​បញ្ជូន​ជន​បីនាក់​ដែល​សម្លាប់​នារី​ចងការ​ប្រាក់​ព្រោះ​គ្មាន​លុយ​សង​ទៅ​តុលាការ

913
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​សម្លាប់​ស្ត្រី​រកស៊ី​ចងការ​ប្រាក់​ហើយ​យក​សព​មក​ទម្លាក់ចោល​ក្នុង​ប្រឡាយ​ទឹកស្អុយ បាន​ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​បញ្ជូនទៅ​តុលាការ​នៅ ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ឈ្មោះ អាត អឿន ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​លក់​នំប៉័ង (​ប្រពន្ធ​) ឈ្មោះ កែវ សុ​ផានិត អាយុ​២៨​ឆ្នាំ មុខរបរ​លក់​នំប៉័ង (​ប្តី​) និង ឈ្មោះ សុខ ហេង ហៅ អេ​ត ចាយ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​ផ្ទះជួល ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​ជនសង្ស័យ​ត្រូវ​កញ្ញា​សុង​ឆ​វ័​ន្ត​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុងធ្វើការ​សាកសួរ​។​

​គួររំលឹកថា នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​នគរបាល​ខេត្តព្រៃវែង បាន​នាំខ្លួន​ឃាត​.​ក​ប្តី​ប្រពន្ធ​២​នាក់ មក​ចង្អុលបង្ហាញ និង​ធ្វើ​ត្រាប់​ពី​ទីកន្លែង​ដែល​ពួកគេ​វាយ​សម្លាប់ នារី​អ្នករកស៊ី​រាប់​លុយ​ម្នាក់ ហើយ​យក​សព​មក​ទម្លាក់ចោល​ក្នុង​ប្រឡាយ​ទឹកស្អុយ ស្ថិតនៅ​ផ្លូវ​៣៧១ ភូមិ​អូ​បែកក្អម សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​។​

​លោក ជាវ វិបុល​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​នាយកដ្ឋាន​គរ​បាល​ព្រហ្មទណ្ឌ បាន​បញ្ជាក់ថា ជនរងគ្រោះ​ក្នុង​អំពើ​ឃាត​កម្មនេះ​ឈ្មោះ ខ្នើយ សឹង អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​។
​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង​៣​នាក់ បាន​ឲ្យ​ដឹងថា កន្លងមក​ឈ្មោះ អាត អឿន បាន​ចងការ​ប្រាក់​ពី​ជនរងគ្រោះ​ចំនួន​២០​ម៉ឺន​រៀល​។

ដោយ​មើលឃើញ​ជនរងគ្រោះ​មាន​ម៉ូតូ និង​គ្រឿងអលង្កា​ជាប់​ខ្លួន​នោះ ជនសង្ស័យ​ទាំង​៣​នាក់ ក៏បាន​រៀបចំ​ផែនការ​សម្លាប់ និង​ប្លន់​យក​ទ្រព្យសម្បត្តិ​ពី​ជនរងគ្រោះ​តែម្តង​។​កលាពីវេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ខណៈ​ជនរងគ្រោះ បាន​ចូលទៅក្នុង​ផ្ទះ​របស់​ឈ្មោះ អាត អឿន ស្ថិតនៅ​ផ្ទះជួល ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្រាប់តែ​ឈ្មោះ អេ​ត ចាយ បាន​ស្ទុះ​ទៅ​វាយ​ចាប់​ជនរងគ្រោះ​បោក​ទៅលើ​ឥដ្ឋ ហើយ​ឈ្មោះ អេ​ត ចាយ ចាប់ដៃ និង​ឈ្មោះ កែវ សុ​ផានិត ចាប់ជើង​។ ដោយឡែក ឈ្មោះ អាត អឿន បាន​យក​ទំ​ពួក​ខោអាវ​រឹត​ក​ជនរងគ្រោះ​រហូត​ស្លាប់​។​

​ក្រោយ​សម្លាប់​ជនរងគ្រោះ​រួចហើយ ជនសង្ស័យ​បាន​យក​ភួយ​រុំ​សព​ជនរងគ្រោះ រួច​លើកដាក់​ក្នុង​ក​ញ្ចេ​នំប៉័ង​ដឹក​តាម​កង់ យកទៅ​ទម្លាក់ចោល​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ជាប់​ស្ថានីយ៍​ប្រេង​តេ​ឡា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

ក្រោយ​ទម្លាក់​សព​ជនរងគ្រោះ​រួចហើយ ជនសង្ស័យ​ទាំង​៣​នាក់ បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​ដាក់បញ្ចាំ នៅ​ម្តុំ​ឃ្លាំង​រំសេវ​បាន​ប្រាក់​ចំនួន​៥៥០​ដុល្លារ និង​ទូរស័ព្ទដៃ​អាយ​ហ្វ​ន យកទៅលក់​នៅ​ផ្សារ​ឃ្លាំង​រំសេវ បាន​ប្រាក់​៦៥​ដុល្លារ​ទៀត​។ តែ​ឈ្មោះ អេ​ត ចាយ បាន​ប្រាក់​តែ​១០០​ដុល្លារ​ទេ ចំណែក​ប្រាក់​នៅសល់ គឺ​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ជា​អ្នកយក​។​

​លោក ជាវ វិបុល​បាន​បន្តថា មុន​ឈានដល់​ប្រតិបត្តិ​ការចាប់​ជនសង្ស័យ​ទាំង​៣​នាក់​នេះ នាយកដ្ឋាន​ព្រហ្មទណ្ឌ បានទទួល​ពាក្យបណ្ដឹង​ពី​បងប្អូន​របស់​ជនរងគ្រោះ ដោយ​អះអាងថា មានការ​បាត់​សមាជិក​ក្រុមគ្រួសារ​រយៈពេល​១០​ថ្ងៃ មិនឃើញ​។

បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​បើក​ការស្រាវជ្រាវ រហូត​កំណត់​មុខសញ្ញា​បាន និង​ឈានដល់​ការចាប់ខ្លួន​ជនដៃដល់​ទាំង​៣​នាក់​តែម្តង ដោយមាន​កិច្ចសហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ និង​នគរបាល​ខេត្តព្រៃវែង​៕S/​

បញ្ជូន​ជន​បីនាក់​ដែល​សម្លាប់​នារី​ចងការ​ប្រាក់​ព្រោះ​គ្មាន​លុយ​សង​ទៅ​តុលាការ