ដោយបូកគោ/កំពតៈ”អាជ្ញាធរក្រុងស្រុកឱ្យយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានតឹងរ៉ឹងនិងម៉ឺងម៉ាត់បំផុតចំពោះវិស័យសំណង់។គ្រប់ការដ្ឋានសាងសង់ចាំបាច់ត្រូវតែគោរពគោលការណ៍តាមបទដ្ឋាន ជៀសវាងគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយ”។
ថ្លែងក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈអភិបាលខេត្តកំពត នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ លោកជាវ តាយអភិបាលខេត្តកំពតបានមានប្រសាសន៍ថាក្នុងខេត្តកំពតមានសំណង់អគារជាច្រើនបានសាងសង់រួចដោយមិនមានច្បាប់។កន្លែងខ្លះទៀតមានច្បាប់តែធ្វើមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ទាំងនេះជាចំណុចដែលរដ្ឋបាលខេត្តត្រូវតែយកចិត្តទុកដាក់ក្នុងការពិនិត្យ និងចាត់វិធានការបន្ថែម។
លោកអភិបាលខេត្តបានបន្តថាកន្លងទៅរដ្ឋបាលខេត្តបានបង្កើតគណៈកម្មការចុះត្រួតពិនិត្យតាមដាន និងវាយតម្លៃព្រមទាំងណែនាំឱ្យម្ចាស់សំណង់ទាំងអស់មកសុំច្បាប់ឡើងវិញនូវអ្វីដែលខ្វះចន្លោះ ។ទោះសំណង់បានសង់រួចរាល់ក្តីចាំបាច់ត្រូវតែមានច្បាប់គ្រប់គ្រាន់។
ជាមួយនោះដែរក៏មានពលរដ្ឋមួយចំនួនបានធ្វើសំណូមពរសូមការយោគយល់ដោយសារពេលខ្លះពួកគាត់កំពុងបុកគ្រឹះស្រាប់តែសមត្ថកិច្ចជំនាញចុះឃាត់ដែលជាផ្នែកមួយធ្វើឱ្យខាតបង់ប្រាក់លើការជួលជាង។
លោកជាវតាយបានបញ្ជាក់ថារដ្ឋបាលខេត្តក៏មានការយោគយល់ដែរ។ប៉ុន្តែមិនឱ្យឃ្លាតឆ្ងាយពីច្បាប់នោះទេ។និយាយរួមរាល់សំណង់ត្រូវតែស្របច្បាប់និងមានលិខិតអនុញ្ញាតហើយការយោគយល់ក៏មានកម្រិតព្រំដែនដូចជាការទុកពេលវេលាឱ្យពលរដ្ឋទៅបំពេញសំណុំបែបបទដើម្បីបញ្ជូនទៅផ្នែកជំនាញជាដើម។
ក្នុងករណីបើដល់ថ្ងៃកំណត់នៅតែគ្មានច្បាប់មិនគោរពតាមការណែនាំនោះរដ្ឋបាលខេត្តនឹងចាត់ការបន្ត។ លោកអភិបាលខេត្តក៏បានក្រើនរំលឹកផងដែរថាថ្នាក់ដឹកនាំក្រុងស្រុកត្រូវបញ្ជាដល់ម្ចាស់ត្រូវហ៊ុមព័ទ្ធការដ្ឋានសំណង់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសជៀសវាងគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយ៕S/