​បញ្ជូន​ឈ្មោះ​ខ្សែប្រយុទ្ធ​មួយរូប ទៅ​ចូលរួម​ប្រកួត​យុវជន​ល្អ ប្រចាំ​ទ្វីបអាស៊ី​

295
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖ បើតាម​ការប្រកាស លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នា​ថ្ងៃទី​៤ តុលា​នេះ​ថា ខ្សែប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា សៀង ច​ន្ធា ត្រូវបាន​សហព័ន្ធ បញ្ជូន​ឈ្មោះ ទៅ​ចូលរួម​ប្រជែង​ជា​បេក្ខភាព​ឆ្នើម សម្រាប់​កីឡាករ​យុវជន​ល្អ ប្រចាំ​ទ្វីបអាស៊ី ក្នុង​កម្មវិធី «AFC Annual Award 2019»​។​

​ក្នុង​ប្រវត្តិសាស្ត្រ កីឡាបាល់ទាត់​កម្ពុជា នេះ​គឺជា​លើកដំបូង​ហើយ ដែល​កម្ពុជា បាន​បញ្ជូន​ឈ្មោះ​កីឡាករ ចូលរួម​កម្មវិធី​ប្រចាំឆ្នាំ ប្រចាំ​តំបន់ រៀបចំ​ដោយ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ខណៈ​កម្មវិធី​នេះ ត្រូវបាន​បង្កើតឡើង រយៈពេល ២៥ ឆ្នាំ​មកហើយ​នោះ គឺ​ចាប់ពី​ឆ្នាំ ១៩៩៤ មកម្ល៉េះ​។ តាម​គម្រោង​កម្មវិធី​នេះ នឹងធ្វើ​ឡើង​នៅ​ខែធ្នូ នៅ​កោះ​ហុងកុង នឹង​ទទួល​រៀបចំ​ពិធី​ទាំងមូល​។​

កីឡាករ សៀង ច​ន្ធា

​សហព័ន្ធ មិនបាន​បញ្ជាក់ អំពី​មូលហេតុ នៃ​ការបញ្ជូន​ឈ្មោះ សៀង ច​ន្ធា នោះទេ ប៉ុន្ដែ​ផ្អែកលើ​សមិទ្ធផល និង​ការ​ខំប្រឹង​របស់​សមាជិក ក្រុមយុវជន​សាលា បាល់ទាត់​ជាតិ​បាទី​នោះ កីឡាករ​រូបនេះ តែងតែ​ជាប់​ជា​កីឡា​ជម្រើសជាតិ គ្រប់​កម្រិត តាំងពី​ក្រុមយុវជន រហូតដល់​ក្រុម​ធំ ទើប​ធ្វើ​ឲ្យ​រូបគេ មានឱកាស​ចូលរួម ប្រកួតប្រជែង​ពានរង្វាន់ កីឡា​យុវជន​ល្អ ប្រចាំឆ្នាំ AFC Annual Award 2019 ។​

​សូមបញ្ជាក់ថា កម្មវិធី AFC Annual Award 2019 បាន​បង្កើត​ឲ្យ​មាន​ពានរង្វាន់ សម្រាប់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី ចូលរួម​ប្រកួតប្រជែង ទាំង​កីឡាករ​ល្អ កីឡាការិនី​ល្អ កីឡាករ​យុវជន​ល្អ ក្រុម​ជម្រើសជាតិ​ល្អ ក្លិប​ល្អ គ្រូបង្វឹក​ល្អ និង​សហព័ន្ធ​ល្អ ជាដើម ដើម្បី​លើក​ទឹក​ចិ​ត្ដ និង​ជំរុញ​ការអភិវឌ្ឍ វិស័យ​កីឡាបាល់ទាត់ ក្នុង​តំបន់​អាស៊ី ឲ្យ​កាន់តែ​រីកចម្រើន​៕v