​បង្កើត​វិថី​ម្ហូបអាហារ​ដើម្បី​ភាពងាយស្រួល​និង​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ជិត​ឆ្ងាយ​

240
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ក្រសួងទេសចរណ៍​រដ្ឋបាល​ខេត្តកំពត​បានសម្រេច​ប​ង្កើ​ត​វិថី​ម្ហូបអាហារ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​និង​សុវត្ថិភាព​អនាម័យ​សម្រាប់​ភ្ញៀវ​ជិត​ឆ្ងាយ​ក្នុងការ​ទទួលទាន​។​សមិទ្ធផល​ថ្មី​នេះ​នឹង​កើតឡើង​នៅ​បរិវេណ​សួនច្បារ​ផ្សារ​ក្រណាត់​ចាស់​ស្ថិត​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​ទី​ដែល​ប្រកបដោយ​ទិដ្ឋភាព​ស្រស់បំព្រង និង​ផាសុកភាព​។​

លោក​សយ​ស៊ី​ណុល​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​និង​មានការ​ចូលរួម​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ​រដ្ឋបាល​ខេត្តកំពត​បាន​បង្កើត​វិថី​ម្ហូបអាហារ​ស្ថិតនៅ​សួនច្បារ​ក្បែរ​ផ្សារ​ក្រណាត់​ចាស់​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​។ ជា​ជំហាន​ដំបូង​ផ្សារ​ម្ហូបអាហារ​នេះ​មាន​ចំនួន​៥៥​តូប​ដោយ​តម្រូវឱ្យ​អ្នកលក់ដូរ​នៅ​កន្លែង​ផ្សេងៗ​ប្រមូលផ្តុំ​គ្នា​មក​នៅ​ទីតាំង​តែមួយ​។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​ពិធី​សម្ពោធ​សមិទ្ធផល​ថ្មី​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ មុន​ពិធីបុណ្យ​សមុទ្រ​ចូលមក​ដល់​។​នោះ​មិនមែន​មានន័យថា​កា​បង្កើត​វិថី​ម្ហូបអាហារ​សម្រាប់តែ​ពិធីបុណ្យ​សមុទ្រ​ទេ​គឺ​ការលក់ដូរ​នៅទីនេះ​នឹង​ដំណើរការ​ជា​អចិន្ត្រៃយ៍​តែម្តង​។​ក្រៅពី​រៀបចំ​ឱ្យមាន​សណ្តាប់ធ្នាប់​តាមរយៈ​ការប្រមូល​ល​ផ្តុំ​នេះ​វិថី​ម្ហូបអាហារ​ផ្តោតជាសំខាន់​លើ​ការលក់​របស់​ពិសា​សម្គាល់​អត្តសញ្ញាណ​តំបន់​ហើយ​មានការ​ត្រួតពិនិត្យ​លើ​បញ្ហា​អនាម័យ​ពី​មន្ត្រី​ជំនាញ​ជាប្រចាំ​ទៀតផង​។​

​លោក​សយ​ស៊ី​ណុល​បាន​បន្តថា​ក្រោយ​មាន​វត្តមាន​ពី​វិថី​ម្ហូបអាហារ​សង្ឃឹមថា​ភ្ញៀវ​មកពី​ទី​ឆ្ងាយ​លែង​ជួប​ការលំបាក​ហើយ​ទទួលបាន​នូវ​ក្តី​ពេញចិត្ត​ជាក់​ជាមិនខាន​។​វិថី​ម្ហូបអាហារ​ជា​ទស្សនទាន​អន្តរជាតិ​មួយ​ដែល​គ្រប់​ប្រទេស​ចាំបាច់​ត្រូវតែមាន​នៅតាម​ទីប្រជុំជន​នីមួយៗ​ដើម្បី​វិស័យ​ទេសចរណ៍​មាន​ភាពរស់រវើក​៕S/​