​បដិមា​ធំ​មួយ​ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ក​សិន្ធុ​ប្រាសាទ​ព្រះ​គោ​

236
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​បដិមា​ធំ​មួយ​ដែល​លម្អ​ដោយ​សំពត់​រំយោល​ទម្លាក់​មក​ខាងមុខ​មាន​ប្រវែង​បណ្តោយ​១១៤​សង់ទីម៉ែត្រ​ទំហំ​ស្មា​៥៤​សង់ទីម៉ែត្រ​និង​ចង្កេះ​ទំហំ​៤៤​សង់ទីម៉ែត្រ​ត្រូវបាន​ប្រទះឃើញ​នៅ​ជ្រុង​ឦសាន​នៃ​ក​សិន្ធុ​ប្រាសាទ​ព្រះ​គោ​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩​។

​ការរកឃើញ​បដិមា​នេះ​ស្ថិតក្នុង​ស្ថានភាព​ចៃដន្យ​ដោយ​ប្រជាជន​ដែល​រស់នៅ​ភូមិ​ឪឡោក​ឃុំ​បាគង​ស្រុក​ប្រាសាទបាគង​បាន​ជីក​យក​ដី​ទៅ​បំពេញ​កន្លែង​ទឹក​ដក់​ក្រោយ​ផ្ទះ​។​នេះ​បើតាម​ការបញ្ជា​ក់ដោយ​អាជ្ញាធរ​អប្សរា​នេះ​ល្ងាច​ថ្ងៃទី​៨ ខែកក្កដា​នេះ​

​លោក​ថៃ​មិច​ជា​អ្នក​ប្រទះឃើញ​បដិមា​បានឱ្យដឹងថា​កន្លងមក​លោក​តែង​ជីក​យក​ដី​នៅ​កន្លែង​នេះ​បន្តិច កន្លែង​នោះ​បន្តិច​ក្នុង​ក​សិន្ធុ​ក្បែរ​ប្រាសាទ​ព្រះ​គោ​ដើម្បី​បំពេញ​កន្លែង​ទឹក​ដក់​ក្រោយ​ផ្ទះ​របស់គាត់​។

លោក​មិច​បន្តថា​ដំបូង​ឡើយ​មិន​នឹកស្មានថា​ជា​បដិមា​នោះទេ​។​តែ​មើល​តាម​សណ្ឋាន​ថ្ម​លោក​មានការ​សង្ស័យ​រួច​ក៏បាន​កាយ​ដី​បន្ត​ទើប​ដឹងថា​ជា​បដិមា​ហើយ​បញ្ឈប់​សកម្មភាព​និង​បាន​រាយការណ៍​ទៅ​នគរបាល​បេតិកភណ្ឌ​ដើម្បី​មាន​វិធាន​ការយកទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​។​

​លោក​អនុ​សេនី​យិ៍​ទោ​អួន​យ៉ង់​នគរបាល​បេតិកភណ្ឌ​ប្រចាំ​ឧទ្យាន​រលួស​បានឱ្យដឹង​ថា​ក្រោយពី​ទទួលបាន​ដំណឹង​ភ្លាម លោក​បានស្នើ​សុំឱ្យ​ផ្អាក​សកម្មភាព រង់ចាំ​លោក​ចុះមក​ពិនិត្យ​ដល់ទី​តាំង​ផ្ទាល់ និង​រាយការណ៍​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​។​

អនុ​សេនី​យិ៍​ទោ​រូបនេះ​បាន​បញ្ជាក់ថា​កន្លងមក​មាន​ប្រជាជន​បាន​ជួបប្រទះ​នូវ​បដិមា​ផ្សេងៗ​ដូច​ករណីនេះ​ជាច្រើន​ដង​មកហើយ​និង​បាន​រាយការណ៍​ដល់​សម​ត្ថ​កិច្ច​ជាប្រចាំ​ដែល​នេះ​ជា​សកម្មភាព​ដ៏​គំរូ​គួរ​យកតម្រាប់​តាម​។

​លោក​ឈូក​សុ​ម៉ា​ឡា​បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​លើកឡើងថា​ជាបឋម​ទាក់ទង​នឹង​ភិនភាគ​បដិមា​នេះ​ភ្លាមៗ​មិនអាច​សន្និដ្ឋានបាន​នៅឡើយ​ថា​ជា​ទ្វា​បាល​ឬ​ព្រះ​វិស្ណុ​ឬអ្វី​ផ្សេង​នោះទេ​។

​ដោយហេតុ​នៃ​ការបាត់បង់​ផ្នែក​សំខាន់ៗ​នៃ​តួខ្លួន​ច្រើន​។​ជា​កិច្ច​ការបន្ត​ដើម្បី​អភិរក្ស​រូប​បដិមា​នេះ​លោក​សុ​ម៉ា​ឡា​ក៏បាន​ឱ្យដឹងថា​ក្រុមការងារ​នឹង​គូររូប​ថត​រូ​វាស់វែង​ចងក្រង​ឯកសារ​បន្ទាប់មក​យកទៅ​រក្សាទុក​នៅ​រោង​ជាង​ដើម្បីឱ្យ​អ្នកជំនាញ​ផ្នែក​ជួសជុល​ថ្ម​សម្អាត​និង​ត​ភ្ជាប់​នូវ​បំណែក​បដិមា​នេះ​ឡើងវិញ​មុននឹង​តាំង​បង្ហាញ​ជា​សាធារណៈ​៕S/​