​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី​មាន​សភាព​ស្ងប់ស្ងាត់​

360
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​នៅក្នុង​ខេត្តមណ្ឌលគិរី បាន​ស្ថិតនៅក្នុង​សភាព​ស្ងប់ស្ងាត់​។​នៅ​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​គ្រា​ដែល​ការប្រតិបត្តិ​ការស្វែងរក​បទល្មើស​នានា​និង​ការបង្ក្រាប​ដោយ​កងកម្លាំង​មាន​សមត្ថកិច្ច​បានធ្វើ​ឡើង​ជាប់​ជាប្រចាំ​នៅ​ទូទាំងប្រទេស ជាពិសេស ភូមិសាស្ត្រ​ភាគ​ឦ​សាន្ត​ប្រទេស​។

​នៅក្នុង​ខេត្តមណ្ឌលគិរី​ករណី​បទល្មើស​ព្រៃឈើ​ចុងក្រោយ​មួយទៀត​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២១​កក្កដា​ម្សិលមិញ​នៅ​ចំណុច​ភូមិ​អូរ​អាម​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​។​រថយន្ត​ដឹកឈើ​មួយគ្រឿង​ត្រូវ​សមត្ថកិច្ច​រឹបអូស​បាន​និង​ដុត​កម្ទេចចោល​នៅនឹងកន្លែង​។​

លោក​ប៉ៃលិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា​បានឱ្យដឹងថា​កាលពី​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៩​ចំណុចUT០៧០៧៧៨៦,១៣៣៥១៣៩​ស្ថិតនៅ​តំបន់​០៤,​ហៅ​ង៉ាំ​យូ​លិ​ត​ភូមិ​អូរ​អាម​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​។​

​កម្លាំងចម្រុះ​សហការគ្នា​មានដូចជា​ប៉េអឹម​ស្រុក​និង​ស្នាក់ការ​៧៦១,​នគរបាល​ព្រំដែន​៦២១,​នគរបាល​ស្រុក​,​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​សរុប​ចំនួន​១២​នាក់​បាន​ស្ទាក់​ចាប់បាន​រថយន្ត​០១​គ្រឿង​ម៉ាក​តូ​យូ​តា​មួយ​បាំង​កន្លះ​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​ដឹកឈើ​ប្រណីត​(​បេង​)​ចំនួន​៤៣​ដុំ​ដែល​បម្រុង​លួច​ឆ្លងដែន​។​

​លោក​មេបញ្ជាការ​បា​នប​ន្ត​ថា​វត្ថុតាង​ត្រូវ​ប​ញ្ជួ​ន​ទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា​។​ដោយឡែក​រថយន្ត​ជា​មធ្យោបាយ​ត្រូវបាន​យក​ដុតចោល​នៅ​ទីតាំង​ដែល​បង្ក្រាប​នា​ល្ងាច​ថ្ងៃ​ដដែល​។​ចំពោះ​អ្នកបើកបរ ពុំបាន​ឃើញ​នៅ​ជាមួយ​រថយន្ត​ល្មើស​នោះទេ​។

​បើតាម​អ្នកនាំពាក្យ​នៃ​គណកម្មការ​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​លោក​ឧ​ត្ត​ម​សេនីយ​អេង​ហ៊ី​បានឱ្យដឹងថា​ក្នុង​រយៈពេល​១​ថ្ងៃ​ពេញ​ថ្ងៃទី​២១​កក្កដា​ចុង​សប្តាហ៍​មកនេះ​ក្រុម​សមត្ថកិច្ច​ជំនាញ បាន​បង្ក្រាប​បទល្មើស​ចំនួន​៧​ករណី​នៅ​ទូទាំងប្រទេស​។ ក្នុងនោះ មាន ខេត្តព្រះវិហារ​៣​ករណី ខេត្តរតនគិរី​២​ករណី ខេត្តមណ្ឌលគិរី​១​ករណី និង​ខេត្តក្រចេះ​១​ករណី​។​

​សូមជម្រាបថា​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។

​បានប្រកាស​ដាក់​ជីវិត​របស់ខ្លួន​ជាមួយនឹង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ប្រទេស​នា​ដំណាក់កាល​ចុងក្រោយ​នេះ​ឱ្យខាងតែបាន​។​ដើម្បី​ទុក​ជូន​ក្មេងជំនាន់ក្រោយ​និង​បានដាក់​បទបញ្ជា​ដក​គ្រវាត់ចោល​លើ​មន្ដ្រី​អាវុធហត្ថ​ទាំងឡាយណា​ទោះ​មានបុណ្យ​ស័ក្ដិ​ខ្ពស់​ប៉ុណ្ណា បើសិន​រកឃើញ​នៅជាប់​ពាក់ព័ន្ធ​បទល្មើស​ជាមួយ​ក្រុម​ឈ្មួញ​៕S/