​បដិមា​មួយអង្គ​រកឃើញ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បានប្រគល់​ជូន​មន្ទីរ​វប្បធម៌​

223
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​រូប​បដិមា​មួយអង្គ​ត្រូវបាន​ប្រជាពលរដ្ឋ​រកឃើញ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ឬ​ស្សី​ត្រឹប​ក្នុងភូមិ​សាស្ដ្រ​ស្រុក​ឆែប​កាលពី​អំឡុង​ចុងខែ​មេសា​កន្លង​មកនេះ​ត្រូវ​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​នាំយកមក​ប្រគល់ជូន​ដល់​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ដើម្បី​រក្សាទុក​។​ការប្រគល់​រូប​បដិមា​មួយអង្គ​នេះ​កាលពី​រសៀល​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០​ប៉ុន្តែ​រូប​បដិមា​មិនទាន់​ដឹងថា​កសាងឡើង​ក្នុង​ឆ្នាំ​ណា ឬ មាន ព្រះនាម អ្វី នោះ ទេ​។

​លោក​នៅ​ចាន់​គង់​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តព្រះវិហារ​បាន​ថ្លែងប្រាប់​ក្រុមការងារ​មន្ទីរ​ព័ត៌មាន​នៅ​រសៀល​ថ្ងៃនេះ​ថា​ដងខ្លួន​បដិមា​ដែល​ប្រគល់​ទទួល​ក្នុង​ពេលនេះ​មាន​ប្រភពពី​តំបន់​ឧទ្យាន​ជាតិ​ឫស្សី​ត្រឹប​ដែល​ប្រជាពលរដ្ឋ​បានប្រគល់​មកឱ្យ​អាជ្ញាធរ​ស្រុក​ឆែប​។ លោក​បាន​បន្តថា​ដងខ្លួន​បដិមា​នេះ ធ្វើ​ពី​ថ្មភក់ មាន​កម្ពស់ ៧​តឹក​, កម្រាស់ ១​តឹក និង​មាន រូប រាង មិន ពេញលេញ​។

​ដោយសារ​រូបនេះ​បាន​បាត់​ព្រះ​កេស​ជើង​និង​ដៃ​ដែល​ធ្វើឱ្យមាន​ការពិបាក​ក្នុង​ការមើល​ដឹង​ពី​កាលបរិច្ឆេទ​និង​រចនាបថ​។​ប៉ុន្តែ​លោក​គិតថា​វា​ជា​ទេព​រូប​ដែល​អាចជា​ព្រះ​មួយអង្គ​ក្នុង​ព្រហ្មញ្ញសាសនា​និង​ត្រូវបាន​កសាងឡើង​ក្នុង​សតវត្ស​ទី​១២​។​តាម​លោក​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ជំ​រុញឱ្យ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​បន្ត​សិក្សា​ស្រាវជ្រាវ​និង​ចងក្រង​ជា​ឯកសារ​សម្រាប់​អ្នកសិក្សា​នាពេល​ក្រោយ​៕S/​