​បង្កើត​ដំណើរ​កម្សាន្ត​តាម​រ៉ឺម៉ក​ធាក់​ដោយ​កម្លាំង​មនុស្ស​ដើម្បី​អភិរក្ស​យានជំនិះ​បុរាណ

1783
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​បង្កើត​សេវា​លម្ហែ​កម្សាន្ត​តាម​រ៉ឺម៉ក​ដែល​ធាក់​ដោយ​កម្លាំង​មនុស្ស​សម្រាប់​ដំណើរ​គយគន់​សំណង់​បេតិកភណ្ឌ​ក្នុង​ក្រុង​កំពត​ដើម្បី​ភ្ញៀវ​មាន​អារម្មណ៍​ប្លែក​។​នេះ​ជា​កិច្ច​អភិរក្ស​ឱ្យស្រប​គ្នា​រវាង​យានជំនិះ​បុរាណ​ជាមួយនឹង​អគារ​វ័យ​ចំណាស់ៗ​ដែល​កើតមាន​តាំងពី​សម័យ​បារាំង​។​

លោក​សយ​ស៊ី​ណុល​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ជាមួយនឹង​គំនិត​ផ្តួច​ផ្តួ​ម​តាំងពី​ប៉ុន្មាន​ឆ្នាំមុន​មកដល់​បច្ចុប្បន្ន​មន្ទីរជំនាញ​បាន​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​គឺ​សេវា​លម្ហែ​កម្សាន្ត​តាម​រ៉ឺម៉ក​ដែល​ធាក់​ដោយ​កម្លាំង​មនុស្ស​។​ភ្ញៀវ​អាច​ជិះ​រ៉ឺម៉ក​កង់​សម្រាប់​ដំណើរ​គយគន់​សំណង់​បេ​តិក​ភ័ណ​ក្នុង​ក្រុង​កំពត​ដែលជា​ក្រុង​វ័យ​ចំណាស់​ភាគ​និរតី​នៃ​កម្ពុជា​។

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​ពេលនេះ​មានការ​ប្រមូលផ្តុំ​ប្រមាណ​ជាង​១០​រ៉ឺម៉ក​ហើយ​តទៅ​មន្ទីរ​នឹង​បង្កើន​បន្ថែម​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​។​មូលហេតុ​ដែលនាំឱ្យ​មន្ទីរ​បង្កើត​សេវា​កម្មនេះ​គឺ​ផ្អែកលើ​ទស្សនវិស័យ​និង​មានបំណង​អភិរក្ស​រ៉ឺម៉ក​កង់​ដែលជា​យានជំនិះ​កើតមាន​ក្នុង​សម័យបុរាណ​ឱ្យ​ក្លាយជា​ផលិតផល​ទេសចរណ៍​នៅ​តំបន់​សម្បូរ​សំណង់​បេ​តិ​ភណ្ឌ​បន្សល់ទុក​តាំងពី​អាណានិគមនិយម​បារាំង​។ លើសពីនេះ​មន្ទីរ​ក៏​ចង់​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​ប្រចាំថ្ងៃ​សម្រាប់​អ្នក​ធាក់​រ៉ឺម៉ក​ដែល​ភាគច្រើន​មាន​វ័យ​ចំណាស់ ហើយ​ធ្លាប់​លើកដាក់ និង​ដឹកជញ្ជូន​អីវ៉ាន់​ធ្ងន់ៗ​តែ​ទទួលបាន​ប្រាក់កម្រៃ​តិចតួច​នោះ​។

​លោក​សយ ស៊ី​ណុល​បាន​មានប្រសាសន៍​បន្តថា​មន្ត្រី​ជំនាញ​បាន​សិក្សា​ហើយ​ថា​នៅពេល​រ៉ឺម៉ក​កង់​នេះ ក្លាយជា​ផលិតផល​ទេសចរណ៍​និង​មានការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ពួកគាត់​នឹង​ទទួល​ចំណូល​ខ្ពស់ជាង​ការដឹកជញ្ជូន​អីវ៉ាន់​។​ម្យ៉ាងទៀត​ការអភិរក្ស​និង​ប្រើប្រាស់​រ៉ឺម៉ក​កង់​លើ​វិស័យ​ទេសចរណ៍​ជាការ​រួមចំណែក​ក្នុង​កិច្ច​អនុវត្ត​ទស្សនទាន​បៃតង​(Green)​ដែល​ពិភពលោក​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​ក្រសួងទេសចរណ៍​និង​ក្រសួងបរិស្ថាន​បាន​ជំរុញ​ព្រមទាំង​លើកទឹកចិត្ត​សម្រាប់​ការប្រើប្រាស់​មធ្យោបាយ​ដែល​មិន​ប្រើ​ថាមពល​ផ្សេងៗ​។

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ករណីនេះ​តម្រូវឱ្យមាន​ការចូលរួម និង​គាំទ្រ​ទាំង​អ្នកប្រើប្រាស់​សេវា ទាំង​បងប្អូន​ដែល​រក​ទទួលទាន​ចំពោះ​ផលិតផល​ទេសចរណ៍​នោះ​។​ដូច្នេះ​ក្នុងនាម​មន្ទីរជំនាញ​លោក​សូម​អំពាវនាវ​ដល់​ម្ចាស់​រ៉ឺម៉ក​កង់​ទាំងអស់​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​ពេល​ដឹក​ភ្ញៀវ​កម្សាន្ត​ទោះបី​យានជំនិះ​ប្រភេទ​នេះ​មិនអាច​ច្រើ​ប្រាស់​ល្បឿន​លឿន​ក៏ដោយ​។​

លោក​សំអាត​មគ្គុទេសក៍​ទេសចរណ៍​ក្រុមហ៊ុន​ទេសចរណ៍​បាត់​ថឺ​ហ្វ្លា​យ​សាខា​ខេត្តកំពត​បាន​រៀបរាប់ថា​កន្លងមក​ក្រោយពី​ការ​ជិះ​រ៉ឺម៉ក​កង់​លម្ហែ​កម្សាន្ត​ភ្ញៀវ​តែងតែ​ប្រាប់ថា​ពួកគាត់​មាន​អារម្មណ៍​សប្បាយ​ប្លែក​។​តាម​បទពិសោធន៍​ដែល​លោក​ធ្លាប់​ដើរ​ជាច្រើន​ខេត្ត​មិនឃើញ​ខេត្ត​ណាមួយ​មាន​រ៉ឺម៉ក​កង់​បែប​នេះឡើយ​ហើយ​ក្នុង​ខេត្តកំពត​ក៏​ស្ទើរតែ​បាត់បង់​ដែរ​។​មគ្គុទេសក៍​ដដែល​បាន​បញ្ចាក់​ថា​ការ​ជិះ​រ៉ឺម៉ក​កង់​នេះ​មិនមែន​មើល​តែ​ទេសភាព​ទេ​គឺ​សំដៅលើ​ដំណើរ​គយគន់​អគារ​បេតិកភណ្ឌ​ដែល​ស៊ីគ្នា​ទៅនឹង​រ៉ឺម៉ក​កង់​កើតមាន​តាំងពី​សម័យបុរាណ​នោះ​៕S/​