ដោយ រស្មី/ខេត្តកំពង់ឆ្នាំងៈអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ២២សពបានធ្វើពិធីប្រគល់ ទទួល កាលពីព្រឹកថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៩ នៅក្នុងទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។
ពិធីនេះក្រោមអធិបតីភាព លោកស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្ត និងលោកង្វៀង វ៉ាន់ងៀ អនុស្នងការ ស្នងការដ្ឋាននយោបាយ និងជាអនុប្រធានគណៈចង្អុល 515 យុទ្ធភូមិភាគទី 9 នៃកងទ័ព ប្រជាជនវៀតណាម ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
នៅក្នុងពិធីនោះលោកឧត្តមសេនីយ៍ទោធន់ធឿនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានអានរបាយការណ៍ស្ដីពី ការរុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងខេត្តកំពង់ឆ្នាំងថា៖ យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជារៀងរាល់ឆ្នាំរវាងគណៈកម្មការជំនាញរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគណៈកម្មការជំនាញនៃរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមស្ដីពីការបន្តទៅរកជីកលើកធ្វើមាតុភូមិនិវត្តន៍អធ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនូវជំនាញការវៀតណាមដែលបានពលីក្នុងសម័យកាលសង្គ្រាមលើទឹកដីកម្ពុជា។
ថ្ងៃនេះយើងបានធ្វើពិធីប្រគល់ទទួលនូវអដ្ឋិធាតុរបស់កងទ័ពស្ម័គចិត្តវៀតណាមចំនួន២២សពដែលរកឃើញនៅស្រុកកំពង់ត្រឡាចចំនួន ២០ សព ស្រុកសាមគ្គីមានជ័យចំនួន១សពនិងស្រុកជលគិរី ចំនួន១សព។
អដ្ឋិធាតុទាំង២២សពនេះគឺបានរកឃើញនៅលើទីតាំង១៤កន្លែង។ដែលបានធ្វើការជីកកាយយក ក្រោមការជូនដំណឹងនិងចង្អុលបង្ហាញ របស់ប្រជាពលរដ្ឋចំនួន ២០នាក់ ។ អធិធាតុទាំង ២២ សពនេះគឺបានរកចាប់ពីថ្ងៃទី ១៥ ខែតុលា ២០១៨ នឹងបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ។
សម្រាប់ខេត្តកំពង់ឆ្នាំងនេះជាលើកទី១៨ហើយដែលបានធ្វើពិធីប្រគល់ទទួលអធិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមធ្វើមាតុភូមិនិវត្តន៍វិញ។បើគិតចាប់ពីលើកទី១ដល់ទី១៨នេះបានរកឃើញអដ្ឋិធាតុអតីតកងទ័ពស្មគចិត្តវៀតណាម ចំនួន ៣៤៥សពហើយ។
លោកឧត្តមសេនីយ៍ទោធន់ធឿនបានបញ្ជាក់ថាៈជាមួយនឹងការលើកទឹកចិត្តផ្តល់ព័ត៌មានដែលបានឈានដល់រកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ឃើញ គណៈកម្មការជំនាញថ្នាក់ខេត្ត បានឧបត្ថម្ភ ដល់ប្រជាពលរដ្ឋដែលបានរាយការណ៍ក្នុងសពមួយ ចំនួន ២០ម៉ឺនរៀល។ ចំណែកអង្គភាព K90 បានជួយឧត្ថមសព១ ចំនួន៤០ម៉ឺនរៀលសរុបក្នុងសព១ចំនួន៦០ម៉ឺនរៀលជូនដល់ប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះដែរ លោកស៊ុន សុវណ្ណរិទ្ធ ក៏បានថ្លែងអំណរគុណដល់កងទ័ពស្ម័គ្រចិត្ត វៀតណាមដែលបានសហការសាមគ្គីគ្នាជាមួយកងទ័ពបដិវត្តកម្ពុជាក្នុងជួយរំដោះប្រទេសជាតិមាតុភូមិអោយ រួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម៣ ឆ្នាំ ៨ ខែនិង ២០ថ្ងៃ ៕S/