​បណ្ដុះបណ្ដាល​ចៅក្រម អាជ្ញាកណ្ដាល កម្រិត​បរិ​ញ្ញា​៖ ៩៥ ភាគរយ បានទទួល​លទ្ធផល​ល្អ​

206
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម អាជ្ញាកណ្ដាល ប្រដាល់​គុន​ខ្មែរ ដែល​សិក្ខាកាម ភាគច្រើន សុទ្ធ​តែមាន​សញ្ញាប័ត្រ​ក​ម្រិ​តប​រិ​ញ្ញា​នោះ ៩៥ ភាគរយ បានទទួល​លទ្ធផល​ល្អ ។ នេះ​ជាការ​អះអាង​របស់លោក ម៉ិ​ល កាដូ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កីឡា របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ ​ក្នុង​ពិធី​បិទ​វគ្គ​សិក្ខាសាលា បណ្ដុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រម កម្រិត​បរិញ្ញាប័ត្រ​រប​ស់​ខ្លួន ជា​លើកដំបូង នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

ទិដ្ឋភាព​បិទ​វគ្គ​

​លោក​ម៉ិ​ល កាដូ បាន​មានប្រសាសន៍​បន្តថា ឆ្លងតាម​ការត្រួតពិនិត្យ តាមដាន​សិក្ខាកាម ក្នុង​វគ្គ​សិក្សា​នេះ យើង​ឃើញថា សិក្ខាកាម​របស់​យើង បាន​យកចិត្តទុកដាក់​ស្តាប់ និង​ធ្វើការ​កត់ត្រា តាមដាន យ៉ាង​ម៉ឺងម៉ាត់ ស្តែងចេញ​ជា​លទ្ធផល មន្ត្រី​របស់​យើង​មួយចំនួនធំ មាន​សមត្ថភាព កម្រិតវប្បធម៌​ខ្ពស់ អាច​ទទួលយកបាន ចំណេះដឹង បាន​រហូតដល់ ៩៧ ភាគរយ និង​មួយចំនួនទៀត មាន​កម្រិតវប្បធម៌​មធ្យម អាច​ទទួលយកបាន ៨៥ ភាគរយ​។​

​លោក​ឩ​ត្ត​ម​សេនីយ៍​ទោ និ​ន ភិរម្យ អគ្គលេខាធិការរង សហព័ន្ធ​កីឡា​គុន​ខ្មែរ បាន​ឲ្យ​ដឹងថា ថ្ងៃនេះ ជា​ទិវា​មួយ​ប្រកបដោយ​មោទនភាព យ៉ាង​ជ្រាលជ្រៅ និង​ឧ​ត្តុ​ង​ឧ​ត្ត​ម​បំផុត ដែល​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល សមត្ថភាព​បច្ចេកទេស និង​ក្រមសីលធម៌ កម្រិត​បឋម ដល់​មន្ត្រី​កីឡាប្រដាល់​គុន​ខ្មែរ ដើម្បី​ទទួលបាន​ចំណេះដឹង ឲ្យ​បានល្អ​ប្រសើរ ឈាន​ឆ្ពោះទៅ​កីឡា Sea Game ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

ទិដ្ឋភាព​បិទ​វគ្គ​

​នេះ​ជាការ​ត្រៀមខ្លួន​របស់ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក្នុង​ការធ្វើសមាហរណកម្ម អាជ្ញាកណ្ដាល ចៅក្រម​របស់ខ្លួន ទៅក្នុង​តំបន់ ហើយក៏​ជាការ​បង្កើន ការផ្សព្វផ្សាយ​កីឡាប្រដាល់​គុន​ខ្មែរ ទៅក្នុង​ពិភពលោក ទៀតផង ។​

​សូមបញ្ជាក់ថា វគ្គ​នេះ គឺជា​វគ្គ​លើក​ទី​១​ហើយ ដែល​សិក្ខាកាម មានចំណេះដឹង​ខ្ពស់ៗ ។ ក្នុងចំណោម​សិក្ខាកាម ចំនួន ២៦ រូប មាន​២៣​រូប ជា​អ្នកមាន សញ្ញាប័ត្រ​កម្រិត​បរិ​ញ្ញា និង​ជា​គរុ​សិស្ស មកពី​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ដែល​ក្នុងនោះ មាន​មួយរូប ជានា​រី ។ ក្រៅពីនោះ ជា​អតីត​កីឡាករ ប្រដាល់​ល្បីៗ ហើយ​ក៏មាន​សិក្ខាកាម ជា​ជនបរទេស ចំនួន ២ រូប​ទៀតផង​។​

​វគ្គ​នេះ មាន​រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃទី​១៣ និង ១៤ វិច្ឆិកា អ្នក​ឧទ្ទេសនាម មាន​លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ យ៉េន ដែលជា​អនុប្រធាន សហព័ន្ធ​កីឡា ប្រដាល់​គុន​ខ្មែរ និង ជា​ប្រធាន​សហព័ន្ធ​ន្ធ​កីឡា​សកល​កម្ពុជា លោក​អ៊ិន ខេមរិន្ទ និង លោក​មាស សុខ​គ្រី ៕v