈ្មោះ ធារ៉ា​។ បងប្អូន​ខ្ញុំ​ទាំង​បួន​នាក់​រស់នៅ​ជាមួយ​ម្តាយ​ដែលជា​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា​។​

រូបទីមួយរាប់ពីស្តាំ ៖ ម្តាយចិញ្ចឹម, បងស្រីចិញ្ចឹម និងកូន ព្រមទាំងប្តីរបស់គាត់ និងរួបខាងឆ្វេងបង្អស់ ខ្ញុំឈ្មោះ វឿន ហៅ កា គីសេង ថតនៅជំរំ ប្រទេសថៃ នៅខែធ្នូ ឆ្នាំ១៩៨០។

ចំណែក​ឪពុក​របស់ខ្ញុំ​ធ្វើ​ទាហាន និង​មាន​ប្រពន្ធចុង​ម្នាក់ទៀត​។ ឪពុក​របស់ខ្ញុំ​បាន​ចុះចោល​ម្តាយ​ខ្ញុំ និង​កូន​ទៅ​នៅ​ជាមួយ​ប្រពន្ធចុង​របស់គាត់​។ ម្តាយ​របស់ខ្ញុំ​បាន​ប្រកបមុខរបរ​លក់ដូរ​នៅ​ផ្សារ​។ ថ្ងៃមួយ​នៅ​អំឡុង​ឆ្នាំ​១៩៧៤ ពេលដែល​ម្តាយ​ខ្ញុំ​កំពុងតែ​ធ្វើដំណើរ​ទៅ​លក់ដូរ​នៅ​ផ្សារ​ដូច​ធម្មតា ក៏ត្រូវ​គ្រាប់ផ្លោង​របស់​យោធា​ខ្មែរក្រហម និង​កងទ័ព លន់ នល់ ដែល​បាន​បាញ់​ផ្លោង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​ម្តាយ​ខ្ញុំ​ស្លាប់បាត់​បង់ជីវិត​នៅពេលនោះ​ទៅ​។

​បន្ទាប់ពី​ម្តាយ​របស់ខ្ញុំ​បាត់បង់​ជីវិត​ទៅ យើងខ្ញុំ​ទាំង​បួន​នាក់​ពុំមាន​អ្នក​ចិញ្ចឹម​មើលថែ​ឡើយ​។ ដូច្នេះ​យាយ​របស់ខ្ញុំ​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ បានមក​យក​យើងខ្ញុំ​ទាំង​បួន​នាក់ ទៅ​រស់នៅ​ជាមួយ​គាត់​បាន​រយៈពេល​ប្រហែល​១​ខែ​។ ខ្ញុំ​នៅចាំ​បាន​ថា ខ្ញុំ​បាន​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​មុនពេល​ខ្មែរក្រហម​ឡើងកាន់​អំណាច​។​

​យាយ​របស់ខ្ញុំ​បាន​បំបែក​បងប្អូន​ខ្ញុំ​ទាំង​បួន​ឲ្យ​រស់នៅ​បែក​ពីគ្នា​។ យាយ​របស់ខ្ញុំ​បាន​ឲ្យ​គេ​យក​ខ្ញុំ និង​បងស្រី​ឈ្មោះ ផានី ទៅ​ផ្ញើ​នៅ​មណ្ឌល​កុមារកំព្រា នៅ​ម្តុំ​កំបូល ចំណែកឯ​បងប្រុស​ទី​២ និង​ប្អូនប្រុស​ពៅ​ឈ្មោះ ធារ៉ា ត្រូវបាន​យកទៅដាក់​កន្លែង​ផ្សេងទៀត​។ លោកយាយ​របស់ខ្ញុំ​បំបែក​បងប្អូន​ខ្ញុំ​ចេញពី​គ្នា ព្រោះ​គាត់​បារម្ភ​ខ្លាច​ថាបើ​បងប្អូន​ខ្ញុំ​រស់នៅ​ជុំគ្នា​នៅពេល​មាន​គ្រោះថ្នាក់​កើតឡើង​នឹងត្រូវ​ស្លាប់​ទាំងអស់គ្នា​។​

​យាយ​របស់ខ្ញុំ​បាន​ប្រាប់​បងប្អូន​របស់ខ្ញុំ​ថា គាត់​មាន​សោកស្តាយ​យ៉ាងខ្លាំង​ជាមួយ​ការស្លាប់​របស់​ម្តាយ​ខ្ញុំ ហើយ​គាត់​ក៏​មិន​ចង់​ឲ្យ​បងប្អូន​របស់ខ្ញុំ​បាត់បង់​ជីវិត​ទៀត​ដែរ​។ មណ្ឌលកុមារ​កំព្រា​ពេលនោះ​បានកំណត់​លក្ខខណ្ឌ​ក្នុងការ​ទទួលយក​ក្មេង​ចាប់ពី​អាយុ​៦​ឆ្នាំ ទៅ​១២​ឆ្នាំ​។ ខ្ញុំ​មាន​អាយុ​៥​ឆ្នាំ ចំណែកឯ​បងស្រី​ផាន់​នី មាន​អាយុ​១៣​ឆ្នាំ ដូច្នេះ​យើង​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ស្នាក់នៅ​មណ្ឌលកុមារ​កំព្រា​ឡើយ​។ ប៉ុន្តែ មាន​ទាហាន​ម្នាក់​បាន​ស្គាល់​ខ្ញុំ ហើយ​គាត់​ក៏បាន​កុហក​អ្នកគ្រប់គ្រង​នៅ​មណ្ឌលកុមារ​កំព្រា​ថា ខ្ញុំ​មាន​អាយុ​៦​ឆ្នាំ ទើប​ខាង​មណ្ឌលកុមារ​កំព្រា​អនុ​ញ្ញា​ត្ត​ឲ្យ​ខ្ញុំ​ស្នាក់នៅ​។ រីឯ​បងស្រី​របស់ខ្ញុំ​ដែលមាន​អាយុ​លើស​១​ឆ្នាំ​ខុសពី​គោលការណ៍​ដែល​មណ្ឌល​កុមារកំព្រា​បានកំណត់ មិនមាន​អ្នកណា​ជួយ​គាត់​ឲ្យ​បានរស់នៅ​ទីនោះ​ជាមួយ​ខ្ញុំ​ឡើយ​។​បងស្រី​ខ្ញុំ​ត្រូវបាន​យាយ​យកទៅដាក់​នៅ​កន្លែង​ផ្សេង​។ ចាប់តាំងពី​ពេលនោះ​មក ខ្ញុំ​នឹង​បងស្រី​ក៏​បែក​គ្នា​ជា​រៀង​រហូតមក​។

​នៅពេលដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច​នៅ​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ទាំងអស់​ចេញពី​ទីក្រុង​ភ្នំពេញ​។ ខ្ញុំ និង​កុមារ​ដទៃទៀត​ត្រូវបាន​យោធា​ខ្មែរក្រហម​ឲ្យ​ឡើង​ជិះឡាន​ចេញ​ទៅតាម​ខេត្ត​ផ្សេងៗ​។ លុះ​ធ្វើដំណើរ​ទៅដល់​ម្តុំ​ទីទួល​ភ្នំ​មួយ ប្រហែល​នៅក្នុង​ខេត្តកំពង់ស្ពឺ ឡាន​ក៏​រលត់ ខណៈនោះ​យោធា​ខ្មែរក្រហម​បាន​ប្រើ​កុមារ​ដែល​ជិះ​នៅលើ​ឡាន​ចុះជួយ​រុញ​ឡាន​ទៅមុខ​។ ដោយសារតែ​ខ្ញុំ​ហត់នឿយ​ពេក ខ្ញុំ​ក៏​មិនបាន​បន្តដំណើរ​ទៅមុខទៀត​ដែរ ហើយ​ក៏បាន​ចូលធ្វើការ​ក្នុង​កងកុមារ​ប្រហែល​នៅ​ម្តុំ​ខេត្តកំពង់ស្ពឺ​។ ទោះបី​ខ្ញុំ​នៅ​វ័យក្មេង​នៅឡើយ ប៉ុន្តែ​ខ្ញុំ​ត្រូវបាន​អង្គការ​ប្រើ​ឲ្យ​ធ្វើការ​នៅតាម​ការដ្ឋាន​ជា​ទម្ងន់ ដូចជា រែក​ដី និង​លើក​ទំនប់​។ នៅក្នុង​ឆ្នាំ​១៩៧៨ ខ្ញុំ​បាន​ជួប​បងស្រី​របស់ខ្ញុំ​វិញ ហើយក៏​ជា​លើកចុងក្រោយ​ដែរ នៅពេលដែល​ខ្ញុំ​កំពុង​ដើរទៅ​ធ្វើការ​។ ប៉ុន្តែ​យើង​មិនបាន​និយាយ​រកគ្នា​ឡើយ ដោយសារ​ខ្លាច​អង្គការ​ដាក់ទោស​។

រហូតដល់​ដើមខែ​មករា ឆ្នាំ​១៩៧៩ នៅពេលដែល​កងទ័ព​វៀតណាម​វាយ​ចូលមក កងកុមារ​របស់ខ្ញុំ​ត្រូវបាន​រំសាយ​។ ខ្ញុំ​ជា​កូនកំព្រា​ឪពុកម្តាយ ហើយ​ខ្ញុំ​ក៏​មិនដឹងថា​ត្រូវ​ទៅ​ទីណា​ដែរ ទើប​អ៊ំស្រី​ដែលជា​អ្នកមើល​ក្មេងៗ​នៅក្នុង​មណ្ឌលកុមារ​កំព្រា និង​ក្រោយមក​ត្រូវបាន​ខ្មែរក្រហម​ចាត់​ឲ្យ​មើល​កុមារ​នៅក្នុង​កងកុមារ​របស់​ខ្ញុំ បាន​យក​ខ្ញុំ​ទៅ​នៅ​ជាមួយ​គាត់ រួម​ជា​នឹង​ក្មេងស្រី​ម្នាក់ទៀត​។ ចំណែកឯ​ក្មេង​ដ៏ទៃទៀត​ដែលមាន​សាច់ញាតិ​បងប្អូន ក៏​ចេញទៅ​រស់នៅ​តាម​កន្លែង​ផ្សេងៗ​។ ខ្ញុំ​បានធ្វើ​ដំណើរ​ទៅជា​មួយ​អ៊ំស្រី​ដែល​ខ្ញុំ​បានចាត់ទុក​ដូចជា​ម្តាយចិញ្ចឹម រហូតដល់​ជំរំ​មួយ​នៅក្នុង​ប្រទេស​ថៃ​ដែល​ខ្ញុំ​មិន​ចាំ​ឈ្មោះ​។ ខ្ញុំ​គ្រាន់តែ​ចាំ​ថា ជំរំ​នោះ​នៅក្បែរ​សមុទ្រ​។ ក្រោយមក ក្មេងស្រី​ដែល​មកជា​មួយ​ខ្ញុំ​បាន​ស្រឡាញ់គ្នា​ជាមួយ​ទាហាន​នៅក្នុង​ជំរំ​នោះ ហើយ​ក៏បាន​រៀបការ និង​ចេញទៅ​រស់នៅ​ជាមួយ​ទាហាន​នោះ​។ ចំណែក​ខ្ញុំ​បានរស់នៅ​តែ​ពីរ​នាក់​ម្តាយចិញ្ចឹម​រហូតដល់​ចុងឆ្នាំ​១៩៨០​ក៏បាន​ចាក​ចេញពី​ជំរំ​ទៅកាន់​ប្រទេស​ទី​បី​។​ខ្ញុំ​និង​ម្តាយចិញ្ចឹម​បាន​ទៅដល់​ប្រទេស​កាណាដា នៅ​ដើមឆ្នាំ​១៩៨១​។

​ប្រសិនបើ​បងប្អូន​ដែលមាន​ឈ្មោះ និង​ព័ត៌មាន​ផ្ទាល់ខ្លួន​ដូចដែល​ខ្ញុំ​បាន​រៀបរាប់​ខាងលើ សូមមេត្តា​ទាក់ទង​មក​ខ្ញុំបាទ​តាមរយៈ​លេខ​ទូរ​សព្ទ ៖ ០៧៧ ៦១ ៧១ ៨៥ ឬ kyskar@hotmail.com ឬ​ទាក់​មក​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា តាមរយៈ​អាសយដ្ឋាន ៖ ផ្ទះ​លេខ​៦៦ ផ្លូវ​ព្រះសីហនុ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឬ​លេខ​ទូរ​សព្ទ ០១២៩៩៦៧៥០ និង អ៊ី​ម៉ែ​ល truthbunthorn.s@dccam.org៕