​បទពិសោធន៍​របស់​អ្នក​រស់រាន​ជីវិត បានធ្វើ​ឲ្យ​សិស្សានុសិស្ស និង​យុវជន​កាន់តែ​យល់ដឹង​ច្រើន​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​

412
ចែករម្លែក

ដោយ​: ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត
​ភ្នំពេញ​:
ខេត្តបាត់ដំបង ស្ថិតនៅ​ភាគ​ពាយ័ព្យ នៃ​ប្រទេស​កម្ពុជា គឺជា​ទីកន្លែង​ចុងក្រោយ នៃ​ការសម្តែង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» នៅក្នុង​ឆ្នាំ​២០១៩ បន្ទាប់ពី​បានធ្វើការ​សម្តែង​នៅតាម​បណ្តា​ខេត្ត​ផ្សេង​រយៈពេល​១០​ឆ្នាំកន្លងមក​។​

​ល្ខោននិយាយ ទម្លាយ​ភាព​ស្ងៀ​ន​ស្ងាត់ រៀបរាប់​ពី​ជីវិត​ពិត​របស់​ប្រជាជន​កម្ពុជា​ក្នុង​របប​ខ្មែរក្រហម ហើយក៏​វេទិកា​ពិភាក្សា​រវាង​ជនរងគ្រោះ និង​ជនដៃដល់ និង​ដំណើរការ​ផ្សះផ្សា​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​។ ក្រៅពី​ការសម្តែង​ល្ខោន​នេះ ជា​រៀងរាល់ខែ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានរៀបចំ​វេទិកា ថ្នាក់រៀន «​ស្ដីអំពី​អំពើ​ប្រល័យពូជសាសន៍​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​» ដល់​សិស្សានុសិស្ស​តាម​បណ្ដា​វិទ្យាល័យ​នានា​ប្រមាណ​ជាង​៣០០​កន្លែង នៅ​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​។ ទោះបីជា​របប​ខ្មែរក្រហម​បាន​ដួលរលំ​ទៅហើយ​ក្ដី យ៉ាងហោចណាស់​នៅមាន​ប្រជាជន​កម្ពុជា​ដែល​នៅ​រស់រានមានជីវិត​ប្រមាណ​ប្រាំ​លាន​នាក់​រៀបរាប់​ប្រាប់​កូនចៅ​របស់គាត់​អំពី​បទពិសោធន៍​ដែល​បាន​ឆ្លងកាត់​របប​ខ្មែរក្រហម​។ ហេតុការណ៍​រន្ធត់​នៅក្នុង​របប​ខ្មែរក្រហម ប្រៀបដូចជា​សុ​បិ​ន្ត​អាក្រក់ និង​បាន​ជះឥទ្ធិពល​ដល់​អ្នក​រស់​រាន​មានជីវិត​ក្រោយពី​របប​ខ្មែរក្រហម​។​

​ប្រជាជន​កម្ពុជា​ដែលមាន​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើងទៅ​ភាគច្រើន​កើត​នូវ​ជំងឺ​បាក់ស្បាត​ដែល​បណ្តាលមកពី​ភាពរន្ធត់ ភ័យខ្លាច ទារុណកម្ម ការបង្ខិតបង្ខំ​ដែល​បាន​ជួបប្រទះ​ក្នុង​របប​ខ្មែរក្រហម​។ ជំងឺ​បាក់ស្បាត​នេះ​បាន​បន្ត​ដល់​កូនចៅ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​មនុស្ស​ជំនាន់​ក្រោយ​។ ទោះបី​ជំងឺ​បាក់ស្បាត​ជះឥទ្ធិពល​អវិជ្ជមាន និង​ដែល​កើតឡើង​ចំពោះ​ជនរងគ្រោះ​រយៈពេល​ប្រមាណ​៤០​ឆ្នាំ​កន្លងមកហើយ ក៏​ជំងឺ​នេះ​ក៏មាន​ភាព​វិជ្ជមាន​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ក្នុងការ​ត្រិះរិះ​ពិចារណា​ថា មូលហេតុ​បានជា​ជំងឺ​នេះ​កើតឡើង​ចំពោះ​ឪពុកម្តាយ​របស់ខ្លួន និង​ត្រូវ​ដោះស្រាយ​ជាមួយ​ជំងឺ​នេះ​យ៉ាងណា​។

​យើង​សង្កេតឃើញថា ការសម្ដែង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» លើកដំបូង​កាលពី​ឆ្នាំ​២០០៨ មាន​ភាពខុសគ្នា​ជាមួយ​ពេលបច្ចុប្បន្ន គឺ​លើកដំបូង​អ្នក​ដែល​ចូលរួម​ទស្សនា​ល្ខោន​នេះ​ភាគច្រើន​គឺ​ជនរងគ្រោះ និង​ឆ្លងកាត់​របប​ខ្មែរក្រហម​។ បន្ទាប់ពី​ទស្សនាការ​សម្ដែង​ល្ខោន​នេះ​រួចមក អ្នក​ទាំងនោះ​តែង​ងើបឈរ​ដើម្បី​ចែករំលែក​ភាពឈឺចាប់ សោកសង្រេង​របស់ខ្លួន​ទៅកាន់​អ្នកចូលរួម​។

១០​ឆ្នាំ​ក្រោយមក អ្នក​មក​ទស្សនា​ល្ខោននិយាយ​នេះ ភាគច្រើន​គឺជា​យុវជន សិស្ស និង និស្សិត​។ ផ្ទុយ​ពី​ការរៀបរាប់​រឿងរ៉ាវ​សោកសង្រេង និង​រន្ធត់ សិស្សានុសិស្ស និង​យុវជន​ទាំងនេះ​បាន​ខិតខំ​ស្វែងយល់ និង​លើក​ជា​សំណួរ​ទាក់ទង​នឹង​រឿងរ៉ាវ​ជាច្រើន​បាន​កើតឡើង​ចំពោះ​ប្រជាជន​កម្ពុជា និង​សាច់ញាតិ​របស់ខ្លួន​។ សិស្សានុសិស្ស និង​យុវជន​ទាំងនេះ បាន​ជជែក​វែកញែក​ឡើងវិញ​ពី​រឿងរ៉ាវ​ក្នុង​របប​ខ្មែរក្រហម​។ មាន​យុវជន​ខ្លះ បាន​យក​ភាពលំបាក​របស់​ប្រជាជន​កម្ពុជា​ដែល​បាន​ឆ្លងកាត់​របប​ខ្មែរក្រហម​ធ្វើជា​គំរូ​ក្នុងការ​ប្រឈម​ជាមួយ​ឧបសគ្គ​ដែល​ខ្លួន​បាន​ប្រឈម​។

​ម៉ៃ ណែ​ត អាយុ​២២​ឆ្នាំ គឺជា​គរុ​សិស្ស ដែលមាន​ស្រុកកំណើត​នៅក្នុង ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​ថា យាយ​របស់គាត់​ដែលមាន​អាយុ​៧៨​ឆ្នាំ តែងតែ​និយាយ​អប់រំ​គាត់​និង​ចៅៗ​ផ្សេងទៀត​ឲ្យ​ចេះ​សន្សំសំចៃ នៅពេល​មាន​ហូបចុក​គ្រប់គ្រាន់ និង​រស់នៅ​ស្រួល ខុសពី​សម័យ​ខ្មែរក្រហម​ដែល​ប្រជាជន​ជួប​ការលំបាក​។ បន្ទាប់ពី​ស្តាប់​ការរៀបរាប់​របស់​យាយ​រួចមក ណែ​ត បាន​យល់ថា រឿងរ៉ាវ​យាយ​របស់គាត់​ដែល​រស់នៅ​លំបាក ដូច​ទៅនឹង​រឿងរ៉ាវ​របស់​ប្រជាជន​កម្ពុជា​ដែល​បាន​រស់រានមានជីវិត​ផ្សេងទៀត​។​

​គរុ​សិស្ស​ឈ្មោះ ស៊ី​ប ឌី​ណា មាន​អាយុ​២០​ឆ្នាំ មាន​ស្រុកកំណើត ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​រៀបរាប់ថា តា និង​លោកយាយ​ក៏បាន​ឆ្លងកាត់​របប​ខ្មែរក្រហម​ដែរ​។ ប៉ុន្តែ តា​និង​យាយ​របស់គាត់​ធ្លាប់បាន​និយាយ​តិចតួច​អំពី​បទពិសោធន៍​រស់នៅ​ក្នុង​របប​ខ្មែរក្រហម ព្រោះ​គាត់​គិតថា​របប​ខ្មែរក្រហម​មានតែ​ការចងចាំ​ដែល​មិនល្អ ហើយក៏​មិន​ចង់​ឲ្យ​ចៅ​របស់គាត់​គិតពី​អតីតកាល​ដែរ​។ ទោះបីយ៉ាងណា​នៅពេលណា​ដែល​គាត់​អប់រំ​ចៅៗ គាត់​តែងតែ​លើក​អំពី​បទពិសោធន៍​លំបាក​ដែល​គាត់​បាន​ឆ្លងកាត់​ក្នុង​របប​ខ្មែរក្រហម​ប្រាប់​ទៅ​ចៅៗ​។ ខ្ញុំ​នៅចាំ​ការរៀបរាប់​របស់​តា​ប្រាប់​ខ្ញុំ​ថា កាលនោះ ប្រហែលជា​នៅ​ឆ្នាំ​១៩៧៣ មានការ​ទម្លាក់​គ្រាប់បែក​យ៉ាងច្រើន​។ ពេលនោះ​យាយ​បាន​ពរ​ឪពុក​របស់ខ្ញុំ ដែលមាន​អាយុ​បាន​២​ឆ្នាំ ចំណែក​តា​ដឹក​ដៃ​កូន​បង និង​កាន់​របស់របរ​ប្រើប្រាស់​ដើរកាត់​ជ្រលង​ភ្នំ​។ ពេលដែល​ខ្ញុំ​គិត​ទៅដល់​អំពី​ភាពលំបាក​របស់​យាយ​តា ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​អាណិត​គាត់ និង​មាន​កំហុស​ដែល​មិន​អាចជួយ​គាត់​បាន​។ តាមរយៈ​បទពិសោធន៍​របស់​យាយ​តា បានធ្វើ​ឲ្យ​ខ្ញុំ​គោរព​គាត់​យ៉ាងខ្លាំង​។ រឿងរ៉ាវ​របស់​យាយ​តា​ខ្ញុំ គឺ​មេរៀន​ដើម្បី​ប្រឈម​ជាមួយ​បញ្ហា​ដែល​ខ្ញុំ​ត្រូវ​ដោះស្រាយ​។

​រ៉ុ​ក សីលា មាន​អាយុ​២០​ឆ្នាំ មាន​ស្រុ​កំណើត​នៅ ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប បាន​រៀបរាប់ថា នៅពេល​ទំនេរ​ពី​ការងារ​ឪពុកម្ដាយ ខ្ញុំ​តែង​និយាយ​អំពី​បទពិសោធន៍​នៅក្នុង​របប​ខ្មែរក្រហម​ប្រាប់​ខ្ញុំ​។ ក្រោយពី​បាន​ស្ដាប់​ឪពុកម្ដាយ​និយាយប្រាប់ និង​បាន​យល់​ពី​ភាពឈឺចាប់​របស់គាត់ ក៏បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខិតខំ​រៀនសូត្រ​ដែរ​។ នៅពេលដែល​យុវជន និង​ក្មេងៗ​ជំនាន់​ក្រោយ​បាន​សិក្សា​ស្វែងយល់​ពី​ភាពឈឺចាប់​ទុក្ខវេទនា បទ​ពិ​សោ​ធ៍រ​បស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​តាមរយៈ​ការរៀបរាប់​របស់​ក្រុមគ្រួសារ ការ​ទស្សនា​ល្ខោននិយាយ ទម្លាយ​ភាព​ស្ងៀម​ស្ងា​ត និង​វេទិកា​ថ្នាក់រៀន «​ស្ដីអំពី​អំពើ​ប្រល័យពូជសាសន៍​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​» ធ្វើ​ឲ្យ​យុវជន​ទាំងនេះ​កាន់តែ​រឹងមាំ​ថែមទៀត​៕ ល​