​បញ្ជី​ឈ្មោះ​ថ្មី សម្រាប់​ទប់ទល់ ជាមួយ​អ៊ីរ៉ង់ និង​អ៊ីរ៉ាក់​

357
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
កាលពីមុន​រដូវ​ភ្ជុំ មកដល់ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានរៀបចំ​នូវ​បញ្ជី​ឈ្មោះ​ថ្មី សម្រាប់​កីឡា​ជម្រើសជាតិ​កម្ពុជា ដែល​ត្រូវ​លេង ជាមួយ​ក្រុម​ខ្លាំ​ទាំង ២ គឺ អ៊ីរ៉ាក់ និង​ប្រទេស​អ៊ីរ៉ង់ ហើយ ។​

​នៅក្នុង​បញ្ជី​ចុងក្រោយ គឺមាន​កីឡាករ​ទាំង ២៦ នាក់ ដែល​មកពី​ក្លិប​បាល់ទាត់ នៅ​លី​គ​កំពូល​កម្ពុជា ដូចជា ក្រសួងការពារជាតិ​, ព្រះខ័ន​រាជ​ស្វាយរៀង​, ភ្នំពេញ​ក្រោ​ន​, បឹងកេត​អែ​ហ្វ​ស៊ី​, ណាហ្គា​វើ​លដ៍​, វិសាខា​, គីរីវង់​សុខ​សែន​ជ័យ និង​យុវជន​ពី​សាលា​បាល់ទាត់​ជា​បាទី​ទៀតផង ។​

​កីឡាករ ចាន់ វឌ្ឍនាកា ពុំ​ត្រូវបាន​កោះហៅ ចូល​ក្រុម​ជម្រើសជាតិ ជាថ្មី​ម្ដងទៀត ដោយសារ​ទទួលរងរ​បួស កាលពី​សប្ដាហ៍​មុន ក្នុងជំនួប​លី​គ​កំពូល​កម្ពុជា ទល់នឹង​ណាហ្គា​វើ​លដ៍ ខណៈ​ដែរ ប្រាក់ មុន្នី​ឧ​ត្ត​ម ជាមួយ ធា​រី ចន្ថា​ប៊ី​ន ត្រូវបាន​គ្រូបង្វឹក លោក Felix Dalmas កោះហៅ​សារជាថ្មី ក្រោយ​ខកខាន ២ ប្រកួត​ដំបូង​ទល់នឹង ហុងកុង ក៏ដូចជា​បា​រ៉ែ​ន ដោយសារ​ជួប​បញ្ហា​របួស​។​

​ចំពោះ កីឡាករ កាន់ វិសាល ត្រូវបាន​កោះហៅ ចូល​ក្រុម​ជាថ្មី ដ្បិត​កន្លងមក ធ្លាប់មាន​ឈ្មោះ​កោះហៅ ក្នុង​បញ្ជី​បឋម​ដូចគ្នា ប៉ុន្តែ​ក្រោយមក ត្រូវបាន​ជម្រុះ​ចេញ​។ រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ មួយទៀត កីឡាករ ហ៊ុល គឹម​ហ៊ុយ ដែល​ធ្លាប់តែ​ជា សមាជិក​ក្រុម​ជម្រើសជាតិ នោះដែរ​។​

ក្រុមកីឡា​ជម្រើសជាតិ​កម្ពុជា​

​បើ​ប្រៀបធៀប ទៅនឹង​បញ្ជី​ឈ្មោះ​ចុងក្រោយ​ដែល លោក Felix Dalmas កោះហៅ​បឋម ប្រកួត​ជាមួយ ហុងកុង និង​បា​រ៉ែ​ន កាលពី​ចុងខែ​សីហា គឺមាន​ការប្រែប្រួល ដល់​ទៅ ១២ នាក់ ខណៈ​គ្រានោះ មានការ​កោះហៅ​កីឡាករ ដល់​ទៅ ៣៥ នាក់ និង​ចុងក្រោយ​ជម្រុះ មក​នៅត្រឹម ២៥ នាក់​។​

​កីឡាករ​ដែល​ពុំ​ត្រូវបាន​កោះហៅ បើ​ធៀប​ទៅនឹង​បញ្ជី​ឈ្មោះ​ចាស់ រួមមាន លី វ៉ា​ហេ​ទ និងជា វេស​លី ( បឹងកេត ), ណា​រ៉ុង កក្កដា ( ក្រសួងការពារជាតិ ), សា​វែង សំណាង​, ម៉ៅ ពិសិដ្ឋ ( ភ្នំពេញ​ក្រោ​ន ), ឃៀង ម៉េង​ហួរ ( ព្រះខ័ន​រាជ​ស្វាយរៀង ), ស៊ិន សុ​ផា​ណាត់​, អ៊ិន សូ​ដា​វីដ​, ទៀត គឺ​ម​ហេង​, សាន គឹម​ហេង និង​ស៊ិន កក្កដា ( វិសាខា ) និង ឈ​ង់ ប៊ុន​ណាត ( អង្គ​រថា​យ​ហ្គឺ​រ )​។ យ៉ាងណាមិញ កីឡាករ ដែល​ត្រូវបាន​កោះហៅ ក្នុង​បញ្ជី​បឋម​នៅ​គ្រានោះ ហើយ​ដែល​ត្រូវបាន​ជម្រុះ​ចេញ ភាគច្រើន គឺ​សុទ្ធសឹងតែ​ជា​យុវជន ដែល​ត្រូវ​ត្រៀម សម្រាប់​ព្រឹត្តិការណ៍ កីឡា​អាស៊ីអាគ្នេយ៍ នៅ​ប្រទេស​ហ្វីលីពីន​។​

​សូមបញ្ជាក់​ជាថ្មី​ថា ការកោះហៅ​កីឡាករ ២៦ នាក់ ដែល​ត្រូវ​ត្រៀម សម្រាប់​ការប្រកួត ជាមួយ អ៊ីរ៉ង់ និង​អ៊ីរ៉ាក់ ផងដែរ គឺជា​ការកោះហៅ ប្រមូលផ្ដុំ​ហ្វឹកហាត់ ដើម្បី​ត្រៀម​ពានរង្វាន់​ដដែល​នេះ ដែល​នឹង​ចាប់ផ្ដើម នៅក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ហើយ​គ្រោង​នឹង​ធ្វើការ​ជម្រុះ បន្តទៀត​មក នៅសល់​ត្រឹមតែ ២៣ នាក់ ចុងក្រោយ​។​

​គួរ​រំលឹក​ផងដែរ​ថា ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​ដដែល ខាងលើនេះ កម្ពុជា ស្ថិតនៅ​ពូ​ល C ជាមួយ​ក្រុម​ខ្លាំងៗ ដូចជា ជម្រើសជាតិ​អ៊ីរ៉ង​, ជម្រើសជាតិ​អ៊ីរ៉ាក់​, ជម្រើស​កោះ​ហុងកុង និង​ជម្រើសជាតិ​បា​រ៉ែ​ន​។ ជំនួប​ទី​៣ របស់ កម្ពុជា ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់ផ្ទះ អ៊ីរ៉ង់ នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​ប្រទេស​អ៊ីរ៉ង់ មុននឹង​បន្ត​ទទួល​ជំនួប​ទី​៤ ជាមួយ អ៊ីរ៉ាក់ នៅ​ថ្ងៃទី​១៥ ខែ​ដដែល នៅ​ពហុ​កីឡដ្ឋាន​ជាតិ វិញ​ម្ដង​៕v