​បណ្តាញ​ខ្សែកាប​ខ្សែ​អគ្គិសនី​ក្នុង​ក្រុង​ត្រូវ​រៀបចំ​ឱ្យមាន​សណ្តាប់ធ្នាប់​ដើម្បី​បង្កើន​សោភ័ណភាព​

455
ចែករម្លែក
  • 26
    Shares

ដោយ​បូកគោ​/​កំ​ពតៈ​ក្នុង​បំណង​បង្កើន​សោភ័ណភាព​ក្រុង​និង​ធានា​សុវត្ថិភាព​សម្រាប់​សាធារណជន​ទូទៅ រដ្ឋបាល​ខេត្តកំពត​បា​ន​ជំរុញ​ដល់​ផ្នែក​ជំនាញ​ពិសេស​មន្ទីរ​ប្រៃ​ណី​យ​និង​ទូរគមនាគមន៍​ព្រមទាំង​អង្គភាព​អគ្គិសនី​ឱ្យ​យកចិត្តទុកដាក់​រៀបចំ​បណ្តាញ​ខ្សែកាប​ក៏ដូចជា​ខ្សែភ្លើង​តាម​បង្គោល​នីមួយៗ​ឱ្យមាន​សណ្តាប់ធ្នាប់​ល្អ​។​

ក្នុង​កិច្ចប្រជុំ​កាលពី​រសៀល​ថ្ងៃទី​១២​ខែមីនា​ឆ្នាំ​២០១៩​ស្ដីពី​ការអនុវត្ត​និង​រៀបចំ​បណ្តាញ​ខ្សែកាប​ខ្សែ​អគ្គិសនី​ឱ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​សាធារណជន​ទូទៅ​និង​បង្កើន​សោភ័ណភាព​ក្រុង​កំពត​គ្រប់​ជំនាញ​ក្នុង​ដែន​សមត្ថកិច្ច​។​ពិសេស​មន្ទីរ​ប្រៃ​ណី​យ និង​ទូរគមនាគមន៍ ព្រមទាំង​អង្គភាព​អគ្គិសនី​ត្រូវ​យកចិត្តទុកដាក់​ក្នុង កិច្ចការ​រៀបចំ​បណ្តាញ​ខ្សែកាប ក៏ដូចជា​ខ្សែភ្លើង​តាម​បង្គោល​នីមួយៗ​ឱ្យមាន​សណ្តាប់ធ្នាប់​ល្អ​។

​ឈ្មោះថា ក្រុង​ទទួល​ជ័យលាភី​លំដាប់​ផ្ការំដួល​បី​ទង​មិនអាច​ស្ថិតក្នុង​ទិដ្ឋភាព​ស្មុ​គ្រ​ស្មាញ ខ្សែកាប ខ្សែភ្លើង​ខាត់​ខ្វែង​ដូច​សម្បុក​ពីងពាង​នោះទេ​។ ដើម្បី​រក្សា​កេរ​ឈ្មោះ​ដ៏​ប្រពៃ​នេះ​ឱ្យបាន​គង់វង្ស គ្រប់ផ្នែក គ្រប់​ថ្នាក់​ទាំង​រដ្ឋបាលខេត្ត​ក៏​ដូច​ក្រុង​កំពត​និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​សហការ​ព្រមៗ​គ្នា​សម្រាប់​កិច្ចការ​សោភ័ណភាព​ទាំងនេះ​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​មាន​តួនាទី​សំខាន់​ក្នុងការ អនុវត្ត​ផ្ទាល់​ដោយ​តម្រូវឱ្យ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​លើ​បញ្ហា​បណ្តាញ​ខ្សែកាប​ទាំងនោះ​។ដោយឡែក​មន្ទីរ​អង្គ​ភាពជា​សមាជិក​ក្នុង​គណៈកម្មការ​ដែល​បាន​បង្កើត​រួចហើយ​ត្រូវ​សិក្សា​គម្រោង​ថ្មី​ដើម្បី​ឈានទៅ​កាត់​ទម្លាក់​ខ្សែកាប​និង​ការ​កប់​ចូលក្នុង​ដី​ថា​តើ​មាន​ផលប៉ះពាល់​ឬ​បញ្ហា​ប្រឈម​ត្រូវ​ដោះស្រាយ យ៉ាងណា​? ព្រោះ​មិនអាច​រុះរើ​ហើយ​ធ្វើ​ឡើងវិញ​នាំឱ្យ​ខាត​ពេលវេលា និង​ថវិការ​ជាតិ​បានឡើយ​។

​ជាគោលការណ៍​ផ្អែក​តាម​សេចក្ដីជូនដំណឹង​សម្រាប់​លម្អ​សោភ័ណភាព​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ការកែសម្រួល​ខ្សែកាប​ទូរគមនាគមន៍​ដែល​គ្មាន​របៀបរៀបរយ​ក្នុង​ក្រុង​កំពត​រដ្ឋបាលខេត្ត​នឹង​ចាប់ផ្ដើម​រៀបចំ​អនុវត្ត​ការកាត់ទ​ម្លា​ក់នូវ​បណ្ដាញ​ខ្សែកាប​តាម​កន្លែង​សំខាន់ៗ​និង​នៅ​បណ្ដា​ដងផ្លូវ​នានា​ជា​បន្តបន្ទាប់​ដោយ ចាប់ផ្តើម​ពី​ចុងខែ​មីនា ឆ្នាំ​២០១៩ នេះ​តទៅ​៕S/​