​បង្ក្រាប​ទីតាំង​បញ្ចាំ រកឃើញ​ម៉ូតូ​ល្មើសច្បាប់ ៦០​គ្រឿង​

254
ចែករម្លែក
​បង្ក្រាប​ទីតាំង​បញ្ចាំ រកឃើញ​ម៉ូតូ​ល្មើសច្បាប់ ៦០​គ្រឿង​

ដោយៈបាយ័ន​/​សៀមរាបៈ នៅ​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ កម្លាំង​សមត្ថកិច្ច នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប បាន​ចុះ​ឡោមព័ទ្ធ​ទីតាំង ផ្ទះ​បញ្ចាំ​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ចុងស្រុក សង្កាត់​-​ក្រុង​សៀមរាប ខេត្ត​សៀម​រប ដោយ​រកឃើញ ម៉ូតូ​ល្មើសច្បាប់ ចំនួន ៦០ គ្រឿង​។


​ ​នគរបាល ក្រុង​សៀមរាប បាន​និយាយថា ប្រតិបត្តិការ​ចុះបង្ក្រាប ទីតាំង​បញ្ចាំ​ខាងលើ គឺ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រណ្ម​ទណ្ឌ ដោយ​សង្ស័យថា ទទួលបាន​ពី​ផល​ចោរកម្ម ប្រមាណ ៦០ គ្រឿង ក្នុងនោះ​ប្រភេទ​ម៉ូតូ​កាច់ ក មាន​ប្រមាណ ២០ គ្រឿង​។​


​ ​សមត្ថកិច្ច បាន​បន្តថា ក្នុងការ​បង្ក្រាប​នោះ សមត្ថកិច្ច ក៏បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង ដែលមាន​ឈ្មោះ យាយ​ហួរ និង​កូន​ឈ្មោះ ហូរ យកទៅ​ធ្វើការ​សួរនាំ ផងដែរ​។ តាម​ការបញ្ជាក់​របស់​សមត្ថកិច្ច​ថា ទីតាំង​ខាងលើ បាន​បើកទទួល​បញ្ចាំ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​ទទួលយក​ម៉ូតូ ដែល​គ្មាន​ឯកសារ​គ្រប់គ្រាន់ ដោយ​បើក​រយៈពេល​យូរ​ឆ្នាំ​មកហើយ ហើយក៏​ធ្លាប់​ត្រូវ​សមត្ថកិច្ច ចុះ​ធ្វើការ​បង្ក្រាប​ម្តង​ហើយ​ដែរ តែ​នៅតែ​ប្រព្រឹត្ត​ទៀត​។​


​ ​ទោះជា​យ៉ាងណាក៏ដោយ នៅ​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា នេះ ម៉ូតូ​ទាំង ៦០ គ្រឿង រួមទាំង​ម្ចាស់​ទីតាំង ត្រូវបាន​សមត្ថកិច្ច បញ្ជូន​យកទៅ​អធិការដ្ឋាន នគរបាល​ក្រុង​សៀមរាប ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់វិធានការ តាម​នីតិវិធី​៕សរន

ចុះបង្ក្រាប​ទីតាំង​បញ្ចាំ​សង្ស័យ​ទទួលផល​ចោរកម្ម​នៅ​សង្កាត់​សៀមរាប រកឃើញ​ម៉ូតូ​ល្មើសច្បាប់​ចំនួន​៦០​គ្រឿង
ចុះបង្ក្រាប​ទីតាំង​បញ្ចាំ​សង្ស័យ​ទទួលផល​ចោរកម្ម​នៅ​សង្កាត់​សៀមរាប រកឃើញ​ម៉ូតូ​ល្មើសច្បាប់​ចំនួន​៦០​គ្រឿង