​បង្ខះ​ទឹកស្រះ​ខាងជើង​ប្រាសាទអង្គរវត្ត​ដើម្បី​ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​

1288
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្ខះ​ទឹកស្រះ​កស្សិណ​ខាងជើង​ប្រាសាទអង្គរវត្ត​ដើម្បី​ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​។​នេះ​គឺជា​ការបញ្ជាក់​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០១៩​នេះ​។

​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់ថា​កន្លងមក​អាជ្ញាធរ​ជាតិ​អប្សរា​ធ្លាប់បាន​ជូនដំណឹង​ម្តង​រួចមកហើយ​អំពី​ដំណើរការ​កំណាយ​បុរាណវិទ្យា​នៅ​ស្រះ​ខាងជើង​ប្រាសាទអង្គរវត្ត​ដើម្បី​ស្វែងយល់​ពី​រចនាសម្ព័ន្ធ​បុរាណ​ស្រះ ទ្រង់ទ្រាយ​ស្រះ និង​ស្រទាប់ដី​ចាក់​បង្គរ​ក្នុង​ស្រះ​។​

​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​បន្តថា កំណាយ បុរាណវិទ្យា​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩​រហូតដល់​បច្ចុប្បន្ន​ហើយ​ទឹក​ក្នុង​ស្រះ​ត្រូវបាន​បង្ខះ​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ក្រុម​អ្នក​បុរាណវិទ្យា​អាជ្ញាធរ​ជាតិ​អប្សរា​បំពេញការងារ​បន្តទៀត​។​

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្តទៀតថា​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​អាច​ផ្តិត​យក​ទិដ្ឋភាព​នៃ​ប្រាសាទអង្គរវត្ត​ឆ្លុះ​ក្នុង​ទឹកស្រះ​ខាងត្បូង​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​បំពេញ​ទឹកជា​ប្រចាំ​ក្នុង​កម្រិត​អតិបរិមា​៕S/

​រូបភាព​:​បង្ខះ​ទឹកស្រះ​ខាងជើង​ប្រាសាទអង្គរវត្ត​ដើម្បី​ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​៕​អាជ្ញាធរ​ជាតិ​អប្សរា​