​បញ្ជូន​នារី​បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាលឱ្យ​និស្សិត​ស្រី​ម្នាក់​ស្លាប់ទៅ​ពន្ធនាគារ​វិញ​

300
ចែករម្លែក
  • 13
    Shares

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​៖​នាង យិន ឃុន​ម៉ី ហៅ ម៉ា​ណា ដែល​បើករថយន្ត​យ៉ាង​សាហាវ​បុក​និស្សិត​ស្រី ឌុំ រី​ដា ស្លាប់​យ៉ាង​អាណោចអាធ័ម ត្រូវបាន​បញ្ជូន​ពី​ពន្ធនាគារ ប៉េ​ហ្ស៊ី ទៅ​ដេក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី កាលពី​យប់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៩​កន្លងទៅ ដើម្បី​ព្យាបាល​ជំងឺ​សួត បណ្តាលឱ្យ​ថប់ដង្ហើម ។​
​តាម​ប្រភពពី​បុគ្គលិក​មន្ទីរពេទ្យ​រុស្ស៊ី​បាន​ឲ្យ​ដឹងថា​នៅ​រសៀល​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០១៩​នេះ​អនុរក្ស​ពន្ធនាគារ​បាន​បញ្ជូន​នាង យិន ឃុន​ម៉ី ហៅ ម៉ា​ណា​ទៅ​ឃុំខ្លួន​ទៅ​ពន្ធនាគារ​ប៉េ​ហ្ស៊ី​វិញ​។​

​លោក​លី​សុ​ផា​ណា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថ្លែង​តាម​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម ថា “​ក្រោយពី​ពិនិត្យ​សំណុំរឿង​និង​បញ្ចប់​ការសាកសួរ​លើ​ឈ្មោះ យិន ឃុន​ម៉ី ហៅ ម៉ា​ណា តំណាង​អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ពីបទ បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន​បណ្តាលឱ្យ​ស្លាប់​អ្នកដទៃ តាម​មាត្រា ៨៥ នៃ​ច្បាប់​ចរាចរ​ណ៌​ផ្លូវគោក​” ។​

​យោងតាម​មាត្រា ៨៥​កថាខណ្ឌ​ទី​២ នៃ​ច្បាប់​ចរាចរ​ណ៌​ផ្លូវគោក​ឃើញថា​នាង យិន ឃុន​ម៉ី ហៅ ម៉ា​ណា​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​២៥​លាន​រៀល​ក្នុងករណី​ដែល​នាង​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​ក្នុង​គោលបំណង​គេចវេស​ពី​ការទទួលខុសត្រូវ​។​

លោកស្រី ផាត់ ពៅ អាយុ​៥០​ឆ្នាំ ជា​ម្តាយបង្កើត​សព​និស្សិត ឌុំ រី​ដា នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ នេះ ដាក់ពាក្យ​បណ្ដឹង​ផ្លូវ​ការចូល​លោក​ឧត្ដមសេនីយ៍ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ប្តឹង​ជនបង្ក​ឈ្មោះ​យិន​ម៉ា​ណា​អាយុ​១៧​ឆ្នាំ​ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២០​ម៉ឺន​ដុល្លារ​អាមេរិក​និង​ស្នើឱ្យ​ចាត់ការ​តឹងរ៉ឹង​បំផុត​តាមផ្លូវ​ច្បាប់​ចំពោះ​ជនបង្ក​រូបនេះ ។

ប៉ុន្តែ​ក្រោយមក​ព្រម​ទទួល​សំណង​ចំនួន​៧​ម៉ឺន​ដុល្លារ​អាមេរិក​រួច​ដក​ពាក្យបណ្តឹង​វិញ​។ ប៉ុន្តែ​តុលាការ​នៅ​បន្ត​តាម​នីតិវិធី​ដដែល​ដោយសារ​នៅជាប់​បណ្តឹងអាជ្ញា​។ នារី យិន ឃុន​ម៉ី ហៅ ម៉ា​ណា បាន​បើករថយន្ត​ទំនើប RANGE ROVER ផ្លាកលេខ 2AF-7777 បុក​និស្សិត​ស្រី ឌុំ រី​ដា ស្លាប់​យ៉ាង​អាណោចអាធ័ម​រួច​បើករថយន្ត​គេចខ្លួនបាត់​។​ជុំវិញ​បញ្ហា​នេះ​មហាជន​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា ទើប​ជនបង្ក​ព្រម​ចូលខ្លួន​សារភាព​ដោយ​ខ្លួនឯង ៕S/​