​បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ជួញដូរ​ផ្លូវភេទ​

438
ចែករម្លែក

ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​កម្លាំង​នរគ​បាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​នឹង​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ផ្លូវភេទ​ទៅកាន់​តុលាការ​នៅ​រសៀល​ថ្ងៃទី​២១​ខែមករា ឆ្នាំ​២០១៩​នេះ​។​

​មន្ត្រី​ជំនាញ​នគរបាល​បានឱ្យដឹងថា​ការឃាត់ខ្លួន​ដឹកនាំ​ដោយ​លោកស្រី​នៅ​រតនា​ស្នងការរង​ប្រឆាំង​ការជួញដូរ​មនុស្ស​ក្រោម​ការសម្របសម្រួល​ពី​លោក​កែវ​សុជាតិ​ព្រះរាជអាជ្ញា​ខេត្តក្រចេះ​បាន​ឃាត់ខ្លួន​ជន​ប្រុស​ស្រី​ចំនួន​៣​នាក់​ពាក់​ពន្ធ​ករណី​ជួញដូរ​ផ្លូវភេទ​នៅ​ចំណុច​ផ្ទះ​គោ​ស​ជប់​ស្ថិត​ក្នុងភូមិ​ក្បាល​ស្នួល​ឃុំ​ស្នួល ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​១៩​ខែមករា ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​រូប​នោះបាន​បញ្ជាក់ថា​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ក្រោយពី​ឆែកឆេរ​ផ្ទះមួយ​កន្លែង​មាន​បន្ទប់​ចំនួន​៣​ដោយ​សង្ស័យ​បម្រើ​សេវាកម្ម​ផ្លូវភេទ​ស្ថិតក្រោម​យីហោ​កោស​ជប់​ដែល​ស្ថិតក្នុង​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល​ខេត្តក្រចេះ​។​

​ជនសង្ស័យ​ទី​១៖​ឈ្មោះ អិន ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀ ខេត្តកំពង់ឆ្នាំង​។​ទី​២៖​ឈ្មោះ​អេង លក្ខិណា ភេទ ស្រី​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ក្បាលដំរី ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​ទី​៣៖​ឈ្មោះ ឈូក រចនា ភេទ​ស្រី អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឬ​ស្សី សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ​ខេត្តក្រចេះ​។​

​មន្ត្រីនគរបាល​រូប​នោះបាន​បន្តថា ក្រោយពី​សមត្ថកិច្ច ឃាត់ខ្លួន និង​ឆែកឆេ ដកហូត​បាន​វត្ថុតាង រួមមាន ទូរ​ស័​ព្វ​ចំនួន​២​គ្រឿង ស្រោមអនាម័យ​ប្រើប្រាស់​រួច​មួយចំនួន​និង​ស្រោមអនាម័យ មិនទាន់​ប្រើ​ជាច្រើន សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ខាងលើ​និង​វត្ថុតាង​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជន​ប្រុស​ស្រី​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៩​នេះ​ដើម្បី​វិធានការ​តាម​នីតិវិធី​ច្បាប់​៕S/