​បទល្មើស​នេសាទ​ត្រូវ​ចាប់បញ្ជូន​មនុស្ស​រាប់រយ​នាក់​ទៅ​តុលាការ​

440
ចែករម្លែក
  • 19
    Shares

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​មន្ត្រី​ជំនាញ​ជលផល​ខេត្តស្ទឹងត្រែង​យល់ឃើញថា​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ឆក់​កើនឡើង​ក្នុង​ឆ្នាំ​២០១៩​នេះ​។​ការរកឃើញ​នេះ​គឺជា​ក្តីបារម្ភ​មួយ​នឹង​អាច​ប៉ះពាល់​ដល់​អ្នកជំនាន់ក្រោយ​បើសិនជា​គ្មាន​ការចូលរួម​ពី​ស្ថាប័ន​សមត្ថកិច្ច​រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា​ទេនោះ​។​

លោក​ទុំ​នី​រ៉ូ​នាយ​ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង​បានលើកឡើង​ថា​ខេត្ត​មួយ​នេះ​មាន​ដង​ទន្លេ​ចំនួន​៤​គឺ​ទន្លេមេគង្គ​,​ទន្លេសេកុង​,​ទន្លេសេសាន​,​និង​ទន្លេស្រែពក​។​បច្ចុប្បន្ន​បទល្មើស​នេសាទ​ត្រី​ខុសច្បាប់​ប្រើ​ឧបករណ៍​ឆក់​កើតមាន​គ្រប់​ទីកន្លែង​។

​រីឯ​មន្ត្រី​ជំនាញ​មាន​ចំនួន​តិច​មិនអាច​គ្រប់គ្រង​ដល់​អ្នកប្រព្រឹត្ត​បទល្មើស​បាន​គ្រប់​ជ្រុងជ្រោយ​ឡើយ​។​លើសពីនេះ​គឺមាន​តែ​ស្នើសុំ​កម្លាំង​ជំនួយ ពី​សមត្ថកិច្ច​ពាក់ព័ន្ធ មក​ចូលរួម​បង្ក្រាប​បទល្មើស ដើម្បី​កាត់បន្ថយ​ការនេសាទ​ខុសច្បាប់​រក្សា​ត្រី​គង់វង្ស​។​

​លោកនាយ​ខណ្ឌ​ជលផល​បាន​បន្តថា​ជលផល​បានដាក់​ចេញ​គោលការណ៍​ចំនួន​៤​ចំណុច​ចាប់ផ្តើម​អនុវត្ត​ជា​បណ្តើៗ​ហើយ​។​ក្នុងនោះ​រួមមាន​៖​ទី​១.​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​។​ទី​២.​យុទ្ធនាការ​ប្រមូល​ឧបករណ៍​ល្មើសច្បាប់​ដោយ​ស្ម័ក្រចិត្ត​។​

ទី​៣.​កោះហៅ​មុខសញ្ញា​មក​ប្រជុំ​នៅតាម​សាលាឃុំ​ឬ​សហគមន៍​ដើម្បី​ណែនាំ​ឱ្យ​ពួកគាត់​ប​ឈ្ឈ​ប់​និង​ប្រគល់​ឧបករណ៍​ល្មើស​ដោយ​ស្ម័ក្រចិត្ត​។​ទី​៤.​តុលា​ការចេញ​ដីកា​កោះហៅ​ឬ​ចាប់ខ្លួន​។​យុទ្ធសាស្ត្រ​ទាំង​បួន​ចំណុច​ខាងលើ​បាន​ប្រើ​ពីមួយ​ចំណុច​ទៅមួយ​ចំណុច​ទាំង​រឹង​និង​ទន់​គឺ​ចាប់ផ្តើម​អនុវត្ត​បន្តិច​ម្តងៗ​។​

តែ​ផ្ទុយទៅវិញ​វិសាលភាព​នៃ​បទល្មើស​នៅតែ​កើនឡើង​គួរឱ្យ​បារម្ភ​។​មន្ត្រី​ជំនាញ​នឹង​ប្រើ​ជម្រើស​ចុងក្រោយ​គឺ​មានតែ​ប្រើ​យុទ្ធសាស្ត្រ​ស្នើសុំ​ដីកា​ពី​តុលាការ​ដើម្បី​ចាប់ខ្លួន​អ្នកប្រព្រឹត្ត​បទល្មើស​ឆក់​ត្រី​ខុសច្បាប់​បញ្ជូនទៅ​តុលាការ​។​

​ប្រភព​ដដែល​បានឱ្យដឹងថា​មុខសញ្ញា​ជន​ប្រព្រឹត្ត​បទល្មើស​ឆក់​ត្រី​នៅតាម​សហគមន៍​ក្តាប់បាន​អស់ហើយ មាន​ចំនួន​រហូតដល់​ទៅ​រាប់រយ​នាក់ ជាពិសេស​អ្នករស់នៅ​តាម​ដង​ទន្លេមេគង្គ​។​ពួកគេ​ទាំងនោះ អាច​នឹងត្រូវ​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​បើសិនជា​មិន​ព្រម​បញ្ឈប់​ទង្វើ​ខុសច្បាប់​និង​ប្រគល់​ឧបករណ៍​មកឱ្យ​សមត្ថកិច្ច​និង​ជំនាញ​។​

ដោយសារតែ​ធនធាន​ត្រី​នេះ​គឺជា​របស់​យើងទាំងអស់គ្នា​បើ​បងប្អូន​បំផ្លាញ​វា​ដូចជា​បំផ្លាញ​ខ្លួនឯង​រាលដាល​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​បើ​មិន​ចូលរួម​ទប់ស្កាត់​បទល្មើស​ថែ​រក្ស​ត្រី​ឱ្យបាន​គង់វង្ស​។​បើ​រលាយ​កុំ​បន្ទោស​អ្នកណា​ឱ្យសោះ​។​ជលផល​សូម​អំពាវនាវ​ដោយ​ទទូច​ដល់​អាជ្ញាធរ​នៅ​មូលដ្ឋាន​ដែលជា​ម្ចាស់​ធនធាន​ខ្លួនឯង​រួមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​សហគមន៍​រួមគ្នា​សហការ​ដោយមាន​ការទទួលខុសត្រូវ​ខ្ពស់​។​

​សូមបញ្ជាក់​ផងដែរ​ថា​របាយការណ៍​ប្រចាំឆ្នាំ​២០១៨​ស្ថិតិ​ផល​ចាប់​ត្រី​ទូទាំង​ខេត្តស្ទឹងត្រែង​ប៉ាន់ប្រមាណ​មាន​ចំនួន​៦.៤៦៧​តោន​ដែលជា​ផល​ចាប់​ជា​លក្ខណៈ​គ្រួសារ​។​ក្រៅពីនេះ​កម្លាំង​ជំនាញ​សហការ​ជាមួយ​សមត្ថកិច្ច​ចាប់បាន​ទូក​និង​រឹបអូស​បាន​នូវ​ឧបករណ៍​ឆក់​សម្ភារៈ​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ព្រមទាំង​បាន​ដុតបំផ្លាញ​ចោល​។​ក្នុងនោះ​ជនល្មើស​ចំនួន​៦​នាក់​ត្រូវបាន​បញ្ជូនទៅ​តុលាការ​និង​ដាក់​ក្នុង​ពន្ធនាគារ​កាលពី​ឆ្នាំ​២០១៨៕S/

​ ​ ​(​រូបភាពៈ​ចាប់​ជនល្មើស​និង​ការចុះ​អប់រំ​ផ្សព្វផ្សាយ​បទល្មើស​នេសាទ​)