​បញ្ជូន​ក្មេង​ទំនើង​២​នាក់​ទៅ​ស្នងការ​ខេត្ត​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​

294

(​បាត់ដំបង​)​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រុង​បាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៧​បាន​បញ្ជូន​ក្មេង​ទំនើង​២​នាក់​ក្នុងចំណោម​បួន​នាក់​ទៅ​ស្នងការ​នគរបាល​ខេត្ត​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ហើយ​ត្រូវ​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រុង​បាត់ដំបង​ចាប់ខ្លួនបាន​រសៀល​ថ្ងៃទី​២៧​ខែសីហា​នៅ​ចំណុច​ភូមិ​វត្ត​រំដួល​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។​ក្រោយ​ពេលធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​វាយ​យុវជន​ម្នាក់​នឹង​ដំបង​ជ្រុង​បណ្តាល​ឳ្យ​បែកក្បាល​កាលពី​យប់​ថ្ងៃទី​២២​ខែសីហា​នៅមុខ​អូ​តែ​ល​ប្រេ​ស៊ី​ដង់​ស្ថិតក្នុង​ក្រុមទី​៤​ភូមិ​រំចេក​៤​សង្កាត់​រត​នះ​ក្រុង​បាត់ដំបង​។​

​លោក​វរសេនីយ៍ទោ​ប៉ាង ហៀ​ង​អធិការនគរបាល​ក្រុង​បាត់ដំបង​បាន​ឳ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ​វ៉ិ​ត​តុលា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​អូរ​ឃុំ​ក​ន្ទឺ​២​ស្រុក​បាណន់​ខេត្តបាត់ដំបង​រងរបួស​ត្រង់​ថ្ងាស​។​ចំណែក​ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ​យ៉ុ​ត ឆៃ​យ៉ា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​វត្ត​រំដួល​សង្កាត់​ចំការ​សំរោងក្រុង​បាត់ដំបង និង​ឈ្មោះ​ថោង ភក្តី​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​ដាំ​ស្ពៃ​សង្កាត់​ស្លា​កែ​ត​ក្រុង​បាត់ដំបង​។​

​លោក​អធិការ​ក្រុង​បាន​បញ្ជាក់ថា​មូលហេតុ​ផ្តើមចេញពី​គំនុំ​ចាស់​ហើយ​ក្មេង​ទំនើង​មាន​បក្ខពួក​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ចេញពី​ក្លឹប​ឡា​វែ​ល​(​ស្កា​យ​ចាស់​)​បាន​យក​ដំបង​ឈើ​ជ្រុង​ដេញ​វាយ​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឳ្យ​​រង​បួស​បែក​ត្រង់​ថ្ងាស​។​ក្រោយពី​ទទួល​បណ្តឹង​ភ្លាម​កម្លាំង​យើង​បានធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​នឹង​កំណត់​មុខសញ្ញា​បាន​។​លុះដល់​ថ្ងៃទី​២៧​ខែសីហា​ម៉ោង​ជិត​៣​រសៀល​កម្លាំង​អធិការ​ក្រុង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​
​នៅ​ចំណុច​ភូមិ​វត្ត​រំដួល​សង្កាត់​ចំការ​សំរោង​ក្រុង​បាត់ដំបង​ហើយ​បញ្ជូនទៅ​សួរនាំ​នៅ​អធិការដ្ឋាន​ក្រុង​បាត់ដំបង​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ក្មេង​ទំនើង​ទាំងពីរ​នាក់​បាន​ឆ្លើយ​សារភាពថា​ពួកខ្លួន​ពិតជា​បាន​យក​ដំបង​ឈើ​ជ្រុង​វាយ​ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​ដើម្បី​សងសឹក​គំនុំ​ចាស់​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវ​អធិការ​ក្រុង​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងកា​ដ្ឋា​ន​នគរបាល​ខេត្ត​ដើម្បី​បន្ត​តាម​និតិ​វិធី​ច្បាប់​៕S/​ដោយៈ​គ្រញូង​