​បទបញ្ជា​ពី​ស្ថាប័ន​តុលាការ​ត្រូវ​តាម​ចាប់​ក្បួន​រថយន្ត​ដឹកឈើ​របស់​មន្ត្រី​យោធា​នៅ​ខេត្តក្រចេះ​

858
ចែករម្លែក

(​ក្រចេះ​)៖​ព្រះរាជអាជ្ញា​ខេត្តក្រចេះ​បាន​បញ្ជា​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​តាម​ចាប់​ក្បួន​រថយន្ត​ដែល​ដឹកឈើ​របស់​មន្ត្រី​យោធា​មួយចំនួន​យកមក​ចាត់ការ​តាមច្បាប់​ឲ្យ​ខាងតែបាន​។​នាពេល​ថ្មីៗ​នេះ​លោក​កែវ​សុជាតិ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ​បានចេញ​បញ្ជា​បែបនេះ​ក៏​ព្រោះ​តែមាន​មន្ត្រី​យោធា​មួយចំនួន​នៅក្នុង​ខេត្ត​នេះ​(​ក្រចេះ​)​រកស៊ី​ដឹកឈើ​ល្មើសច្បាប់​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្ត​ជាច្រើន​គ្រឿង​កំពុង​សម្រុក​ដឹកឈើ​ចេញពី​ទីតាំង​មួយកន្លែង​ក្នុង​ក្រុង​ក្រចេះ ដែល​គេ​ដឹងថា ជា​ឈើ​របស់លោក​ហួត​ប៊ុន​គីម​មន្ត្រី​យោធា​វរៈ​ព្រំដែន​គោក​លេខ​២០៤​។​ប្រភព​ដដែល​នេះ​បាន​រាយការណ៍​មក​ថា​រថយន្ត​ដឹកឈើ​របស់លោក​ហួត​ប៊ុន​គីម​កំពុង​ធ្វើ​ចរាចរណ៍​នៅក្នុង​ស្រុក​ស្នួល​ខេត្តក្រចេះ​ក្នុងទិសដៅ​ឆ្ពោះទៅកាន់​ព្រំដែន​វៀតណាម​ដោយ​មិនមាន​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ហ៊ាន​បង្ក្រាប​ឡើយ​។​

ប្រភព​ដដែល​បាន​អះអាង​ទៀតថា​យ៉ាងហោចណាស់​ឈើ​ប្រមាណ​៣០​ម៉ែត្រគូប​ត្រូវបាន​គេ​ដឹក​ចូល​និង​រក្សាទុក​នៅក្នុង​ទីតាំង​នោះ​ដើម្បី​ត្រៀម​ដឹក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​។​ដូច្នេះហើយ​ទើប​លោក​កែវ​សុជាតិ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ​បានចេញ​បញ្ជា​ឲ្យ​តាម​ចាប់​។​
ទាក់ទិន​បញ្ហា​ដឹកឈើ​ខុសច្បាប់​នេះ​ភ្នាក់ងារ​សារពត៌មាន​រស្មី​កម្ពុជា​ប្រចាំ​ខេត្តក្រចេះ​មិនទាន់បាន​ការបំភ្លឺ​ពី​លោក​ហួត​ប៊ុន​គីម​មន្ត្រី​យោធា​វរៈ​ព្រំដែន​គោក​២០៤​នៅឡើយ​ទេ​ដោយ​អត់​មាន​ប្រភព​ត្រូវ​ទាក់ទង​លោក​បាន​។​ប៉ុន្តែ​រស្មី​កម្ពុជា​រង់ចាំ​ទទួល​ការបញ្ជាក់​ពី​ម្ចាស់​សា​ម៉ី​លើ​មុខរបរ​ដឹកឈើ​ខុសច្បាប់​នេះ​ដើម្បី​ផ្សាយ​ជូន​បន្ត​នាពេល​ក្រោយ​៕S/​ដោយ​៖​ហូ​សាន់​

គំនរឈើដែលអ្នករកស៊ីខុសច្បាប់ដឹកយកទុកសម្រាប់ដឹកចេញ(រូប៖វ៉េបសាយ)