​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​៣​នាក់​ក្នុងចំណោម​១១​នាក់​ដែល​ប្រើ​ហិង្សា​លើ​លោក​បណ្ឌិត​ស៊ុយ​សារ៉េត

1239
ចែករម្លែក

​ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​ជួន​សុវណ្ណ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​កំណត់​ឲ្យ​តាម​ចាប់​ជន​ដែល​ពាក់ព័ន្ធ​ប្រើ​ហិង្សា​នៅក្នុង​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ចេតនា​លើ​លោក​បណ្ឌិត​ស៊ុយ​សារ៉េត​កាលពី​រសៀល​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០១៨​បានបង្ហាញ​មុខជា​សាធារណៈ​នូវ​ជនសង្ស័យ​ចំនួន​៣​នាក់​ក្នុងចំណោម​១១​នាក់ មុន​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់ ។​

​ក្នុងការ​បង្ហាញ​មុខជា​សាធារណៈ លោក ប៊ុន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ក្នុងចំណោម​១១​នាក់ ដែល​បាន​ប្រើ​អំពើហិង្សា​ដោយ​ចេតនា លើ​លោក​បណ្ឌិត ស៊ុយ សារ៉េត បានធ្វើ​ឡើង​ក្រោម​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ដោយ​ជំហាន​ដំបូង​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​២​នាក់​រួមមាន​៖ ទី​១-​ឈ្មោះ អាន វិ​នទី អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងទង ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក និង​ទី​២-​ឈ្មោះ យា​ត ទិ​ត្យា ហៅ​យ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ជន​ទាំង​២​នាក់​ឃាត់​បាន​កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ភោជនីយដ្ឋាន​ឈូក​ទិព្វ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ។​

​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រូបនេះ​បានបញ្ជាក់​ទៀតថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ទើប​បន្ត​ការស្រាវជ្រាវ​បន្ថែម រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន ចំនួន​ម្នាក់ទៀត​ឈ្មោះ អាន ផល្លី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​រត់​រឺ​ម៉ក​កង់​បី ស្នាក់​នៅផ្ទះ​លេខ​២៥៤១ ផ្លូវជាតិ​លេខ​៥ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ កាលពី​យប់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​ឃុំ​ល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

​លោក​បន្តទៀតថា ជនសង្ស័យ​ដែល​បាន​បង្ក​ហិង្សា​ទៅលើ​លោក​បណ្ឌិត ស៊ុយ សារ៉េត និង​វាយ​រថយន្ដ​បណ្ដាល​ឲ្យ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ទាំងអស់​មាន​ចំនួន​១១​នាក់ និង​បាន​ឃាត់ខ្លួន​៣​នាក់ និង​៨​នាក់​ផ្សេងទៀត ដែល​នៅ​សេសសល់ បាន​ស្គាល់​អំពី​អត្តសញ្ញាណ​អស់ហើយ និង​កំពុង​បន្ត​ស៊ើបអង្កេត​ស្វែងរក​ឃាត់ខ្លួន ដើម្បី​យកមក​ផ្ទ​ន្ទា​ទោស​តាមច្បាប់ ក្នុងការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​តាម​បទបញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​ដ៏​មានការ​ភ្ញាក់ផ្អើល​រវាង​រថយន្ត​និង​ម៉ូតូ ម្ចាស់​រថយន្ត​បង្ក​ដែល​គេ​ស្គាល់​ថា ឈ្មោះ ស៊ុយ សារ៉េត សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​កម្ពុជា បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​រួចហើយ​ព្យាយាម​បើក​រត់ តែ​ត្រូវ​ប្រជាពលរដ្ឋ និង​ជន​ឪ​កាស​និយម​ឆ្លៀត​វាយកម្ទេច​រថយន្ត និង​អ្នកបើកបរ​របួស​យ៉ាងដំណំ ។ ដោយ​ពិនិត្យឃើញ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ លោក​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម តែ​ពេលនេះ​ពេទ្យ​បញ្ជាក់ថា មិន​ប៉ះពាល់​ក្បាល​ខ្លាំង​នោះឡើយ​។​

​គួ​រំលឹកថា រថយន្ត​បង្កហេតុ​ដែល​បើក​ដោយ លោក ស៊ុយ សារ៉េត បាន​បើក​បុក​គេ​ដំបូង​នៅ​ម្តុំ​វត្ត​ទួល​អស់លោក ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ នៅវេលា​ម៉ោង ៥​ល្ងាច​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ ២៦១ កែង​ផ្លូវ​១៦០ រវាង​រថយន្ត ម៉ាក​GS5 ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 2AP-9719 និង​ម៉ូតូ​១​គ្រឿង ម៉ាក​ឃ្លិ​ច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2FM-2402​។​បន្ត​បើក​រត់គេច​តាមផ្លូវ រហូតដល់​ម្តុំ​ផ្សារ​ធំថ្មី ជិះ​២​ទៅ​៣​ជុំ​នៅ​ម្តុំ​ផ្សារ​ថ្មី ហើយ​បន្ត​បើក​រត់គេច​តាមផ្លូវ​ម្តុំ​ផ្សារ​ដេប៉ូ ក៏មាន​បុក​ប្រជាពលរដ្ឋ​តាមផ្លូវ​ផងដែរ ហើយ​បន្តទៅ​ម្តុំ​ក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ ជិះ​ម៉ូតូ​ជិត​២០០​គ្រឿង​តាម​ទាន់ ៕S/