​បញ្ជា​ឱ្យ​អ្នកចាក់ដី​លុប​កោង​កាង​ពីរ​កន្លែង​ក្នុងស្រុក​ទឹកឈូ​កាយ​ចេញ​និង​ដាំ​ដុះ​ឡើងវិញ​

214
ចែករម្លែក

ដោយ​បូកគោ​/​កំពត​៖​រដ្ឋបាល​ខេត្តកំពត​បា​ន​តម្រូវឱ្យ​អ្នក​បំពាន​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​បម្រុង​កាន់កាប់​ដោយ​ការចាក់​លុប​ដើម​កោង​កាង​នៅ​កន្លែង​ពីរ​ផ្សេងគ្នា​នៃ​ស្រុក​ទឹកឈូ​ធ្វើការ​កាយ​ដី​ចេញរួច​ដាំ​ដុះ​ឡើងវិញ​ក្នុង​កំណត់​កាល​វេលា​ជាក់លាក់​មួយ​។​

​លោក​ស​សូ​រិ​ន​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពត​បានបញ្ជាក់​ថា​ផ្អែក​តាម​សំណូមពរ​ពី​ប្រជា​នេសាទ​សហគមន៍​ព្រែក​ត្នោត កាលពី​រសៀល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ជលផល​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ខេត្តកំពត​បា​ន​ចុះ​ពិនិត្យមើល​ការចាក់ដី​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ព្រែក​ត្នោត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​។

ក្រុមការងារ​បាន​ប្រទះឃើញ​រថយន្ត​ដឹក​ដី​ពាក់​ស្លាក​លេខខ​.​ម​ជាច្រើន​គ្រឿង​ដែល​អ្នកបើក​បរបាន​ចត​ទុក រួច​គេចខ្លួន​អស់ តែ​ម្ចាស់​គ្រឿងចក្រ​ម្នាក់​បាន​បញ្ជាក់ថា​ការចាក់ដី​នេះ​គឺ​ធ្វើឱ្យ​លោក​ឧកញ៉ា​គុយ លៀង​គី​។​លោកនាយ​ខណ្ឌ​បាន​បន្តថា​តាម​ការពិនិត្យ​ជាក់ស្តែង​សកម្មភាព​ដែល​បាន​ចាក់ដី​នោះ​គឺ​ប៉ះពាល់​ព្រៃ​លិច​ទឹក​រយៈបណ្តោយ​៩៩​ម៉ែត្រ​និ​ទទឹង​១០​ម៉ែត្រ​ព្រមទាំង​ខូចខាត​បង្គោល​ឡាក់​ចំនួន​បី​ដើម​។​ដូច្នេះ រដ្ឋបាល​ខេត្តកំពត​បា​ន​កំណត់​ថ្ងៃ​ជាក់លាក់​មួយ​ដោយ​តម្រូវឱ្យ​អ្នក​ចាក់​លុប​ត្រូវ​កាយ​ដី​ចេញ និង​ដាំ​ដើម​កោង​កាង ព្រមទាំង​រៀបចំ​ធ្វើ​បង្គោល​ឡាក់​ឡើងវិញ​។​

​លោ​កស សូ​រិ​ន​នៅបាន​បញ្ជាក់​ឱ្យដឹងទៀតថា​ជាមួយគ្នា​នោះដែរ មុននេះ​មួយថ្ងៃ គឺ​កាលពី​ថ្ងៃទី​១៨ ខែមករា​ឆ្នាំ​២០២០​មន្ត្រី​ខណ្ឌ​រដ្ឋ​បាន​ជលផល​នៃ​មន្ទីរ​កសិកម្ម​រិ​ក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពត​សហការ​ជាមួយ​រដ្ឋបាល​ឃុំ​កោះ​តូច​បាន​ចុះ​ពិនិត្យមើល​ការចាក់ដី​មួយកន្លែង​ស្ថិតក្នុង​ភូមិ​គីឡូ​ដប់​ពីរ ឃុំ​កោះ​តូច​ស្រុក​ទឹ​ឈូ​។​

សកម្មភាព​នៃ​ការចាក់ដី​នៅ​ទី​នោះបាន​ប៉ះពាល់​លើ​ដងព្រែក​និង​ព្រៃកោងកាង​ទំហំ​១៥​ម៉ែត្រ​គុណ​នឹង​៤០​ម៉ែត្រ​។ លោកនាយ​ខណ្ឌ​បាន​បន្តថា​តាម​ការស្រាវជ្រាវ​សកម្មភាព​ចាក់ដី​នេះ​ធ្វើឡើង​ដោយ​ឈ្មោះ ហេង សុ​ភី មេ​ការឱ្យ​ក្រុមហ៊ុន​ចិន​មួយ​ដែល​មក​វិនិយោគ​ក្នុង​ទឹកដី​ឃុំ​កោះ​តូច​នោះ​។​ក្រុមការងារ​ក៏បាន​តម្រូវឱ្យ​សាមីខ្លួន​ធ្វើការ​កាយ​ដី​ចេញ និង​ដាំ​ដើម​កោង​កាង​ឡើងវិញ​ដូច​ករណី​នៅ​ឃុំ​ព្រែក​ត្នោត​ដែរ​៕S/​