​បញ្ជូន​សត្វ​ត្រដក់​តូច​៥​ក្បាល​ទៅកាន់​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​

858
ចែករម្លែក

មូល​សម្បត្តិ​/​ភ្នំពេញ​:​ ក្រុម​អភិរក្ស​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (​ហៅ​កាត់​ថា WCS) និង​មន្ត្រី​បរិស្ថាន​ខេត្ត​មណ្ឌល​គិ​រី កាលពី​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០១៩​នេះ​ បាន​បញ្ជូន​សត្វ​ត្រដក់​តូច ឬ​តាម​ឈ្មោះ​វិទ្យាសាស្ត្រ​ហៅថា Leptoptilos javanicus ចំនួន ៥​ក្បាល ពី​ខេត្ត​មណ្ឌល​គិ​រី ទៅកាន់​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជី​វចម្រុះ​ ដែលជា​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ ស្ថិតនៅ​ស្រុក បន្ទាយស្រី ខេត្តសៀមរាប ដោយ​ជោគជ័យ​កាលពី​ចុងខែ​មេសាកន្លងទៅ​។​

​សត្វ​ត្រដក់​តូច​ខ្លះ​ត្រូវបាន​រឹបអូស​បាន​យកមក​វិញ​ដោយ​ឧ​ទ្យា​នុ​រក្ស​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិ​រី​កាលពី​ខែមេសា​និង​ខ្លះទៀត​សហគមន៍​នៅក្នុង​តំបន់​បាន​យកមក​ប្រគល់ឱ្យ​ក្រោយពី​ពួកគាត់​បាន​យកទៅ​ចិញ្ចឹម​ជាការ​កម្សាន្ត​។​

ដោយមាន​កិច្ចសហការ​ល្អ មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិ​រី និង​អង្គការ WCS បាន​យក​សត្វ​ត្រដក់​តូច​ទាំងនេះ​ទៅ​ថែទាំ​បណ្តោះអាសន្ន​រយៈពេល​ពីរ​បី​សប្តាហ៍​ដោយមាន​ការណែនាំ​ពី​អ្នកជំនាញ​នៅ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​មុននឹង​បញ្ជូន​តាម​រថយន្ត​ទៅកាន់​មជ្ឈមណ្ឌល​អង្គរ​ដើម្បី​ចិញ្ចឹម​រយៈពេល​វែង​។​

​សត្វ​ត្រដក់​តូច​ត្រូវបាន​កត់ត្រា​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​IUCN​ជា​ប្រភេទ​សត្វ​ស្លាប​ដែល​ងាយ​ទទួលរង​គ្រោះ​។​សត្វ​នេះ​មាន​កម្ពស់​១២០​សង់ទីម៉ែត្រ​និង​មាន​ទម្ងន់​៦​គីឡូក្រាម​ ស្ថិតក្នុង​អំបូរ​សត្វ​ក្រសារ​។​សត្វ​នេះ​រស់នៅ​ជុំវិញ​តំបន់ដីសើម​និង​អាហារ​របស់​វា​មានដូចជា​ត្រី​ កង្កែប ​ល្មូ​ន ​ប្រភេទ​សត្វ​ឥត​ឆ្អឹងខ្នង សត្វ​កកេរ និង​ថនិកសត្វ​តូចៗ​។​

​សត្វ​ប្រភេទ​នេះ កំពុង​រង​ការគំរាមកំហែង​ដោយសារ​ការ​បរបាញ់​នៅក្នុង​តំបន់​និង​នៅ​ទូទាំងប្រទេស និង​ដោយសារ​ការធ្វើ​ពាណិជ្ជកម្ម​សត្វ​ចិញ្ចឹម​នៅលើ​ទីផ្សារ​អន្តរជាតិ​។​ការបំផ្លិចបំផ្លាញ​ទីជម្រក​របស់​វា​និង​ការនេសាទ​ហួសកំណត់ ក៏​ជា​កត្តា​គំរាមកំហែង​ដល់​សត្វ​ត្រដក់​ទាំងនេះ​ផងដែរ​។ ចំនួន​សត្វ​នេះ​នៅលើ​ពិភពលោក​កំពុងតែ​ថយចុះ​។​តាម​ការប៉ាន់ស្មាន​សត្វ​ត្រដក់​ប្រភេទ​នេះ មាន​នៅសល់​ចំនួន​ចន្លោះ​ពី ៥.៥០០ ទៅ ១០.០០០​ក្បាល​ប៉ុណ្ណោះ​៕S/Ha​