​បញ្ជូន​អត្ត​ព​លិ​ក ៦ រូប ទៅ​ត្រាំ​ពិស​នៅ​ចិន​

884
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​បញ្ជូន​កីឡា ចំនួន ២ ប្រភេទ​គឺ ចំបាប់ និង កាយសម្ព័ន្ធ ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន រយៈពេល​វែង ដើម្បី​ត្រៀម​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នា​ចុង​ឆ្នាំនេះ​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ដែលជា​អ្នក​ជូន​ដំណើរ​កីឡាករ ទាំង ៦ រូប ទៅ​ប្រទេស​ចិន កីឡាករ កីឡាការិនី​កម្ពុជា​ទាំងនេះ នឹង​ហ្វឹកហាត់ នៅ​ទីនោះ រហូតដល់​ការប្រកួត​កីឡា ស៊ី​ហ្គេម​តែម្តង​។ ពោលគឺ​ពួកគេ នឹង​ចាក​ចេញពី​ប្រទេស​ចិន ទៅ​ចូលរួម​ប្រកួត នៅ​ប្រទេស​ហ្វីលីពីន តែម្តង​។​

​កីឡាករ កីឡាការិនី លើ​ប្រភេទ​កីឡា​ចំបាប់ និង​កាយសម្ព័ន្ធ ចំនួន ៦ នាក់ ត្រូវបាន​បញ្ជូនទៅ​ហ្វឹកហាត់ ពង្រឹងសមត្ថភាព នៅ​ប្រទេស​ចិន រយៈពេល ៦ ខែ គឺ​ចន្លោះ​ពី​ខែឧសភា ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ការ​បញ្ជូនទៅ​ហ្វឹកហាត់ នៅ​ចិន​នេះ គឺ​ដើម្បី​ត្រៀម​ការ​ប្រជែង ដណ្តើម​មេដាយ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នា​ចុងឆ្នាំ​២០១៩ ខាងមុខនេះ​។​

ទិដ្ឋភាព​ជូន​ដំណើរ​

​កីឡាករ កីឡាការិនី ទាំងនេះ រួមមាន កីឡាការិនី​ចំបាប់ ឌន ស្រស់​, ជា កញ្ញា​, ឌិ​ត សំណាង​, សឿន នឿន​, យុន ដា​ណេ និង​កីឡាករ​កាយសម្ព័ន្ធ អៀ សៀវ​មីង​។ ពួកគេ​ទាំងនេះ បាន​ចាក​ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​ចិន នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ នេះ ដោយមាន​លោក វ៉ា​ត់ ចំរើន និង​លោក ណ​យ ផា​ណា អគ្គលេខាធិការ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ អមដំណើរ​ជាមួយ​។ សម្រាប់​ការហ្វឹកហាត់ នៅ​ប្រទេស​ចិន​នេះ គឺ​ទទួលបាន​ការឧបត្ថម្ភ​ទាំងស្រុង ពី​លោក ថា​ង ហ្គោ​ដុង (Tang Gordon) អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា​។​

​កីឡាករ អៀ សៀវ​មីង ជា​កីឡាករ​កាយសម្ព័ន្ធ​ទី​២ ដែល​បាន​ទៅ​ហ្វឹកហាត់​នៅ​ចិន​ឆ្នាំនេះ ក្រោយ​កីឡាករ វៃ ភ័​ក្ត្រា ត្រូវបាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បញ្ជូនទៅ​ហ្វឹកហាត់ នៅ​ប្រទេស​នេះ កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ​។ មិន​ខុសពី សៀ​មីង នោះទេ ការហ្វឹកហាត់​របស់ ភ័​ក្ត្រា ក៏​ដើម្បី​ត្រៀម​ព្រឹត្តិការណ៍ កីឡា​ស៊ី​ហ្គេម នៅ​ហ្វីលីពីន​ផងដែរ​៕v